រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមសាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំប្រតិភូក្រសួងបរិស្ថានរួមមាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ ឯកឧត្តម វ៉ាន់ មុន្នីនាថ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តម ផេង ឡេណា នាយកខុទ្ទកាល័យ ឯកឧត្តម ស៊ុំ ធី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ ដើម្បីអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងវេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ នៅវិមានសន្តិភាព។ វេទិកានេះចូលរួមជាគណៈអធិបតីដោយលោកជំទាវ ស្យេក ហាស៊ីណា នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋបង់ក្លាដែស និងដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាល (ពិសេសប្រទេសងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ) ប្រមុខការទូត អគ្គលេខាធិការអង្គការសហប្រជាជាតិ លេខាធិការប្រតិបត្តិនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងតំណាងដៃគូពាក់ព័ន្ធមួយចំនួន។

ក្នុងវេទិកានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា ទោះបីជាប្រទេសតូច និង​ធនធានមានកម្រិត​ តែកម្ពុជាបានបំពេញកាតព្វកិច្ច ដូចមានចែងក្នុងខប់២១ (COP21) ពោលគឺ​ប្រកាន់​យក​ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសមាសធាតុដ៏សំខាន់មួយក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ។ កម្ពុជាក៏បានចូលរួមយ៉ាងសកម្មផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុពិភពលោកតាមរយៈការធ្វើបច្ចុប្បន្នភាព «របាយការណ៍ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC Update)» ដែលនឹងត្រូវដាក់ជូនទៅលេខាធិការដ្ឋានអនុសញ្ញានៅចុងឆ្នាំនេះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាដ៏គួរឱ្យបារម្ភមួយទៀត ដែលនឹងបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរពិបាកនឹងប៉ាន់ប្រមាណបានទៅលើសង្គម សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយដែលបានកើតឡើងជាបន្តបន្ទាប់ជុំវិញពិភពលោក មានសភាពធ្ងន់ធ្ងរ និងប្រពលភាព កាន់តែញឹកញាប់លើសពីអ្វីដែលយើងធ្លាប់បានជួបប្រទះកន្លងមក។ ក្នុងឱកាសនោះ សម្តេចបានថ្លែងបន្ថែមទៀតថា ទោះបីជាធនធាន និងសមត្ថភាពកម្ពុជានៅមានកម្រិតក៏ដោយ តែកម្ពុជាមានការតាំងចិត្ត និងឆន្ទៈនយោបាយខ្ពស់ក្នុងការរួមចំណែក ដល់កិច្ចប្រឹងប្រែងសកល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ផ្អែកតាមគោលការណ៍គន្លឹះរបស់អនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ជាពិសេសគោលការណ៍ស្ដីពីការទទួលខុសត្រូវរួមគ្នា ប៉ុន្តែមានកាតព្វកិច្ចផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន។

គួរបញ្ជាក់ដែរថា វេទិកានេះគឺជាគំនិតផ្តួចផ្តួមកិច្ចសហប្រតិបត្តិការត្បូង-ត្បូងដែលបង្កើតឡើងក្នុងគោលបំណងសំខាន់ដើម្បីគាំទ្រដល់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែយុត្តិធម៌ជាពិសេសដើម្បីបំពេញតម្រូវការចំបាច់និងបន្ទាន់របស់ប្រទេសងាយរងគ្រោះ។ សូមបញ្ជាក់ថាប្រទេសបង់ក្លាដែសនឹងធ្វើជាប្រធាននៃវេទិកាប្រទេសងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុចាប់ពីឆ្នាំ២០២០-២០២២ បន្ទាប់ពីប្រទេសអេត្យូពី។

អានសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន

  • Share on Social Media