រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីការកែច្នៃសំរាមទៅជាថាមពល “ការបង្ហាញលទ្ធផលនៃការសិក្សាបុរេសមិទ្ធិលទ្ធភាពសម្រាប់ការវិនិយោគក្នុងការទាញយកឥន្ទនៈចំហេះពីសំរាមនៅរាជធានីភ្នំពេញ” ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត Frank Rijsberman អគ្គនាយកនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន  ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល  ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងផែនការ ទីស្តីការគណៈរដ្ឋមន្រ្តី និង GGGI សុបប្រមាណ៣០នាក់ ក្នុងនោះស្រ្តី០៦នាក់។

កិច្ចប្រជុំនេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលក្នុងគោលបំណង៖ (១) ធ្វើបទបង្ហាញ និងទទួលយកមតិកែលំអលើលទ្ធផលនៃការសិក្សាបុរេសមិទ្ធិលទ្ធភាពរួមមានជម្រើសសម្រាប់ លទ្ធកម្មសាធារណៈ និងការលើកទឹកចិត្តសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យគម្រោងមានភាពកាន់តែច្បាស់លាស់ជាងមុន និង (២) ទទួលបានការអនុម័ត និងការគាំទ្រពីតំណាងរាជរដ្ឋាភិបាល  ដើម្បីបន្តការសិក្សាស៊ីជម្រៅលើគម្រោងដែលរួមមានការសិក្សាសមិទ្ធិលទ្ធភាពលម្អិត និងការរៀបចំគំរូលទ្ធកម្មពេញលេញ ដូចជាការដេញថ្លៃ (រង់ចាំលទ្ធភាពនៃការផ្តល់មូលនិធិបន្ត)។

Photo Album

  • Share on Social Media