រាជធានីភ្នំពេញ៖ ឯកឧត្តម ទិន ពន្លក នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​ប្រព័ន្ធ​វាស់វែង រាយការណ៍ និង​​ការផ្ទៀងផ្ទាត់​សម្រាប់​​​គោលនយោបាយ​​ថាមពលកកើតឡើងវិញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​អ្នក​ជំនាញការ​ពី​ក្រសួង ​ស្ថាប័ន​ ពាក់ព័ន្ធ​សំខាន់ៗ ទីប្រឹក្សាអន្តរជាតិ និងតំណាងម្ចាស់ជំនួយ ចំនួន៤០រូប ស្រ្តី៧រូប។

សិក្ខាសាលានេះមានគោលបំណងដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងប្រមូលនូវធាតុចូលបន្ថែមដើម្បីរៀបចំប្រព័ន្ធវាស់វែង រាយការណ៍ និង​ការផ្ទៀងផ្ទាត់​សម្រាប់​គោលនយោបាយ​ថាមពល​កកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ទិន ពន្លក បានគូស​បញ្ជាក់ថា៖ វិស័យថាមពលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។ ប្រភពនៃការផលិតអគ្គិសនី នៅ​កម្ពុជា​រួមមាន វារីអគ្គិសនី ប្រេងឥន្ទនៈផូស៊ីល (ម៉ាស៊ូត ប្រេងខ្មៅ ធ្យូងថ្ម) ពន្លឺព្រះអាទិត្យ និងជីវម៉ាស់។

ក្នុង​ដំណាក់​កាលចុងក្រោយនេះ ថាមពលវារីអគ្គិសនី និងធ្យូងថ្ម មានទំហំផ្គត់ផ្គង់ថាមពលអគ្គិសនីច្រើនជាងគេ ជាមួយ​គ្នានេះផងដែរ ក៏មានវិស័យឯកជន​មួយ​ចំនួន​កំពុង​សិក្សា​អំពី​សក្តានុពល​ថាមពល​ខ្យល់​នៅតំបន់មានសក្កានុពល​មួយចំនួន​នៅកម្ពុជា ដូចជា នៅភ្នំបូកគោ ជាដើម។ គោលនយោបាយ និងយុទ្ធសាស្រ្ត ស្តីពីការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​ក៏​ត្រូវ​បាន​យកចិត្ត​ទុកដាក់យ៉ាងខ្លាំង ដើម្បីបំពេញតម្រូវការថាមពល និងមិនបំពុលបរិស្ថានផងដែរ។

ទោះជាយ៉ាងណា ការផលិត​អគ្គិសនីពីប្រភពឥន្ទនៈផូស៊ីល នឹងបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ដែល​ជាបុព្វហេតុ​នៃ​ការប្រែប្រួល​អាកាសធាតុ។ ការប្រែប្រួល​អាកាសធាតុនេះ គឺជាបញ្ហាអន្តរវិស័យ និងមានការគំរាមកំហែងដល់សេដ្ឋកិច្ច និង​ជីវភាព​រស់​នៅ​របស់​​មនុស្សជាតិ​នាពេល​បច្ចុប្បន្ន ហើយពិភពលោកបានសម្ដែងក្ដីព្រួយបារម្ភអំពីបញ្ហាសកលនេះ។

ឯកឧត្តម ក៏បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុង​នាម​ជា​ភាគីហត្ថលេខីនៃអនុសញ្ញាស្ដីពីការប្រែប្រួលអាកាសធាតុ និង​ពិធីសារក្យូតូ បាន​ខិតខំយ៉ាង​ខ្លាំង​ក្នុង​ការអនុវត្ដ​អនុសញ្ញា​នេះ តាមរយៈការអនុវត្តយន្ដការ​អភិវឌ្ឍន៍​ស្អាត​(នាំមុខគេក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍តិចតួច) យន្តការ​ឥណទានកាបូនរួមគ្នា និង​ការប្រើប្រាស់​ថាមពលកកើតឡើងវិញជាដើម ហើយ​ព្រះរាជាណាចក្រកម្ពុជា​​ក៏​បានផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​ទីក្រុងបារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅខែកក្កដា ឆ្នាំ២០១៦ ដែលមានកាតព្វកិច្ចរៀបចំនិងអនុវត្ត "ការចូលរួម​ចំណែក​របស់​ជាតិ​ដើម្បី​ដោះស្រាយ​ការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution: NDC)” ព្រម​ទាំង​ពង្រឹង​តម្លាភាព​ក្នុង​ការដោះស្រាយ​ការប្រែប្រួលអាកាសធាតុ៕

កម្រងរូបភាព

  • Share on Social Media