រាជធានីភ្នំពេញ៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ ក្រោមជំនួយគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងលើកទី២ នាថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាព ឯកឧត្ដម ម៉ា ច័ន្ធសទ្ធា ទីប្រឹក្សាអមក្រសួងបរិស្ថាន និងជាប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ តំណាង ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ 

ឯកឧត្តម ម៉ា ច័ន្ទសទ្ធា បានលើកឡើងថា ប្រទេសកម្ពុជាងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ អាទិភាពចម្បងរបស់ប្រទេសកម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវរាល់ផលប៉ះពាល់ដែលបណា្តលមកពីការប្រែប្រួលអាកាសធាតុមកលើសុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងផលិតភាពកសិកម្ម។ រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយជាតិក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាស តាមរយៈការអនុវត្តអនុសញ្ញាអន្តរជាតិ និងការរៀបចំរបាយការណ៍ជាតិជាច្រើន ដូចជា របាយការណ៍  Updated NDC ជាដើម។

ឯកឧត្តមបានបន្ដទៀតថា ដោយសារប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងអំឡុងពីរទស្សវត្សរ៍ចុងក្រោយដែលបានប្រែក្លាយកម្ពុជា ឆ្ពោះទៅរកប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ ប្រការនេះបានផ្តល់កាលានុវត្តភាពឱ្យកម្ពុជាចូលរួមជាសមាជិកពេញមុខពេញមាត់ជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។  ជាក់ស្តែងក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងពិធីសារក្យូតូ កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការអនុវត្ដអនុសញ្ញានេះក៏ដូចជាការអនុវត្ដពិធីសារក្យូតូ តាមរយៈការអនុវត្តយន្ដការអភិវឌ្ឍន៍ស្អាត។ល។ កម្ពុជាបានរៀបចំនិងបញ្ចប់ដោយជោគជ័យនូវរបាយការណ៍ជាតិលើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១៥ និងលើកទី៣ នៅឆ្នាំ២០២២ និងរបាយការណ៍រួមចំណែករបស់ជាតិលើកទី១ INDC នៅឆ្នាំ២០១៥ ហើយបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ នៅខែកក្កដា ឆ្នាំ២០១៦ ដែលកម្ពុជាមានកាតព្វកិច្ចអនុវត្តការចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញា(NDC)។ ថ្មីៗនេះ នៅឆ្នាំ២០២០ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧២ ដែលបានដាក់របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ (Updated NDC) ទៅលេខាធិការដ្ឋាន UNFCCC  មុនពេលកំណត់។ ប្រទេសកម្ពុជាបានរៀបចំនិងដាក់ជូនយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនកាលពីចុងឆ្នាំ២០២១ ដែលបង្ហាញពីការបញ្ចេញឧស្ម័នស្មើសូន្យនៅឆ្នាំ២០៥០។ យុទ្ធសាស្រ្ត នេះមិនគ្រាន់តែចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសកលនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថានកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីសុខុដុមនីយកម្មលើគ្រប់វិស័យ និងសុខសន្តិភាពរបស់ប្រទេសជាតិ។បន្ថែមលើសពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឯកឧត្តមបានលើកឡើងថា ប្រសិទ្ធភាពថាមពល អាចរួមចំណែកដល់ការកសាងភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ដោយសារការផលិតថាមពលដែលទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការកើនឡើងថ្លៃថាមពលដោយសារភាពតានតឹង ភូមិសាស្រ្តនយោបាយ ការគ្រប់គ្រងប្រសិទ្ធភាពថាមពលបានក្លាយទៅជាគោលការណ៍ដ៏សំខាន់ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រទេសកម្ពុជា។

សិក្ខាសាលាចែករំលែកចំណេះដឹងនេះ ផ្តល់ឱកាសសម្រាប់ដល់ស្ថាប័នរដ្ឋាភិបាល វិស័យឯកជន អង្គការ និងសាកលវិទ្យាល័យដែលបានទទួលជំនួយពី CCCA3 ដើម្បីចែករំលែកបទពិសោធន៍លើការអនុវត្តសកម្មភាពប្រែប្រួលអាកាសធាតុជាអាទិភាព ដើម្បីធ្វើឱ្យមានវឌ្ឍនភាពក្នុងការអនុវត្តជំនួយ CCCA3 និងពិភាក្សាអំពីយុទ្ធសាស្ត្រដើម្បីធានាថា ជំនួយទាំងនេះនឹងរួមចំណែកដល់ការពង្រីកវិធីសាស្រ្តជោគជ័យលើការអនុវត្តសកម្មភាពប្រែប្រួលអាកាសធាតុ។ មកទល់នឹងពេលនេះ យើងមានគម្រោងសរុបចំនួន២៣ ដែលទទួលបានការគាំទ្រពី CCCA3 ក្នុងរាជធានី-ខេត្តចំនួន១៩ ដោយគម្រោងចំនួន៦បានបញ្ចប់ដោយជោគជ័យ។

នៅក្នុងឱកាសបិទអង្គសិក្ខាសាលា លោក បណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងជាប្រធានកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុតំណាងឯកឧត្ដម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនោបាយនិងយុទ្ធសាស្ដ្របានលើកឡើងពាក់ព័ន្ធនឹងការចូលរួមពីអន្ដរវិស័យពិតជាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ការណែនាំនិងប្រើប្រាស់បច្ចេកវិទ្យាសមស្របនៅក្នុងប្រទេសកម្ពុជា ជាពិសេសការសិក្សាលើលទ្ធភាពឈប់នាំចូលរថយន្ដដែលមានអាយុប្រើប្រាស់ក្រោម១០ឆ្នាំ ព្រោះរាជរដា្ឋភិបាលកម្ពុជាយល់ថាកម្រិតជីវភាពរបស់ប្រជាជនបច្ចុប្បន្នមានភាពធូរធារជាងមុន ម្យ៉ាងទៀតវាក៏បានចូលរួមចំណែកយ៉ាងធំក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា។  ការបញ្ជ្រាបចំណេះដឹងតាមរយៈវិស័យអប់រំក៏ជាកត្ដាអាទិភាពមួយទៀតដែលកម្ពុជាបាននិងកំពុងធ្វើរួមមាន៖ ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សានៅកម្រិតសិក្សាគ្រប់កម្រិត ការចេញសេចក្ដីប្រកាសរួមស្ដីពីគំនិតផ្ដួចផ្ដើមស្ដីពីការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ ការរៀបចំលិខិតបទដ្ឋានគតិយុត្ដ ការរៀបចំគោលនយោបាយក៏ដូចជាការបញ្ចូលការងារប្រែប្រួលអាកាសធាតុទៅក្នុងផែនការចតុកោណអាណត្ដិទី៤ ។ល។ លើសពីនេះទៅទៀត របាយការណ៍ updated NDC និង LTS4CN ជាឯកសារដ៏សំខាន់សម្រាប់កម្ពុជាក្នុងការកំណត់ចក្ខុវិស័យក្នុងការអភិវឌ្ឍប្រទេស។ វិស័យដឹកជញ្ជូនបានយកចិត្ដទុកដាក់លើការប្រើប្រាស់យានយន្ដអគ្គិសនីច្រើនតាមដែលអាចធ្វើទៅបាន។ រីឯវិស័យថាមពលវិញ ជំរុញឱ្យប្រើប្រាស់ថាមពលកកើតឡើងវិញធានាបានការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពថាមពល។ បន្ថែមពីនេះ ការសិក្សាស្រាវជ្រាវដើរតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុគ្រប់វិស័យ រួមទាំងក្នុងវិស័យអប់រំ វិស័យឧស្សាហកម្ម បច្ចេកវិទ្យា នវានុវត្ដន៍ បច្ចេកវិទ្យា AI នៅក្នុងវិស័យកសិកម្ម ជាដើម ព្រោះថាការស្រាវជ្រាវមានភស្ដុតាងច្បាស់លាស់ដើម្បីឱ្យគេអនុវត្ដន៍តាម។ ការតាក់តែងវីដេអូខ្លីៗអំពីលទ្ធផលនៃការអនុវត្ដគម្រោង ក៏ជាវិធីសាស្ដ្រមួយដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការងារប្រែប្រួលអាកាសធាតុ បើទោះបីជាកម្ពុជាយើងបានធ្វើកិច្ចការងារនេះយូរយ៉ាងណាក៏ដោយ ក៏ការអប់រំផ្សព្វផ្សាយនេះនៅមានកម្រិត ជាពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យបច្ចេកទេស។ ការបកប្រែឯកសារវីដេអូខ្លីៗ និងផ្សព្វផ្សាយជាសាធារណៈក៏មានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយនិងលើកកម្ពស់ចំណេះដឹងដល់សាធារណៈ។ ថ្មីៗនេះ កម្មវិធី CCCA បានផលិតវីដេខ្នាតខ្លីមួយក្រោមចំណងជើង «ការប្រែប្រួលអាកាសធាតុ បរិស្ថាន និងជីវិត» ដែលក្នុងសាច់រឿងនេះបានជំរុញឱ្យយុវជនខិតខំប្រឹងប្រែងក្នុងការៀនសូត្រដើម្បីក្លាយជាបុគ្គលគំរូនៅពេលអនាគតនិងអាចចូលរួមក្នុងសង្គមក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការអប់រំបរិស្ថាន។ ការសិក្សាស្រាវជ្រាវបានចូលរួមចំណែកយ៉ាងសំខាន់ដល់អ្នកធ្វើសេចក្ដីសម្រេចចិត្ដ ជាពិសេសអ្នករៀបចំគោលនយោបាយដើម្បីឱ្យមនុស្សគ្រប់គ្នាអាចយកលទ្ធផលសិក្សានោះមកអនុវត្ដបាន។ ការចងក្រងទិន្នន័យទាំងនៅកម្រិតថ្នាក់ជាតិ និងក្រោមជាតិក៏ជាផ្នែកមួយសំខាន់ដែរក្នុងការប្រមូលផ្ដុំព័ត៌មានអាកាសធាតុ។ ជាចុងក្រោយការរក្សាទំនាក់ទំនង និងការសហការរវាងអ្នកទទួលមូលនិធិ ដៃគូអភិវឌ្ឍន៍ អង្គការនានា ជាមួយម្ចាស់ជំនួយពិតជាមានសារៈសំខាន់ណាស់ ព្រោះយើងអាចដោះស្រាយបញ្ហានានាបានភ្លាមៗ។ ការងារប្រែប្រួលអាកាសធាតុធ្វើឱ្យគេស្គាល់កម្ពុជាពិតប្រាកដ ដោយយើងបានបង្ហាញពីសមត្ថភាព និងចក្ខុវិស័យការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅលើឆាកអន្ដរជាតិ។











  • Share on Social Media