សៀមរាប៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (CCCA) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ចាប់ពីថ្ងៃចន្ទ-អង្គារ ទី៦-៧ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី។ សិក្ខាសាលានេះ មានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ បង្ហាញអំពីការអនុវត្តល្អៗ និងកិច្ចប្រឹងប្រែងនានារបស់អ្នកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិលើការអនុវត្តគម្រោងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ សិក្ខាសាលានេះក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក.ជ.អ.ច. ឯកឧត្តម ជា ចន្ទន៍ធូ អគ្គលេខាធិការរង ក.ជ.អ.ច. លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ពាក់ព័ន្ធ សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដៃគូអភិវឌ្ឍន៍ ស្ថាប័នសិក្សា និងអ្នកតំណាងគម្រោង ចំនួនប្រមាណ ៧៨រូប។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ទិន ពន្លក បានលើកឡើងថា បន្ទាប់ពីរយៈពេលជិតពីរឆ្នាំដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ នេះជាពេលវេលាដំបូងដែលយើងទាំងអស់គ្នាបានជួបពិភាក្សាការងារផ្ទាល់ ដោយសារតែប្រសិទ្ធភាពនៃ ការគ្រប់គ្រងជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាលពិសេសតាមរយៈ ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ការប្រែប្រួលអាកាសធាតុ កំពុងក្លាយជាបញ្ហាកាន់តែលេចធ្លោឡើងទាំងនៅក្នុងកម្រិតអន្តរជាតិ តំបន់ និងនៅប្រទេសកម្ពុជា។ ទាំងរដ្ឋាភិបាល និងវិស័យឯកជន បានដឹងពីហានិភ័យសេដ្ឋកិច្ច និងសង្គម ហើយការវិនិយោគដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បាននិងកំពុងកើនឡើងយ៉ាងខ្លាំង។ ជំនួយឥតសំណងរបស់ CCCA3 មានគោលបំណងបង្កើតវិធីសាស្រ្ត និងផ្តល់បច្ចេកវិទ្យាដែលសមស្របនឹងបរិបទប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងអាទិភាពនានាដែលបានរំលេចនៅក្នុងរបាយកាណ៍បច្ចុប្បន្នភាពការរួមចំណែករបស់ជាតិ (Updated NDC) និងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ល។ ឯកឧត្តមបានលើកឡើងអំពីសារសំខាន់នៃការចូលរួមពីវិស័យឯកជន ឧទាហរណ៍ការអនុវត្តថាមពលកកើតឡើងវិញ១០០ (Renewable 100) និងការអនុវត្តយន្តការកែសម្រួលកាបូនឆ្លងដែនដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តសកម្មភាពបញ្ចេញកាបូនតិច។ ឯកឧត្តមក៏បានលើកឡើងអំពីប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំអំពូលអាស៊ី-អឺរ៉ុបលើកទី១៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អំពីភាពចាំបាច់នៃ«ការជំរុញការអភិវឌ្ឍបៃតង និងបញ្ចេញកាបូនតិច» ព្រមទាំងការកំណត់ជំហររបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងក្លាសហ្កូ ចក្រភពអង់គ្លេស (ឧ. មិនសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី និងមិនសាងសង់រោងចក្រថាមពលវារីអគ្គិសនីថ្មីនៅតាមដងទន្លេមេគង្គ។ល។)។ ឯកឧត្តមក៏បានណែនាំឲ្យក្រុមការងារ CCCAធ្វើការសិក្សាអំពីសមិទ្ធផល (Outcome) និងផលប៉ះពាល់ (Impact) នៃការអនុវត្តគម្រោងជាងមួយទស្សវត្សរ៍កន្លងមកទាក់ទងនឹងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពនានា ដោយយើងមិនគិតត្រឹមតែកម្រិតលទ្ធផល (Output) នោះទេ។

ឯកឧត្តមបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍រួមមាន សហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រទេសស៊ុយអែត ដែលបានគាំទ្រ CCCA អស់រយៈពេលជាងមួយទសវត្សរ៍នេះ ហើយបានបង្ហាញលទ្ធផល ការងារនៃការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជាគួរជាទីមោទនៈ។

ជាកិច្ចបិទបញ្ចប់សិក្ខាសាលា ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ ថ្លែងអំណរគុណសិក្ខាកាម និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមយ៉ាងផុសផុលក្នុងកម្មវិធីនេះ ដែលបានផ្តល់ឱកាសដល់ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានទទួលជំនួយពី CCCA3 ដើម្បីចែករំលែកបទពិសោធន៍លើការអនុវត្តសកម្មភាព ប្រែប្រួលអាកាសធាតុជាអាទិភាព និងពិភាក្សាអំពីយុទ្ធសាស្ត្រនានា ដើម្បីធានាថា ជំនួយទាំងនេះនឹងរួមចំណែកដល់ការបង្កើនសមត្ថភាពផ្នែកស្ថាប័ន និងការបង្កើតគម្រោងជោគជ័យនានាដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ រាល់បញ្ហាប្រឈម មតិកែលម្អ និងការអនុវត្តល្អៗរបស់គម្រោងនីមួយៗ ជាធាតុចូលយ៉ាងសំខាន់ក្នុងការពង្រឹងឱ្យការអនុវត្តបានល្អត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់គម្រោង និងដើម្បីជួយគាំទ្រឱ្យមានភាពប្រសើរជាងមុន។

គូសបញ្ជាក់ផងដែរថា សិក្ខាសាលារយៈពេលពីរថ្ងៃនេះមានការធ្វើបទបង្ហាញផ្ទាំងរូបភាពស្តីពីដំណើរការ  បទពិសោធន៍ និងការអនុវត្តល្អៗរបស់គម្រោងរួមមានសកម្មភាពបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុដែលគាំទ្រដោយ CCCA3 ទាំង២១ រួមមានគម្រោងសម្រាប់មូលនិធិជំនួយឥតសំណងនវានុវត្តន៍ជុំទី១&២ គម្រោងសម្រាប់ក្រសួងពាក់ព័ន្ធ និង គម្រោងស្រាវជ្រាវសម្រាប់គ្រឹះស្ថានឧត្តមសិក្សា។ បន្ទាប់មកមាន ការពិភាក្សាក្រុមនិងការធ្វើបទបង្ហាញតាមប្រធានបទ និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីតាំងអនុវត្តគម្រោងទឹកស្អាត ដែលគាំទ្រដោយ CCCA3 ដើម្បីចែករំលែកនូវបទពិសោធន៍លើការងារគ្រប់គ្រងគម្រោង និងបញ្ហាប្រឈម សំដៅបង្កើនសមត្ថភាពផ្នែកស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស បង្កើនឱកាសសម្រាប់ពង្រីកភាពជាដៃគូលើការអនុវត្តសកម្មភាព និងវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព។

Photo album: https://ncsd.moe.gov.kh/node/12760​​ 

















 

  • Share on Social Media