នាថ្ងៃអង្គារ ១៣រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ដោយចីរភាព (អ.ក.អ.ច.) បានរៀបចំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើ​សេចក្តី​ព្រាង​គោលការណ៍ណែនាំ ស្តីពីការិយាល័យ និងព្រឹត្តិការណ៍បៃតង ក្រោមការដឹកនាំរបស់ ឯកឧត្តម ឯ វុឌ្ឍី អគ្គលេខាធិការរង នៃ អ.ក.អ.ច. ដែល​មានការចូលរួម​ពី​តំណាង​នាយកដ្ឋាន​រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នាយកដ្ឋានជីវចម្រុះ នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បី៖ (១) ប្រមូលយកយោបល់កែលម្អ និងឆ្លុះបញ្ចាំងពីសកម្មភាព និងប្រតិបត្តិការប្រចាំថ្ងៃ និង (២) លើកកម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់នៃ​បរិស្ថានបៃតង​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ​ ទាំង​នៅកន្លែង​ធ្វើការ គេហដ្ឋាន និងទីសាធារណៈ។

កិច្ចប្រជុំនេះទទួលបានលទ្ធផលសំខាន់ៗមួយចំនួនដូចតទៅ៖ (១) ទទួលបានយោបល់កែលម្អ​មួយ​ចំនួន​សម្រាប់ការកែសម្រួលខ្លឹមសារ ពាក្យពេចន៍ និងទិដ្ឋភាពបច្ចេកទេសដោយបន្ស៊ីជាមួយបរិបទជាក់ស្តែងរបស់កម្ពុជា និង​មាន​ភាពបត់បែនបាន  (២) ពិនិត្យឡើងវិញនូវលំដាប់លំដោយ ទម្រង់ បែបបទ​នៃ​គោលការណ៍​ណែនាំ​ខាង​លើ​នេះ​ឱ្យ​មានភាពងាយស្រួលសម្រាប់អ្នកអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត និងលើកទឹកចិត្តឱ្យមានការអនុវត្ត (៣) ចំណងជើងគោលការណ៍ណែនាំនេះគួរតែត្រូវបន្ថែមយន្តការវាយតម្លៃ និង(៤) ពិនិត្យឡើងវិញនូវតារាងវាយតម្លៃ (ដាក់ពិន្ទុ) ដើម្បីឱ្យកាន់តែមានសុក្រិតភាព។

សម្រាប់សកម្មភាពបន្ទាប់ នាយកដ្ឋានសេដ្ឋកិច្ចបៃតងនឹងធ្វើការកែសម្រួលតាមយោបល់ និង​ធាតុចូល​ដែល​ទទួល​បាន​ពី​កិច្ចប្រជុំ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ និងត្រៀមយកគោលការណ៍ណែនាំនេះ ដើម្បីពិភាក្សា និង​ប្រមូល​ធាតុ​ចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស នៅពេលខាងមុខ៕

  • Share on Social Media