ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី០៣-០៥ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារអិល ប៊ី អិន អាស៊ាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៏ដោយចីរភាពបានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍទីក្រុងនិរន្តរភាព ក្រោមអធិបតីភាព ឯកឧត្តម ឯ វុឌ្ឍី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី Karolien Casaer តំណាង GGGI ប្រចាំកម្ពុជា និងមានការចូលរួមមកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរួមមានក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកែប ព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម ត្បូងឃ្មុំ និងកំពង់ចាម ព្រមទាំង GGGI សរុបប្រមាណ ៣៧រូប ក្នុងនោះស្រ្តីប្រមាណ០៧រូប។ សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណង៖ ១) បង្ហាញអំពីនិន្នាការសកលនៃនគរូបនីយកម្ម កាលានុវត្តភាព និងបញ្ហាប្រឈម ជាពិសេសស្វែងយល់ឱ្យបានស៊ីជម្រៅទៅលើវិស័យប្រឈមបំផុតក្នុងការអភិវឌ្ឍទីក្រុង ដូចជាវិស័យគ្រប់គ្រងសំណល់ និងអនាម័យ ដឹកជញ្ជូន ប្រសិទ្ធភាពធនធាន និងបរិយាកាសសំណង់អាគារ (អាគារបៃតង និងលំហបៃតង)  ២). បង្ហាញពីវិធីសាស្រ្តវិភាគ និងកំណត់អាទិភាពគម្រោងអភិវឌ្ឍគម្រោងអភិវឌ្ឍទីក្រុងនិរន្តរភាព ឆ្លុះបញ្ចាំងតាមរយៈដំណើការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពរាជធានីភ្នំពេញ ៣). ផ្តល់ចំណេះដឹង និងការវិវត្តថ្មីៗស្តីពី គោលនយោបាយជាតិ យុទ្ធសាស្រ្ត និងការរៀបចំស្ថាប័នដោយផ្តោតលើវិស័យនីមួយៗ និង ៤). ផ្តួចផ្តើមកម្មវិធីបណ្តុះបណ្តាលទីក្រុងនិរន្តរភាព និងផែនការសម្រាប់រដ្ឋបាលក្រុងបន្តបន្ទាប់។ សិក្ខាសាលាបណ្តុះបណ្តាលនេះមានការចូលរួមពីវាគ្មិនជាតិតំណាងឱ្យស្ថាប័នធ្វើការងារទាក់ទងនឹងការអភិវឌ្ឍក្រុង និងអ្នកជំនាញការ GGGI និង Global Environment Institute។

 

ថ្លែងក្នុងពិធីបើក ឯកឧត្តម ឯ វុឌ្ឍី បានលើកឡើងថា ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដោយធានាចីរភាពបរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ទីក្រុងទីប្រជុំជន ផ្អែកលើការពង្រឹងសមត្ថភាព ការកសាងសម្ថភាព និងអភិបាលកិច្ចទីក្រុង ទីប្រជុំជនប្រកបដោយនិរន្តរភាព ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីខេត្តពាក់ព័ន្ធ ដែលនឹងរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់គុណភាពបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ តាមរយៈកិច្ចសហការជាមួយក្រសួងស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។

 

Photo Album

  • Share on Social Media