នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិតហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ និងការរៀបចំផែនការយុទ្ធសាស្ត្រឆ្លើយតបក្នុងទីក្រុងតំបន់ឆ្នេរសមុទ្រប្រទេសកម្ពុជា នៅសណ្ឋាគារធ្វីន ក្រុងកំពត ដោយមានសហការីនាយកដ្ឋានចំនួន៥រូប និងមានអ្នកចូលរួមពីមន្ត្រីមួយចំនួនទៀតក្រោមក្រសួងបរិស្ថាន តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអាជ្ញាធរក្រុង និងមន្ទីរពាក់ព័ន្ធមកពីខេត្តកែប ព្រះសីហនុ និងកំពត និងមានតំណាងមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សរុបចំនួន៤១រូប។ សិក្ខាសាលានេះរៀបចំដោយ អង្គការ UN-HABITAT ក្រោមជំនួយសម្រាប់គម្រោងតៀមពីមូលនិធិអាកាសធាតុបៃតង (GCF Readiness)។  សិក្ខាសាលាបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ១) ដើម្បីរៀបចំការពិគ្រោះយោបល់ចុងក្រោយលើរបាយការណ៍វាយតម្លៃ ២) ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋានដល់មន្ត្រីថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងការគ្រប់គ្រងសំណល់រឹង និងទឹកសំណល់ និង៣) ដើម្បីបង្កើនសមត្ថភាពរបស់មន្ត្រីសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ។ ឆ្លៀតក្នុងឱកាសបើកសិក្ខាសាលាបណ្តុះបណ្តាលនេះ លោកបណ្ឌិត ហាក់ ម៉ៅ បានលើកឡើងពីវិបត្តិអាកាសធាតុ និងផលប៉ះពាល់ដែលកំពុងកើតមានឡើងនៅក្នុងប្រទេស ជាពិសេសតំបន់ឆ្នេរ និងបរិបទពិភពលោក។ ជាមួយគ្នានេះ លោកបណ្ឌិតបានថ្លែងអំណរគុណដល់បណ្តាដៃគូអភិវឌ្ឍន៍ ជាពិសេសអង្គការ UN-HABITAT ដែលបានយកចិត្តទុកដាក់ និងសហការយ៉ាងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈក្រសួងបរិស្ថានក្នុងការជំរុញ និងចូលរួមដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនេះ និងបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដល់អង្គសិក្ខាកាមទាំងអស់ដើម្បីពិចារណ និងចូលរួមដោះស្រាយរួមមាន៖ ១. ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុមកលើតំបន់ឆ្នេរ ការកើនឡើងនីវ៉ូទឹកសមុទ្រ ការហូរច្រោះដី និងការហូរចូលទឹកប្រៃលើផ្ទៃកសិកម្ម តើយើងគួរចាត់វិធានការ ឬធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ញាប្រឈមទាំងអស់នេះ? ២. ការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ បើទោះបីជាវិស័យនេះមានការបញ្ចេញឧស្ម័នតិចជាងវិស័យផ្សេងៗទៀតក៏ដោយនៅប្រទេសកម្ពុជា និង៣. ការបំពុល និងការបញ្ចេញសំណល់ពីបណ្តាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងជាពិសេសការគ្រប់គ្រងសំណល់សមុទ្រដែលមានប្រភពមកពីកប៉ាល់ដឹកទំនិញ។

លទ្ធផលដែលប្រមូលបានបន្ថែមពីសិក្ខាកាមទាំងអស់ ដែលបានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ សម្រាប់ការកែលម្អចំណុចខ្វះខាតក្នុងរបាយការណ៍វាយតម្លៃភាពងាយរងគ្រោះ ដែលរៀបចំដោយក្រុមការងារUN-HABITAT ក៏ដូចជាសិក្ខាកាមចូលរួមបានទទួលចំណេះដឹងពាក់ព័ន្ធនឹងការវាយតម្លៃភាពងាយរងគ្រោះ ការប្រមូល និងវិភាគទិនន្ន័យ និងការរៀបចំផែនការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ។



  • Share on Social Media