នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុបានចូលរួមជាវាគ្មិនក្នុងវេទិកាស្តីអំពី«Sustainable Cooling: A Multipurpose Tool to Deliver on Net-Zero Adaptation, Food & Energy Security» ដែលសហការរៀបចំដោយក្រសួងបរិស្ថាន និងធនធានធម្មជាតិ នៃប្រទេសវៀតណាម ទីភ្នាក់ងារ BASE និងកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP)។ វេទិកានេះមានគោលបំណង ដើម្បីស្វែងយល់ពីផែនការសកម្មភាពស៊ីតកម្មជាតិ (National Cooling Action Plans) នៃប្រទេសនីមួយៗ និងចែករំលែកបទពិសោធន៍ ចំណេះដឹង និងគំនិតល្អៗរវាងប្រទេសក្នុងតំបន់ និងសកលលោក ក្នុងការរៀបចំផែនការសកម្មភាព វិធីសាស្ត្រ និងការអនុវត្ត NCAP។ លោកបណ្ឌិតបានបញ្ជាក់ថាស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនតម្រូវការថាមពលនិងការប្រើប្រាស់អគ្គិសនីក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាមួយគ្នានោះដែរ ការប្រើប្រាស់ស៊ីតកម្មគឺជាការចាំបាច់ក្នុងការរក្សាគុណភាពចំណីអាហារ បន្លែ ផ្លែឈើ និងថ្នាំពេទ្យមួយចំនួន ជាក់ស្តែងក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩កាន់តែទាមទារឱ្យប្រើប្រាស់ច្រើនដើម្បីរក្សាគុណភាពថ្នាំវ៉ាក់សាំង។ ដោយមើលឃើញភាពចាំចាំបាច់និងការកើនឡើងការប្រើប្រាស់ស៊ីតកម្ម កម្ពុជាបានអនុម័តផែនការសកម្មភាពស៊ីតកម្មជាតិ (NCAP)នៅខែសីហា ឆ្នាំ២០២២ក្នុងគោលបំណងផ្តល់នូវមាគ៌ានិងសកម្មភាពច្បាស់លាស់ដើម្បីលុបបំបាត់ការប្រើសារធាតុ HFCs សំដៅធានាការប្រើប្រាស់ស៊ីតកម្មប្រកបដោយនិរន្តរភាព និងរក្សាបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខមាលភាពប្រជាជន ទន្ទឹមនឹងនេះដែរ ការពារបរិស្ថានតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាស៊ីតកម្មប្រកបដោយប្រសិទ្ធភាពនិងមេត្រីអាកាសធាតុ។ វិស័យអាទិភាពដែលប្រើប្រាស់ស៊ីតកម្មចំនួន៥ត្រូវបានស្នើឡើងរួមមាន៖ ១) សំណង់អាគារ ២) ចំណីអាហារ ៣) មណ្ឌលសុខភាព ៤) ម៉ាស៊ីនត្រជាក់ចល័ត និង ៥) ស៊ីតកម្មដំណើរការផលិត។  ការអនុវត្តវិធានការទាំងនេះអាចសន្ស៊ំសំចៃថាមពលចំនួន ២៣ % និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ១៧% ត្រឹមឆ្នាំ២០៤០ធៀបនឹងឆ្នាំ២០២០។ លោកបណ្ឌិត ក៏បានបញ្ជាក់បន្ថែមថា ផែនការសកម្មភាពស៊ីតកម្មជាតិ (NCAP) នេះត្រូវបានបញ្ចូលក្នុងរបាយការណ៍បច្ចុប្បន្នភាព NDC របស់កម្ពុជាផងដែរ។







  • Share on Social Media