អេហ្ស៊ីប៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២២ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងសហការី បានសម្របសម្រួលកិច្ចប្រជុំរវាងលោកស្រី Fenella Aouane អគ្គនាយករងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (Global Green Growth Institute-GGGI) និងប្រតិភូថ្នាក់ក្រោមជាតិកម្ពុជា ដើម្បីស្វែងរកកិច្ចសហការលើការងារបរិស្ថាននិងការប្រែប្រួលអាកាសធាតុ។ ជាកិច្ចចាប់ផ្តើម លោកស្រីបានបង្ហាញពីកិច្ចសហការល្អជាមួយក្រសួងបរិស្ថាន ជាពិសេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ លើការអនុវត្តគម្រោងក្រោមមាត្រាទី៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ដោយផ្តោតលើការធ្វើពាណិជ្ជកម្មកាបូននៅកម្ពុជាក្រោមមាត្រាទី៦.២។ លោកស្រីមានបំណងចង់ជួយកម្ពុជាឱ្យទទួលបានតម្លៃថ្លៃពីការលក់ឥណទានកាបូន និងព្រមទាំងជួយជ្រុមជ្រែងកម្ពុជាលើការកសាងសមត្ថភាពលើមាត្រាទី៦ ផងដែរ។ លោកបណ្ឌិត ហាក់ ម៉ៅ បានបញ្ជាក់ថា នេះជាលើកទី១ ដែលកម្ពុជាបានចាត់បញ្ជូនប្រតិភូថ្នាក់ក្រោមជាតិចូលរួមកិច្ចប្រជុំ និងកិច្ចចរចាជាលក្ខណៈអន្តរជាតិបែបនេះ ដើម្បីឱ្យប្រតិភូថ្នាក់ក្រោមជាតិកម្ពុជាបានស្វែងយល់ពីកិច្ចចរចានានា ក្នុងការគៀគរហិរញ្ញប្បទានយកទៅអនុវត្តគម្រោង និងអភិវឌ្ឍនៅមូលដ្ឋានរាងៗខ្លួន ដើម្បីដោះស្រាយបញ្ហាបរិស្ថាននិងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ក្នុងឱកាសនោះដែរ ប្រតិភូថ្នាក់ក្រោមជាតិកម្ពុជាបានស្នើឱ្យវិទ្យស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ពិចារណាគាំទ្រលើសកម្មភាពមួយចំនួនរួមមាន៖ ការគ្រប់គ្រងសំណល់(រឹង និងរាវ)និងការគណនាការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីវិស័យនេះ ការកសាងសមត្ថភាពមន្ត្រី និងការរៀបផែនការមេសម្រាប់អភិវឌ្ឍន៍ទីក្រុងបៃតង។ ជាការឆ្លើយតប លោកស្រីបានសន្យាថានឹងពង្រឹងកិច្ចសហការល្អជាមួយក្រសួងបរិស្ថាន និងព្យាយាមកៀរគរហិរញ្ញប្បទាន ដើម្បីជួយកម្ពុជាលើការគ្រប់គ្រងសំណល់ ការកសាងសមត្ថភាព និង ការរៀបចំប្រព័ន្ធការវាស់វែង ការរាយការណ៍ និងការផ្ទៀងផ្ទាត់ (MRV) លើគម្រោង REDD+


  • Share on Social Media