នាថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព (អ.ក.អ.ច.) បានរៀបចំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការិយាល័យ និងព្រឹត្តិការណ៍បៃតង ក្រោមការដឹកនាំរបស់ ឯកឧត្តម ឯ វុឌ្ឍី អគ្គលេខាធិការរង នៃ អ.ក.អ.ច. ដែលមានការចូលរួមពីតំណាងនាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នាយកដ្ឋានជីវចម្រុះ នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បី៖ (១) ប្រមូលយកយោបល់កែលម្អ និងឆ្លុះបញ្ចាំងពីសកម្មភាព និងប្រតិបត្តិការប្រចាំថ្ងៃ និង (២) លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថានបៃតងក្នុងការរស់នៅប្រចាំថ្ងៃ ទាំងនៅកន្លែងធ្វើការ គេហដ្ឋាន និងទីសាធារណៈ។
កិច្ចប្រជុំនេះទទួលបានលទ្ធផលសំខាន់ៗមួយចំនួនដូចតទៅ៖ (១) ទទួលបានយោបល់កែលម្អមួយចំនួនសម្រាប់ការកែសម្រួលខ្លឹមសារ ពាក្យពេចន៍ និងទិដ្ឋភាពបច្ចេកទេសដោយបន្ស៊ីជាមួយបរិបទជាក់ស្តែងរបស់កម្ពុជា និងមានភាពបត់បែនបាន (២) ពិនិត្យឡើងវិញនូវលំដាប់លំដោយ ទម្រង់ បែបបទនៃគោលការណ៍ណែនាំខាងលើនេះឱ្យមានភាពងាយស្រួលសម្រាប់អ្នកអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត និងលើកទឹកចិត្តឱ្យមានការអនុវត្ត (៣) ចំណងជើងគោលការណ៍ណែនាំនេះគួរតែត្រូវបន្ថែមយន្តការវាយតម្លៃ និង(៤) ពិនិត្យឡើងវិញនូវតារាងវាយតម្លៃ (ដាក់ពិន្ទុ) ដើម្បីឱ្យកាន់តែមានសុក្រិតភាព។
សម្រាប់សកម្មភាពបន្ទាប់ នាយកដ្ឋានសេដ្ឋកិច្ចបៃតងនឹងធ្វើការកែសម្រួលតាមយោបល់ និងធាតុចូលដែលទទួលបានពីកិច្ចប្រជុំ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ និងត្រៀមយកគោលការណ៍ណែនាំនេះ ដើម្បីពិភាក្សា និងប្រមូលធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស នៅពេលខាងមុខ៕