នៅថ្ងៃទី ៤ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព (SCP TWG) បានរៀបចំកិច្ចប្រជុំលើកទី៣ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ក្រោមអធិបតីភាពឯកឧត្តម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជានាយកគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ និងលោកជំទាវ ងិន លីណា អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន ជាប្រធានក្រុមការងារបច្ចេកទេស និងមានការចូលរួមពីក្រុមការងារនាយកដ្ឋានសេដ្ឋកិច្ចបៃតង តំណាងនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ តំណាងនាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន តំណាងក្រសួង/ស្ថាប័នជាសមាជិកក្រុមការងារនេះ និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៣៧រូប។

គោលបំណងនៃកិច្ចប្រជុំលើកទី៣នេះមានដូចជា ១).បង្ហាញពីវឌ្ឍនភាពការងារ SCP នាពេលបច្ចុប្បន្នស្របនឹងបរិបទរបស់កម្ពុជា និងវិធីសាស្ត្រដែលអាចគាំទ្រ និងជួយដល់រដ្ឋាភិបាលក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តិ ២).ពិភាក្សាពីវិស័យសក្តានុពលទាក់ទងនឹង SCP ដើម្បីទទួលបានគោលដៅនៃការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព តាមរយៈ ការទុកដាក់ ការកាត់បន្ថយ ការកែច្នៃ និងការប្រើប្រាស់ឡើងវិញ និង៣).ពិភាក្សាពីផែនការការងារដែលត្រូវបន្តអនុវត្តសម្រាប់ឆ្នាំបន្ទាប់ ។

 


  • Share on Social Media