មហាសមុទ្រនៃភពផែនដីរបស់យើងកំពុងកើនឡើងកម្តៅខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ យោងតាមការវិភាគថ្មីមួយបង្ហាញថាសីតុណ្ហភាពនៅមហាសមុទ្រមិនត្រឹមតែកើនឡើងប៉ុណ្ណោះទេតែថែមទាំង កំពុងក្តៅឡើងៗក្នុងអត្រាមួយលឿនបំផុត។ នៅក្នុងឆ្នាំ២០១៩ សីតុណ្ហភាពមហាសមុទ្រគឺត្រឹម០.១៣៥ អង្សាហ្វារិនហៃ(០.០៧៥ អង្សាសេ) ខ្ពស់ជាងកំណើនមធ្យមភាគរវាងឆ្នាំ១៩៨១ និងឆ្នាំ២០១០ យោងតាមក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយបានរាយការណ៍កាលពីថ្ងៃទី១៣ ខែមករា នៅក្នុងសៀវភៅ Advances in Atmospheric Sciences។ ប្រការនេះមានន័យថាមហាសមុទ្រដែលស្រូបយកឧស្ម័នផ្ទះកញ្ចក់ស្ទើរតែទាំងអស់ដែលមនុស្សបានបញ្ចេញទៅក្នុងបរិយាកាសបានស្រូបយកកំដៅ២២៨សេនសេលៀន(២២៨,០០០,០០០,០០០,០០០,០០០,០០០)Joules លើសពីកម្រិតមធ្យមរបស់ខ្លួន។ បើធ្វើការប្រៀបធៀបវិញ ថាមពលដែលបានបញ្ចេញដោយការផ្ទុះគ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា គឺប្រហែល ៦៣.០០០.០០០.០០០.០០០ Joules ប៉ុណ្ណោះ។ បើតាមលោក លីជីង ចេង អ្នកនិពន្ធ និងសាស្រ្តាចារ្យរងនៃមជ្ឈមណ្ឌលអន្តរជាតិសម្រាប់វិទ្យាសាស្រ្តអាកាសធាតុ និងបរិស្ថាន នៅវិទ្យាស្ថានរូបវិទ្យាបរិយាកាស(LAP)នៃបណ្ឌិតសភាពវិទ្យាសាស្ត្រចិន(CAS) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បរិមាណកម្តៅដែលយើងបានបញ្ចេញទៅក្នុងមហាសមុទ្រពិភពលោកក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ស្មើនឹងការផ្ទុះគ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ាចំនួន៣,៦ ពាន់លានគ្រាប់។» លោកបន្តថា «គ្មានហេតុផលសមស្របណាដែលយើងអាចយកមកពន្យល់អំពីការកើនឡើងនៃកម្តៅក្រៅពីការបំភាយផ្សេងៗដែលកើតឡើងពីសកម្មភាពរបស់មនុស្សនោះឡើយ។» ដើម្បីវិភាគពីការប្រែប្រួលសីតុណ្ហភាពនៅ ក្នុងមហាសមុទ្រ លោក ចេង និងក្រុមការងារបានប្រើប្រាស់ទិន្នន័យដែលមានទាំងអស់ដែលត្រូវវាស់ស្ទង់ដោយឧបករណ៍ផ្សេងៗគ្នារាប់បញ្ចូលទាំងឧបករណ៍បណ្តែតឈ្មោះថា Argo ចំនួន ៣,៨០០ ពង្រាយពាសពេញមហាសមុទ្រ ហើយត្រូវបានផ្សព្វផ្សាយដោយរដ្ឋបាលប្រព័ន្ធទិន្មន័យមហាសមុទ្រពិភពលោក មហាសមុទ្រជាតិ និងបរិយាកាស។ ការវាស់វែងទាំងអស់ត្រូវបានធ្វើឡើងចន្លោះ ពីផ្ទៃទឹកខាងលើរហូតដល់ជម្រៅ ៦.៥៦២ ហ្វីត (២០០០ ម៉ែត្រ)។
យោងតាមសេចក្តីថ្លែងការណ៍ដដែលបង្ហាញថា ពួកគាត់បានប្រៀបធៀបទិន្នន័យចន្លោះឆ្នាំ១៩៨៧ និងឆ្នាំ២០១៩ ជាមួយនឹងទិន្នន័យដែលបានមកពីឆ្នាំ១៩៥៥ដល់១៩៨៦ ហើយបានរកឃើញថាមហាសមុទ្របានឡើងកម្តៅជាង៤៥០%នៅពេលបច្ចុប្បន្ន។ក្នុង រយៈពេល១០ឆ្នាំចុងក្រោយនេះមហាសមុទ្របានឡើងកម្តៅខ្ពស់បំផុតបើប្រៀបធៀបទៅនឹងការវាស់វែងលើកដំបូងក្នុងទសវត្សឆ្នាំ១៩៥០។ ក្រុមអ្នកស្រាវជ្រាវបានសរសេរថា មហាសមុទ្រអាចជារង្វាស់ដ៏ល្អមួយសម្រាប់ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុចាប់តាំងពីពួកគេស្រូបយកកម្តៅភាគច្រើនចេញពីបរិយាកាស។ផលប៉ះពាល់នៃការឡើងកម្តៅផែនដីកំពុងលេចរូបរាងឡើងតាមរយ:អាកាសធាតុកាន់តែអាក្រក់ឡើងៗ ការកើនឡើងកម្ពស់ទឹកសមុទ្រ និងមហន្តរាយដល់សត្វសមុទ្រ។ ទោះបីជាមនុស្សអាចធ្វើការបង្វែរផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុក៏ដោយ ក៏មហាសមុទ្រដែល បានស្រូបយកកម្តៅលើសពី៩០%នោះ នឹងត្រូវការពេលយូរដើម្បីត្រលប់ទៅរកភាពធម្មតាវិញ ជាងដី និងបរិយាកាសដែលស្រូបយកតែ៤% ប៉ុណ្ណោះ នេះបើតាមសេចក្តីថ្លែងការណ៍។
លោក ចេង បានមានប្រសាសន៍បន្តថា «សូម្បីតែជាមួយនឹងប្រភាគតូចមួយដែលប៉ះពាល់ដល់បរិយាកាសនិងដីក៏ដោយ កម្តៅផែនដីបាននាំឱ្យមានការកើនឡើងនូវភ្លើងឆេះព្រៃនៅអាម៉ាហ្សូន រដ្ឋកាលីហ្វ័រញ៉ា និងប្រទេសអូស្រ្តាលីនៅឆ្នាំ ២០១៩ ហើយយើងកំពុងមើលឃើញថានឹងបន្តរហូតដល់ឆ្នាំ ២០២០។» លោកបន្ថែមថា «ការឡើងកម្តៅនៃមហាសមុទ្រពិភពលោកបានបណ្តាលឱ្យមានរលកកម្តៅសមុទ្រនៅសមុទ្រតាម៉ាន និងតំបន់ផ្សេងទៀត។» រលកកម្តៅសមុទ្រដ៏ល្បីល្បាញមួយគឺ“blob” ដែលនាំឱ្យមានការបាត់បង់ជីវិតសមុទ្រយ៉ាងច្រើននៅតំបន់ប៉ាស៊ីហ្វិកភាគខាងជើងរវាងឆ្នាំ ២០១៣ និងឆ្នាំ ២០១៥ ។ ចំណុចក្តៅមួយទៀតដែលត្រូវបានរកឃើញនៅឆ្នាំ ២០១៧ នៅឈូងសមុទ្រម៉ិកស៊ិកបានបង្កឱ្យមានខ្យល់ព្យុះ Hurricane Harvey ហើយនៅឆ្នាំ ២០១៨ ចំណុចក្តៅមួយផ្សេងទៀតនៅមហាសមុទ្រអាត្លង់ទិកត្រូវបានគេចាត់ទុកថាបានបង្កឱ្យមានព្យុះ Hurricane Florence។
សហនិពន្ធលោក John Abraham ជាសាស្ត្រាចារ្យនៃវិទ្យាសាស្ត្រកម្តៅនៃសាកលវិទ្យាល័យសេនថូម៉ាសក្នុងរដ្ឋមីនីសូតា បាននិយាយថា «ការកើនឡើងកម្តៅពិភពលោកគឺពិតហើយវាកាន់តែអាក្រក់ទៅៗហើយនេះគ្រាន់តែជាកម្រិតសើៗនៃអ្វីដែលត្រូវកើតឡើងប៉ុណ្ណោះ។»
ប្រភព៖ https://www.livescience.com/