កិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងលើកទី៣ នៃគម្រោង «ការពង្រឹងសមត្ថភាពដើម្បីបង្កើនតម្លាភាពក្នុងការអនុវត្ត និងតាមដានការចូលរួមចំណែករបស់ថ្នាក់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (NDC) ក្នុងវិស័យកសិកម្ម និងការប្រើប្រាស់ដី»

ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២  ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង CBIT បានដឹកនាំសម្របសម្រួលនិងថ្លែងសុន្ទរថាបើកកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងលើកទី៣ នៃគម្រោង "ការពង្រឹងសមត្ថភាពដើម្បីបង្កើនតម្លាភាពក្នុងការអនុវត្ត និងតាមដានការចូលរួមចំណែករបស់ថ្នាក់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (NDC) ក្នុងវិស័យកសិកម្ម និងការប្រើប្រាស់ដី" នៅសាលប្រជុំប្រាជ្ញ ស៊ុន ទីស្តីការក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះ ចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ហេង ចាន់ធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តក្រសួងបរិស្ថាន និងជាប្រធានគម្រោង CBIT លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្ម ប្រចាំនៅកម្ពុជា និង លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មាធិការដឹកនាំគម្រោង និងដោយមានការចូលរួមតំណាងមកពីក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងផែនការ (MoP) ក្រសួងរ៉ែ និថាមពល (MME) ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងមន្រ្តីគម្រោងថ្នាក់ជាតិ និងអន្តរជាតិអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ សរុបចំនួន១៨ នាក់។ គោលបំណងនៃកិច្ចប្រជុំផ្តោតសំខាន់៖ ១. លើវឌ្ឍនភាពនៃការអនុវត្តគម្រោង ២. បង្ហាញការស្នើសុំប្រធាន អនុប្រធាន និងសមាជិកពិនិត្យ និងអនុម័តការស្នើសុំពន្យាពេលអនុវត្តសកម្មភាពគម្រោងដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ជាកិច្ចចាប់ផ្តើម ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមប្រធានបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការក្នុងការរៀបចំគោលនយោបាយឆ្លើងតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ជូនរបាយការណ៍បច្ចុប្បន្នភាពចូលរួមចំណែកថ្នាក់ជាតិ (NDC Update) និងផែនការយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់អាព្យាក្រឹតកាបូននៅកម្ពុជាត្រឹមឆ្នាំ២០៥០ និងការរៀបចំលិខិតបទដ្ឋានគតិយុតផ្សេងៗទៀត។

ក្រសួងបរិស្ថានបាននិងកំពុងរៀបចំអនុក្រឹតស្តីពីការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការរៀបចំក្រមបរិស្ថាន និងសៀវភៅស (White paper) ការបង្កើតអនុក្រុមការងារសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ បានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាសម្រាប់វិស័យបរិស្ថាននៅកម្ពុជា។ លទ្ធផលនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១. ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការដឹកនាំគម្រោងបានសាទរចំពោះវឌ្ឍនភាពការអនុវត្តគម្រោងនាពេលកន្លងមក និងស្នើសុំរបាយការណ៍វឌ្ឍនភាព ៣ខែម្តង និង៦ខែម្តង និងរបាយការណ៍ប្រចាំឆ្នាំ ដល់ក្រុមការងារគណៈកម្មាធិការដឹកនាំគម្រោង

២. ការរៀបចំមេគុណបញ្ចេញ និងស្នើឱ្យមានទិន្នន័យសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ឱ្យបន្ស៊ីគ្នាដើម្បីប្រើប្រាស់បានសម្រាប់វិស័យកសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី (AFOLU)

៣. ស្នើឱ្យ FAO ពិនិត្យមើលលើក្របខ័ណ្ឌត្រួតពិនិត្យនិងវាយតម្លៃដែលអាចផ្សព្វផ្សាយនិងអនុម័តដែលអាចជួយកម្ពុជាលើការងារបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុមិនសម្រាប់តែវិស័យ AFOLU ប៉ុន្តែសម្រាប់វិស័យផ្សេងទៀត

៤. ស្នើឱ្យមានការចែករំលែកឱ្យបានទូលំទូលាយនូវសូចនាករបន្ស៊ាំ ឧបករណ៍ និងវិធីសាស្រ្ត និងស្នើឱ្យមានការរៀបចំគោលការណ៍ណែនាំសម្រាប់ការអនុម័តយល់ព្រម

៥. មតិយោបល់របស់សមាជិកក្រុមការងារពាក់ព័ន្ធនឹងសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ ការកសាងសមត្ថភាព និងវិធីសាស្រ្តប្រមូលប្រមូលទិន្នន័យនៅថ្នាក់ជាតិ និងក្រោមជាតិ

៦. តំណាងក្រសួងផែនការស្នើឱ្យមានការចូលរួមរបស់មន្រ្តីក្នុងវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព និងការចែករំលែកព័ត៌មាន និងទិន្នន័យសម្រាប់គ្រប់វិស័យ

៧. តំណាងអគ្គនាយកដ្ឋានផលិតកម្ម និងបសុសត្វ ស្នើឱ្យមានវិធីសាស្រ្តប្រមូលទិន្នន័យ និងធ្វើការជាមួយស្ថាប័នទទួលខុសត្រូវផ្ទាល់ដើម្បីសុគតភាពទិន្នន័យ និងអាចប្រើប្រាស់បាន

៨. ការចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការរៀបចំរបាយការណ៍ជាតិលើកទី១ លើកទី២និងលើកទី៣ នៃផ្នែកការរៀបចំសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ រួមទាំងក្នុងការគណនាការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមវិស័យ ក្នុងឆ្នាំគោលរួមមាន ឆ្នាំ១៩៩៤ ឆ្នាំ២០០០ និងឆ្នាំ២០១០ដែលបានកំណត់ដោយលេខាធិការដ្ឋានអនុសញ្ញា UNFCCC និងបានចែករបាយការណ៍ស្តីពីការរៀបចំសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិផងដែរ និង

៩. ការបង្ហាញជាគោលការណ៍នូវការរៀបចំឱ្យមានគម្រោង CBIT ដំណាក់កាលទី២ ខាងមុខនេះ។ 






  • Share on Social Media