នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បាន​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ និងដៃគូអភិវឌ្ឍន៍ «បច្ចុប្បន្នភាពនៃដំណើរការ ការចូលរួម​ចំណែក​របស់​ជាតិ​ដើម្បី​អនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច.  ដោយមានការចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជា​សមាជិកក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ តំណាង ទូតដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ស្ថាប័នសិក្សា និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​​ចំនួនប្រមាណ ៧២នាក់ (ស្រី៖ ១៤នាក់)។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ (១)ធ្វើបច្ចុប្បន្នភាព ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និង​ដៃ​គូ​អភិវឌ្ឍន៍ ព្រមទាំងឯកភាពលើដំណើរការនៃការរៀបចំឯកសារស្តីពីការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution-NDC) (២)ពង្រឹងការចូលរួម និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នកពាក់ព័ន្ធ​ក្នុងដំណើរការរៀបចំរបាយការណ៍បច្ចុប្បន្នភាព NDC និង (៣)ស្វែងយល់ពីតួនាទី និង​ទំនួល​ខុសត្រូវ​របស់ភាគីពាក់ព័ន្ធសំខាន់ៗ។

ឯកឧត្តម ទិន ពន្លក បានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍តិចតួច ដូចជាប្រទេសកម្ពុជា ដែលសមត្ថភាពមនុស្ស ថវិកា និងបច្ចេកទេសនៅមានកម្រិតដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមក៏បានបន្តថា ដោយសារកត្តាសុខសន្តិភាព​ និង​ស្ថេរភាព​សង្គម​ធ្វើឱ្យ​រាជរដ្ឋាភិបាល​មាន​ឱកាស​​ក្នុង​ការចូលរួមជាសហគមន៍អន្តរជាតិក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ រដ្ឋាភិបាលបានបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងគោលដៅអភិវឌ្ឍន៍ដោយចីរភាព យុទ្ធសាស្ត្រ​ចតុកោណ ផែនការអភិវឌ្ឍន៍ជាតិ និងរៀបចំយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា២០១៤-២០២៣។

ក្រៅ​ពីនេះ រដ្ឋាភិបាលបានរៀបចំនិងដាក់ជូននូវរបាយការណ៍ NDC ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុនៅឆ្នាំ២០១៥ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​រៀបចំ​របាយការណ៍បច្ចុប្បន្នភាព NDC ដែល​ត្រូវ​ដាក់​ជូន​ទៅ​អនុសញ្ញា​ក្រប​ខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុនៅក្នុងសន្និសីទលើកទី២៦ ក្នុងខែវិច្ឆិកាឆ្នាំ២០២០។ ទាំងដៃគូអភិវឌ្ឍន៍ (UNDP, WorldBank, FAO, UNICEF, GGGI, UNWomen ។ល។) និងស្ថាប័នពាក់ព័ន្ធ (ក្រុមការងារ​បច្ចេកទេស​ប្រែប្រួលអាកាសធាតុ) ចូលរួម​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​និង​គាំទ្រ​ទាំង​បច្ចេកទេស​និង​ថវិកា​ក្នុង​ការរៀបចំរបាយការណ៍នេះ៕

កម្រងរូបភាព

ទាយយកឯកសារ

  • Share on Social Media