នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភដោយមូលនិធិបរិស្ថានសកល (GEF) តាមរយៈកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីរបាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្តងលើកទី១របស់កម្ពុជាក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាព ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការចូលរួមមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៥៣នាក់។
សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណង៖១)ដើម្បីបង្ហាញដល់សេចក្តីព្រាងខ្លឹមសារនៃរបាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្តងលើកទី១របស់កម្ពុជា និង២)ប្រមូលមតិយោបល់បន្ថែមដើម្បីឆ្ពោះទៅបញ្ចប់របាយការណ៍នេះដើម្បីដាក់ជូនទៅលេខាធិការដ្ឋានតាមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅពេលខាងមុខ។
ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានបញ្ជាក់ថា តាមរយៈការៀបចំឯកសារនេះ កម្ពុជាមានសក្តានុពលក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ជាក់ពីវិស័យ មួយចំនួន ដូចជា៖ វិស័យថាមពល ដឹកជញ្ជូន វិស័យឧស្សហកម្ម វិស័យសំណង់ វិស័យព្រៃឈើជាដើម ក៏ដូចជាជួយ
ឱ្យកម្ពុជាចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។