នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ Hyatt Regency Phnom Penh កិច្ចប្រជុំលើកទី២នៃក្រុមការងារបច្ចេកទេសរៀបចំគោលការណ៍ ណែនាំ និងវិញ្ញាបនបត្រកម្ម អគារបៃតងនៅកម្ពុជា បានដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ដោយមានការចូលរួមពីសមាជិកក្រុមការងារដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រុមការងារនាយកដ្ឋានសេដ្ឋកិច្ចបៃតង សរុបចំនួន២៨រូប ព្រមទាំងមានការចូលរួមពីអ្នកជំនាញការអន្តរជាតិ និងតំណាងវិទ្យាស្ថានមេគង្គដែលជាស្ថាប័នសម្របសម្រួលមូលនិធី ចំនួន០២រូបទៀតដែលចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖ (១) ពិនិត្យមើល   តួនាទីភារកិច្ចនៃក្រុមការងារបច្ចេកទេស (២) ចែក រំលែកវឌ្ឍនភាពគម្រោង និងផែនការបន្ទាប់(៣) ពិភាក្សា និងស្វែងរកមតិកែលម្អបច្ចេកទេសលើដំណើរការ និង ឯកសាររបស់គម្រោង និង(៤) ជំហានបន្ទាប់។

 

ឯកឧត្តម វ៉ាន់ មុនីនាថ បានលើកឡើងថាទីក្រុងបានរួមចំណែកប្រមាណជាង ៧០% ក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់ សំណង់អគារនៅលើពិភពលោកបានប្រើប្រាស់ថាមពលប្រមាណ ៣៥% និងបានបំភាយឧស្ម័នផ្ទះកញ្ចក់ប្រមាណ ៣៨% ចំណែកកម្ពុជាក៍ទទួលរងនូវផលប៉ះពាល់មកពីការរីកលូតលាស់យ៉ាងឆាប់រហ័សនៃនគរូបនីយកម្ម ដែលបន្ថែមសម្ពាធបន្ថែមលើធនធានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងរបស់កម្ពុជា ដូចនេះអគារបៃតងជាជម្រើសដ៏មានប្រសិទ្ធភាពក្នុងការជំរុញប្រសិទ្ធភាពធនធាននិងថាមពល ការសន្សំសំចៃទឹក ការកាត់បន្ថយសំណល់ លើកកម្ពស់គុណភាពបរិស្ថាន និងបំពេញតម្រូវការផ្នែកសេដ្ឋកិច្ច បរិស្ថាន សង្គមនិងវប្បធម៌។

 

កិច្ចប្រជុំនេះទទួលបានលទ្ធផលសំខាន់ៗដូចជា៖

- អ្នកជំនាញការជាតិ និងអន្តរជាតិបានធ្វើបទបង្ហាញចំនួន០៦ រួមមាន៖ ១). ទិដ្ឋភាពទូទៅនៃគម្រោង និងវឌ្ឍនភាពនៃ "គោលការណ៍ណែនាំ និងវិញ្ញាបនប័ត្រកម្មសម្រាប់អគារបៃតងនៅកម្ពុជា (CamgCGB)" ២). សេចក្តីព្រាងគោលការណ៍ណែនាំ និងវិញ្ញាបនប័ត្រកម្មសម្រាប់អគារបៃតងនៅកម្ពុជា (អគារថ្មី និងអគារកំពុងប្រើប្រាស់ទាំងអគារស្នាក់នៅ និងអគារការិយាល័យ) ៣). សេចក្តីព្រាងផែនទីបង្ហាញផ្លូវ CamGCGB ៤). សេចក្តីព្រាងជម្រើសសម្រាប់សំណើរការរៀបចំស្ថាប័នសម្រាប់ CamGCGB និង ៥). មេរៀនបណ្តុះបណ្តាល CamGCGB សម្រាប់អ្នកជំនាញ ស្ថាបត្យករ វិស្វករ និងសវនករអគារបៃតង និងមេរៀនបណ្តុះបណ្តាលអគារបៃតងសម្រាប់សាធារណៈជន។

- អង្គប្រជុំបានពិនិត្យជារួមទៅលើភាគរយនៃលក្ខណៈវិនិច្ឆ័យនីមួយៗរបស់ CamGCGB ដោយទទួលបានសំណួរទាក់ទងនឹងការផ្ដល់នូវភាគរយមាត្រដ្ឋានរបស់លក្ខណៈវិនិច្ឆ័យ និងគោលការណ៍វាយតម្លៃ ជាពិសេសទៅលើការឱ្យតម្លៃតិចទៅលើ លក្ខណៈវិនិច្ឆ័យ TEC បើប្រៀបធៀបនឹង ECO ENV និងSCO និងគួរបន្ថែមនូវឯកសារយោងដូចជាច្បាប់ ឬឯកសារបច្ចេកទេសផ្សេងៗសម្រាប់ពន្យល់ពីមូលហេតុដែលត្រូវគោរពនូវលក្ខណៈវិនិច្ឆ័យនីមួយៗរបស់ CamGCGB

- អង្គប្រជុំបានពិនិត្យលើជម្រើសទាំង៣ ក្នុងការរៀបចំស្ថាប័នគ្រប់គ្រង និងដំណើរការគោលការណ៍ណែនាំ និងវិញ្ញបនបត្រអគារបៃតងនៅកម្ពុជា ដោយទទួលបានសំណួរ និងមតិយោបល់ផ្សេងៗគ្នា ដោយក្នុងនេះមតិយោបល់ដូចជា សម្រាប់ពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យថាមពលដោយគួរមានទិន្នន័យគោលនៃការប្រើប្រាស់ថាមពលក្នុងអគារ សម្រាប់លក្ខណៈវិនិច្ឆ័យប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកគួរមានទិន្នន័យគោលនៃការប្រើប្រាស់ទឹក អ្នកពិនិត្យលើរបាយការណ៍អគារបៃតង និងផ្តល់វិញ្ញាបនបត្រអគារបៃតងគួរស្ថិតនៅក្រោមរាជរដ្ឋាភិបាល (អាចជាក្រសួងបរិស្ថាន រួមជាមួយក្រសួងដែនដី នគររូបនីយកម្ម និងសំណង់) ចំណែកការរៀបចំរបាយការណ៍ និងពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យរបស់អគារគួរមានលក្ខណៈឯករាជ្យដោយផ្ដល់ភារៈកិច្ចជូនវិស័យឯកជនដោយមានអ្នកបច្ចេកទេស ឬអ្នកដែលមានជំនាញជាសាវនករ ដោយចេញជារបាយការណ៍ដាក់ជូនរដ្ឋាភិបាលអ្នកពិនិត្យ និងសម្រេច

- អង្គប្រជុំក៏បានមានមតិយោបល់ទៅលើការផ្ដល់និយមន័យនៃពាក្យអគារលំនៅដ្ឋាន និងអគារមិនមែនលំនៅដ្ឋានឱ្យមានភាពស្របគ្នាជាមួយនឹងនិយមន័យរបស់ច្បាប់សំណង់ សេចក្ដីព្រាងគោលការណ៍ណែនាំប្រសិទ្ធភាពថាមពលនៅក្នុងអគារ និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត

- ជំហានបន្ទាប់នឹងធ្វើការជ្រើសរើសអគារចំនួន២ ដើម្បីសាកល្បងប្រព័ន្ធ CamGCGB (អគារសម្រាប់រស់នៅ និងអគារការិយាល័យ) និងយកលទ្ធផលពីការសាកល្បងមកកែតម្រូវ ប្រព័ន្ធ CamGCGB ឱ្យបានសមស្រប។

- អង្គប្រជុំបានឯកភាពលើមាតិកាមេរៀនទី១ស្តីពីមូលដ្ឋានគ្រឹះអគារបៃតងសម្រាប់ជាចំណេះដឹងមូលដ្ឋានទូទៅសម្រាប់អគារបៃតងសម្រាប់សាធារណជន និងមេរៀនទី២ ស្តីពីប្រព័ន្ធ CamGCGB សម្រាប់អ្នកជំនាញដែលចង់ក្លាយជាអ្នកសាវនករអគារបៃតង និងបានស្នើឱ្យក្រុមការងារគិតគូរពីករបន្ថែមម៉ោង ឬថ្ងៃបណ្តុះបណ្តាលឱ្យបានច្រើនដោយយោងលើភាពលំអិតរបស់មេរៀន រូបមន្តគណនា និងបន្ថែមទស្សនកិច្ចសិក្សា

- ក្រុមការងារនាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត នឹងបន្តសម្របសម្រួលជាមួយក្រុមការងារបច្ចេកទេស និងរៀបចំកិច្ចប្រជុំបន្តទៀតសម្រាប់ការងារពាក់ព័ន្ធអគារបៃតង

- អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តនៃក្រសួងបរិស្ថាន នឹងស្នើសុំឱ្យមានកិច្ចប្រជុំថ្នាក់ដឹកនាំរវាងក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដឹកនាំ និងជំរុញការអនុវត្តអគារបៃតងនៅកម្ពុជា។



  • Share on Social Media