នាថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តសៀមរាប វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ តាមរយៈនាយកដ្ឋនាសេដ្ឋកិច្ចបៃតង និងសហការជាមួយអង្គការ NTFP-EP និងអង្គការ RECOFTC ក្រោមអធិបតីភាព ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ដោយមានការចូលរួមពីមន្រ្តីជំនាញអញ្ជើញមកពីក្រសួងពាក់ព័ន្ធរួមមាន៖ ក្រសួងទេសចរណ៍ ក្រសួងរ៉ែនិងថាមពល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងផែនការ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន មន្ទីរបរិស្ថានខេត្តសៀមរាប និងអង្គការមិនមែនរដ្ឋាភិបាល សរុបមានចំនួន ៣០រូប (ស្រី ០៣រូប)។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ក្នុងគោលបំណងដើម្បី៖ (១) ពង្រឹងសមត្ថភាពអ្នកចូលរួមដែលចង់ក្លាយជាគ្រូបណ្ដុះបណ្ដាល ឬជាគ្រូដែលមានសក្ដានុពល ក្នុងការបណ្ដុះបណ្ដាលអ្នកផ្សេងទៀត ដែលមាន ឬពុំទាន់មានបទពិសោធពាក់ព័ន្ធនឹងប្រធានបទ ទស្សនទាន វិធីសាស្ត្រ ដំណើរការ និងការអនុវត្ត ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រក្នុងវិស័យពាក់ព័ន្ធ និង (២) ចងក្រងជាក្រុមគ្រូបង្គោលថ្នាក់ជាតិសម្រាប់ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។
វគ្គបណ្ដុះបណ្ដាលនេះបានផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ (១) សេចក្តីផ្តើមពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត (SEA) ដោយគ្របដណ្តប់លើទស្សនទាន SEA គោលបំណង SEA ភាពខុសគ្នារវាយSEAទៅនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) វិធីសាស្រ្ត និងដំណើរការ SEA ក្របខណ្ឌច្បាប់និងគោលនយោបាយ SEA (២) ការចុះទស្សនកិច្ចសិក្សាទីវាលនៅសង្កាត់ចុងឃ្នៀស ដើម្បីកំណត់រកបញ្ហាបរិស្ថានចម្បងៗ និងធ្វើមារឆ្លុះបញ្ចាំងទៅនឹងទ្រឹស្តី SEA ដែលបានសិក្សា និង (៣)បង្កើនសមត្ថភាពជំនាញ និងតួនាទីអ្នកសម្របសម្រួល និងជំនាញគ្រូបណ្តុះបណ្តាលសម្រាប់ ការបង្រៀនSEA ដោយបានដឹកនាំបង្រៀនផ្ទាល់ដោយឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត។