ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការគ្រប់គ្រងឧទ្យានជាតិ និងការប្រែប្រួលអាកាសធាតុ» នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ក្រុងបូកគោ ខេត្តកំពត។

ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា សិក្ខាសាលាដែលរៀបចំឡើងនៅថ្ងៃនេះ បានផ្តល់ឱ្យកាសឱ្យក្រសួងបរិស្ថានបានរាយការណ៍ និងធ្វើបច្ចុប្បន្នភាពជូនគណៈកម្មាធិការទី៣ អំពីវឌ្ឍភាពនៃការងារការពារបរិស្ថាន និងការគ្រប់គ្រងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់សកលលោកក្នុងការដោះស្រាយបញ្ហាប្រឈមធំៗក្នុងវិស័យបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម បានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា វិស័យបរិស្ថានបាននិងកំពុងវិវត្តជាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយសារកត្តាសំខាន់ៗមួយចំនួនរួមមាន៖ និន្នាការវិវឌ្ឍន៍របស់មនុស្សលោក និងការទទួលខុសត្រូវរួម បានឈានទៅដល់ការអនុម័តអនុសញ្ញារីយ៉ូសំខាន់៣។ សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចខ្ពស់។ ការឆ្លងកាត់នូវឧបសគ្គដ៏ធំនៃវិបត្តិជំងឺកូវីដ-១៩ ដែលកម្ពុជាអាចគ្រប់គ្រងលំនឹងសង្គម សេដ្ឋកិច្ចល្អប្រសើរ។ កិច្ចខិតខំប្រឹងប្រែង ការលះបង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់មន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន។

ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងទៀតថា ផ្អែកលើកត្តាសំខាន់ៗទាំងនេះ ក្រសួងបរិស្ថានបាននិងកំពុងខិតខំជំរុញការអនុវត្តបេសកកម្មរបស់ខ្លួនដែលបានរួមចំណែកពង្រឹងនិងពង្រីកសមិទ្ធផលសង្គម សេដ្ឋកិច្ច វប្បធម៌ សន្តិសុខនយោបាយ និងវិស័យបរិស្ថានកម្ពុជា រួមមាន៖ ទី១)ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយទៅជារដ្ឋបាលទំនើប ២)គោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ទី៣)ការគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ ទី៤)រៀបចំគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្ត និងគំនិតផ្តួចផ្តើមនានាលើវិស័យបរិស្ថានបានល្អប្រសើរ ៥)ការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គម ទី៦)ប្រើប្រាស់ការទូតបរិស្ថាន និងទី៧)បញ្ហាសន្តិសុខនយោបាយពាក់ព័ន្ធនឹងវិស័យបរិស្ថាន។

គួរឱ្យដឹងថា អង្គសិក្ខាសាលាក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភា ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងនៃក្រសួងរបរិស្ថាន លោកជំទាវអភិបាលក្រុងបូកគោ ប្រធានមន្ទីរបរិស្ថានខេត្ត និងលោក លោកស្រី ជាសិក្ខាកាមជាច្រើនរូបទៀត៕

ប្រភព៖​ https://www.moe.gov.kh/index/38119










  • Share on Social Media