គម្រោង "ការអភិវឌ្ឍដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាស ធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន" ឬហៅថា "គម្រោង TEST" ត្រូវបាន​អនុវត្ត​ចាប់​ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Global Environment Facility និងត្រូវបានបញ្ចប់ដោយជោគជ័យ ក្នុងពិធីបិទបញ្ចប់គម្រោង ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងគោលដៅធ្វើឱ្យវិស័យកម្មន្តសាលរបស់កម្ពុជាកាន់តែបៃតង តាមរយៈការប្រើប្រាស់​វិធីសាស្រ្ត​រួម​របស់ TEST ដូចជាគោលការណ៍ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត, ប្រព័ន្ធគ្រប់គ្រងបរិស្ថាន, និង​គណនេយ្យគ្រប់គ្រងបរិស្ថាន គម្រោងនេះទទួលបានការសាទរចំពោះលទ្ធផលជាវិជ្ជមាន​លើវិស័យ​ឧស្សាហ​កម្ម​របស់កម្ពុជា។ ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធ ដោយទទួលស្គាល់តួនាទី​ដ៏សំខាន់​របស់ក្រសួងទាំងពីរ និងអង្គការ UNIDO ក្នុងការសម្រេចបាននូវគោលដៅទាំងអស់របស់​គម្រោង។

ឯកឧត្តមបានលើកឡើងថា៖ “គម្រោង TEST បានជួយដល់វិស័យឯកជន រោងចក្រ សហគ្រាស និង​សិប្បកម្ម នៅក្នុង​វិស័យ​កម្មន្តសាលនៃព្រះរាជាណាចក្រកម្ពុជា លើការពង្រឹង​ប្រសិទ្ធភាព​ធនធាននិង​ថាមពល, ការ​គ្រប់គ្រង​បរិស្ថាន, ការ​បង្កើន​ផលិតភាពនិង​គុណភាព,​ ដែលជាកាតាលីករ រួមចំណែកក្នុង​ការកាត់បន្ថយសំណល់និងផលប៉ះពាល់ដល់បរិស្ថាន, កាត់បន្ថយថ្លៃដើម ដើម្បីបង្កើនឱកាសបង្កើត​និង​បង្កើនប្រាក់ចំណេញ និងបង្កើន​ភាព​ប្រកួត​ប្រជែង​​ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក, តំបន់ និងទីផ្សារ​អន្តរជាតិ​។  ទាំងអស់នេះជាកត្តាដែលនាំឱ្យមានប្រសិទ្ធផលផ្នែកសេដ្ឋកិច្ច ​និង​បរិស្ថានកាន់តែប្រសើរឡើងដល់​រោងចក្រ, សហគ្រាស, និងសិប្បកម្ម។  

ឯកឧត្តមក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបន្តប្រើប្រាស់ប្រព័ន្ធឧស្សាហកម្មបៃតង ​ដើម្បី​បង្កើន​ផលិតភាព និងភាពប្រកួតប្រជែង ដោយបញ្ជាក់ថា គម្រោងក៏​បាន​ជួយ​អភិវឌ្ឍធនធាន​មនុស្ស​ទាំង​ក្នុង​ស្ថាប័នរដ្ឋ  និងវិស័យឯកជនទាក់ទងនឹងបច្ចេកវិទ្យា និងបរិស្ថាន ជារួមផងដែរ។ 

លោក សុខ ណារិន នាយកអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បានលើកឡើងពីភាពជោគជ័យរបស់​គម្រោង​ក្នុងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​អំណោយ​ផលល្អដល់បរិស្ថាន។ លោកបានលើកឡើងថា៖ “ក្នុងរយៈពេលនៃការអនុវត្តគម្រោង រោងចក្រ-សហគ្រាសចំនួន៥៥ បានទទួលយកបច្ចេកវិជ្ជាស្អាតទៅអនុវត្ត ដែលបានកាត់បន្ថយការប្រើប្រាស់ទឹក វត្ថុធាតុដើម ធាតុចូលផលិតកកម្ម ក៏ដូចជាកាកសំណល់ ​ដោយសន្សំបាន​ប្រមាណ១០លានដុល្លារ​អាមេរិក​ក្នុងមួយឆ្នាំ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤០.០០០ តោនក្នុងមួយឆ្នាំ ស្របតាមការរួម​ចំណែក​របស់ជាតិ។

លោកបានបន្ថែមថា គម្រោងមិនត្រឹមតែផ្តល់ផលចំណេញផ្នែកបរិស្ថានប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់ផលវិជ្ជមាន​ដល់កម្មករចំនួន ១៣០.០០០នាក់ នៅក្នុងរោងចក្រទាំង៥៥​ដែលបានចូលរួមអនុវត្ត​គម្រោង ដោយបង្កើនភាពប្រកួតប្រជែង និងទាក់ទាញអ្នកទិញ តាមរយៈការអនុវត្តប្រកបដោយនិរន្តរ​ភាព។

ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យបន្តកិច្ចសហប្រតិបត្តិការនេះ ដោយ​អំពាវ​នាវ​ដល់ដៃគូជាតិ និង​អន្តរជាតិ វិស័យសាធារណៈ និងជាពិសេសវិស័យឯកជន ឱ្យចាប់យកប្រព័ន្ធ​ឧស្សាហ​​កម្ម​បៃតង ដើម្បី​កំណើន និងភាពប្រកួតប្រជែង ព្រមទាំងប្រែក្លាយកម្ពុជាឱ្យទៅជា​ប្រទេស​ដែល​មានខឿនឧស្សាហកម្មបៃតង មាននិរន្តរភាព និងបរិយាប័ន្ន។

ប្រភព៖ https://www.misti.gov.kh/page/index?article=success-of-test-project-paves-way-for-green-manufacturing-in-cambodia.html







  • Share on Social Media