សិក្ខាសាលា ស្តីពី ការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការសាកល្បងមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុក្នុងបរិបទប្រទេសកម្ពុជា

នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានរៀបចំសិក្ខាសាលាស្តីពីការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការសាកល្បងមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុក្នុងបរិបទប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក-សមាជិការអនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ សរុបចំនួន៤០រូប។  សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញមកពីស្ថាប័នពាក់ព័ន្ធការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ ក្នុងការស្វែងយល់លើក្របខ័ណ្ឌយុទ្ធសាស្ត្រ និងអភិបាលកិច្ចក្នុងពេលសាកល្បងមាត្រា៦ ដើម្បីចៀសវាងហានិភ័យនៃការសម្រេចចិត្តលើការលក់ឥណទានកាបូនលើស ដែលអាចប៉ះពាល់ដល់ការបេ្តជ្ញាចិត្តរបស់កម្ពុជា។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ កញ្ញា Shomi Kim ជាតំណាងGGGI ប្រចាំកម្ពុជា បានលើកឡើងថាកម្ពុជាមានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤១.៧% ស្មើនឹង៦៤.៤ លានតោនសមមូលឧស្ម័នកាបូនិកក្នុងមួយឆ្នាំ អោយបានមុន២០៣០។ GGGI ក៏កំពុងធ្វើការរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផ្សេងៗ ដើម្បីបង្កើនភាពស៊ីសង្វាក់គ្នា លើការជួញដូរកាបូនក្រោមមាត្រា៦។ ក្នុងន័យនេះ GGGI កំពុងត្រួសត្រាយផ្លូវដើម្បីបង្កើតប្រព័ន្ធអេកូសម្រាប់ការជួញដូរកាបូន តាមរយៈការគាំទ្រដល់ការកសាងសមត្ថភាពជូនអនុក្រុមការងារសសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ លើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ការៀបចំក្របខណ្ឌអភិបាលកិច្ច។

ថ្លែងក្នុងសុន្ទរកថាបើក លោកជំទាវ ចាន់ សុម៉ាលី បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស លើអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងបានដាក់ជូននូវរបាយការណ៍បច្ចុប្បន្នភាពការរួមចំណែកថ្នាក់ជាតិ (NDCs Update) ដើម្បីអនុវត្ត UNFCCC នៅឆ្នាំ២០២០ ដែលមានគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ត្រឹមឆ្នាំ២០៣០។ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បង្កើតយន្តការ និងក្របខណ្ឌ ដែលនឹងដោះស្រាយការជាប់គាំងផ្នែកហិរញ្ញវត្ថុថ្មី ដោយអនុញ្ញាតឱ្យប្រទេសកម្ពុជា សហការជាមួយប្រទេសផ្សេងៗ លើការអនុវត្តវិធានការកាត់បន្ថយ ដែលបង្ហាញនៅក្នុងរបាយការណ៍ NDCs។ ការយល់ដឹងអំពីអត្ថប្រយោជន៍ និងហានិភ័យទាំងនេះ និងការសម្រេចចិត្តអំពីរបៀបប្រើប្រាស់ជាយុទ្ធសាស្ត្រនៅក្នុងមាត្រា៦ ដើម្បីជំរុញការអភិវឌ្ឍបៃតងនៅកម្ពុជា និងការពារការប្តេជ្ញាចិត្តរបស់ NDCs ទាំងនៅក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ការសម្រេចចិត្តនេះអាចជួយដឹកនាំអ្នកអភិវឌ្ឍន៍គម្រោង និងហិរញ្ញប្បទានកាបូនដោយផ្ទាល់ទៅដល់សកម្មភាពកាត់បន្ថយជាអាទិភាពសម្រាប់យុទ្ធសាស្ត្រនៃការអភិវឌ្ឍបៃតងរបស់កម្ពុជា ក៏ដូចជាគ្រប់គ្រងហានិភ័យ នៃការអនុញ្ញាតការផ្ទេរពីសកម្មភាព ដែលសមស្របបំផុតសម្រាប់ធ្វើបច្ចុប្បន្នភាពរបាយការណ៍ NDCs នៅក្នុងឆ្នាំ២០២៥ ខាងមុខ។ សិក្ខាសាលានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការត្រៀមខ្លួននៃមាត្រា៦ របស់កម្ពុជា ក្រោមការគាំទ្រពី GGGI។

សិក្ខាសាលារយៈពេលពីរថ្ងៃនេះនឹងពិភាក្សា (១) ការចូលរួមក្នុងមាត្រា៦ ដែលផ្តល់សេចក្តីសង្ខេបលម្អិតនៃមាត្រា៦ (២) ជម្រើសវិធីសាស្រ្តសម្រាប់ប្រទេសកម្ពុជា សម្រាប់ដំណាក់កាលទីមួយ ជំហានទី១ ការចូលរួមជាការសាកល្បង មាត្រា៦ និងព័ត៌មានលម្អិតនៃជម្រើសវិធីសាស្រ្តផ្សេងៗគ្នាជាច្រើនទៀត (៣) ការពិភាក្សាលើជម្រើសនៃវិធីសាស្រ្តដែលចង់បាន ដើម្បីកំណត់នូវជម្រើសវិធីសាស្រ្តដ៏ល្អបំផុតសម្រាប់បរិបទប្រទេសកម្ពុជា។  





 

  • Share on Social Media