ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដោយឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត និងតំណាងនាយកដ្ឋានប្រែប្រួលអាកាសធាតុ បានជួបប្រជុំទ្វេភាគីជាមួយក្រុមបេសកម្មរបស់ទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍(AFD) ដែលដឹកនាំដោយលោក Emmanuel DOLLFUS, នាយករង AFD ប្រចាំនៅកម្ពុជា និងលោក Amaury MULLIEZ, នាយករងផ្នែកសេដ្ឋកិច្ច នៃAFD ប្រចាំនៅទីស្នាក់កណ្តាលទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីការវាយតម្លៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងការវាយតម្លៃហានិភ័យអាកាសធាតុ និងផលវិបាកម៉ាក្រូសេដ្ឋកិច្ច។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមទិន ពន្លក បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងបានជម្រាបពីកិច្ចការងារចម្បងដែលក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់ ដូចជាការងារអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ការគ្រប់គ្រងសំណល់ ការលើកកម្ពស់ជីវភាពសហគមន៍ និងជាពិសេសការងារប្រែប្រួលអាកាសធាតុ ។

ឯកឧត្តមបានជម្រាបជូនពីគោលនយោបាយ និងផែនការយុទ្ធសាស្ត្រមួយចំនួនដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដូចជា CCSP(2014-2023) យុទ្ធសាស្ត្ររយៈពេលវែង(LTS4CN) NDC ដោយផ្តោតសំខាន់លើការកាត់បន្ថយការបញ្ចេញឧស្ម័ន និងការបន្សុំា ហើយដើម្បីអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រទាំងនេះ កម្ពុជាត្រូវការហិរញ្ញប្បទានប្រមាណ៥០០លានដុល្លារ រហូតដល់ជិត២ ពាន់លានដុល្លារក្នុងមួយឆ្នំា នៅឆ្នំា២០៥០។ ជាមួយគ្នានេះ កម្ពុជាបានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីជំរុញសកម្មភាពអាកាសធាតុនៅកម្ពុជា។

ឯកឧត្តមបានសង្កត់ធ្ងន់អំពីតួនាទីសំខាន់នៃវិស័យឯកជនក្នុងការវិនិយោគលើគម្រោងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាបរិស្ថាន/បៃតង នៅក្នុងវិស័យសំខាន់នៃសេដ្ឋកិច្ចជាតិ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ក្នុងន័យនេះ ឯកឧត្តមបានស្នើឱ្យភាគីបារាំង ពិចារណាអំពីការបង្កើនហិរញ្ញប្បទានបៃតង/ហិរញ្ញប្បទានអាកាសធាតុ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី។




  • Share on Social Media