នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយ DNC partnership បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផលវិភាគការអនុវត្តរបាយការណ៍ការចូលរួមចំណែករបស់ជាតិ (NDC)។  សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត តំណាង ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន/ក្រសួងស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។ 

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ជា ចន្ទន៍ធូ បានលើកឡើងថាកម្ពុជាបានចូលជាសមាជិក NDC Partnership តាំងពីឆ្នាំ២០១៩ និងបានទទួលការគាំទ្រផ្នែកបច្ចេកទេស ក៏ដូចជាហិរញ្ញវត្ថុសម្រាប់ការជំរុញកិច្ចខិតខំប្រឹងប្រែងការរៀបចំការធ្វើបច្ចុប្បន្នភាពNDC តាមរយៈការពង្រឹងសកម្មភាពអាកាសធាតុនៃ NDC Partnership។ ឯកឧត្តមបានបន្តថា ប្រទេសកម្ពុជាក្នុងនាមជាហត្ថាលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ទទួលស្គាល់សារៈសំខាន់នៃការបន្ស៊ាំនិងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ កម្ពុជាបានដាក់ជូននូវឯកសាររបាយការណ៍ Updated NDC ដែលក្នុងនោះបានរួមបញ្ចូលនូវគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមគ្រប់វិស័យរហូតដល់ ៤២% បើធៀបទៅនឹងការព្យាករណ៍តាមទម្លាប់ធម្មតាត្រឹម ឆ្នាំ២០៣០ និងបានដាក់ជូននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) នៅឆ្នាំ២០២១ ដោយបានបង្កើនមហិច្ឆតាគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្រិតសូន្យ ត្រឹមឆ្នាំ២០៥០។ ឯកឧត្តមសង្កត់ធ្ងន់ថា សិក្ខាសាលានេះ នឹងបង្ហាញពីលទ្ធផល និងអនុសាសន៍សំខាន់ៗនៃការវិភាគលើការអនុវត្ត NDC/LTS4CN និងផ្តល់ឱកាស មតិកែលម្អ និងការផ្តល់យោបល់លើអនុសាសន៍ដែលអាចជំរុញឱ្យការអនុវត្ត NDC/LTS4CN នៅកម្ពុជា កាន់តែមានប្រសិទ្ធភាព។

ថ្លែងក្នុងពិធីបិទ ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្តយុទ្ធសាស្រ្ត បានថ្លែងអំណរគុណ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ពីលទ្ធផលនៃកិច្ចពិភាក្សា ហើយបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការកៀរគរថវិកាសម្រាប់អនុវត្ត NDC/ LTS4CN។ ឯកឧត្តមបានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយជាតិ និងផែនការចូលរួមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដូចជា៖ សៀវភៅស ក្រមបរិស្ថាននិងធនធានធម្មជាតិ ការររៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហិរញ្ញប្បទានបៃតង និងគោលនយោបាយហិរញ្ញប្បឌីជីថល ជាដើម។ ឯកឧត្តមអរគុណដល់ក្រុមការងារនាយកដ្ឋានប្រែប្រួលអាកាសធាតុ និង DNC partnership  សម្រាប់ការគាំទ្រក្នុងការៀបចំសិក្ខាសាលានេះ និងជាពិសេសសមិទ្ធផលការងារជាច្រើនក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសនៅកម្ពុជា និងសកលលោក។ 













  • Share on Social Media