សិក្ខាសាលាបើកគម្រោងស្តីពី ផែនទីបង្ហាញផ្លូវនៃការប្រើប្រាស់បច្ចេកវិទ្យាអាកាសធាតុសម្រាប់យានយន្តអគ្គិសនី (E-mobility) នៅកម្ពុជា

នាថ្ងៃទី១១ ខែតុលា ឆ្នំា ២០២២ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រនៃក្រសួងបរិស្ថាន ក្រោមការគាំទ្រពីមជ្ឈមណ្ឌលបច្ចេកវិទ្យាបៃតងនៃសាធារណរដ្ឋកូរ៉េ បានរៀបចំសិក្ខាសាលាបើកគម្រោងស្តីពី ផែនទីបង្ហាញផ្លូវនៃការប្រើប្រាស់បច្ចេកវិទ្យាអាកាសធាតុសម្រាប់យានយន្តអគ្គិសនី (E-mobility) នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោកបណ្ឌិត Byung-ki Cheong ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាបៃតង។

នាឱកាសបើកសិក្ខាសាលា ឯកឧត្តមទិន ពន្លក បានលើកឡើងថា បញ្ហាការប្រែប្រួលអាកាសធាតុ បានក្លាយជាប្រធានបទមួយដ៏សំខាន់ ដែលត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗ ទាំងនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក ជាពិសេសក្នុងពេលដែលការប្រែប្រួលអាកាសធាតុបានបង្កនូវមហន្តរាយកាន់តែធំឡើងៗសម្រាប់ភពផែនដី និងមនុស្សជាតិទំាងមូល។ ឯកឧត្តម បានលើកឡើងពីឧទាហរណ៍ជាក់ស្តែងដែលបានកើតឡើងនាពេលថ្មីៗនេះ ដូចជាគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងទ្វីបអឺរ៉ុប និងប្រទេសចិន និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងប្រទេសកូរ៉េខាងត្បូង ប៉ាគីស្ថាន និងកម្ពុជាជាដើម។ ដើម្បីឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ ៤១.៧% ត្រឹមឆ្នំា ២០៣០ ដូចមាននៅក្នុងរបាយការណ៍ Updated NDC ដែលបានដាក់ជូនលេខាធិការដ្ឋាន UNFCCC កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០  និងការដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍អភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន។

ឯកឧត្តម បានបន្តលើកឡើងថា បន្ទាប់ពីសន្និសីទកំពូលលើកទី ២៦ (COP26) នៅទីក្រុងក្លាសហ្កូ ចក្រភពអង់គ្លេស កម្ពុជា បានអនុម័តនិងគាំទ្រទៅលើគំនិតផ្តួចផ្តើមមួយចំនួនដូចជា ១) ជំហ៊ានគន្លឹះទីក្រុងក្លាសហ្កូ ២) គំនិតផ្តួចផ្តើមរដ្ឋាភិបាលបៃតង ៣) ការសន្យាមេតានសកល និង ៤) សេចក្តីប្រកាសទីក្រុងក្លាហ្កូស្តីពីការប្រើប្រាស់ដី និងព្រៃឈើ។ ក្នុងវិស័យដឹកជញ្ជូន កម្ពុជាក៏បានគំាទ្រលើសេចក្តីប្រកាស ស្តីពីការពន្លឿនការផ្លាស់ប្តូរទៅរកយានយន្តគ្មានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ១០០% ត្រឹមឆ្នំា ២០៤០ នៅទូទំាងពិភពលោក និងមិនហួសពីឆ្នំា ២០៣៥ នៅលើទីផ្សារធំៗ ផងដែរ ប៉ុន្តែការគំាទ្រនេះ គឺផ្អែកលើគោលដៅមានស្រាប់ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន។ ឯកឧត្តម បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំប្រឹងប្រែងកៀរគរហិរញ្ញប្បទានពីប្រភពនានាដូចជា មូលនិធិអាកាសធាតុបៃតង មូលនិធិបរិស្ថានពិភពលោក មូលនិធិបន្សុំា និងដៃគូអភិវឌ្ឍន៍ផ្សេងៗដើម្បីពង្រឹងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាក់ស្តែង សិក្ខាសាលាថ្ងៃនេះ បានទទួលការគំាទ្រពីមូលនិធិអាកាសធាតុបៃតង ដើម្បីបង្កើតផែនទីបង្ហាញផ្លូវសម្រាប់យានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។ ជាមួយគ្នាផងដែរ ឯកឧត្តមបានបន្តលើកឡើងថា ការងារពាក់ព័ន្ធនឹងយានយន្តអគ្គិសនី បានទទួលការយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដែលតម្រូវឱ្យមានការសហការគ្នាជិតស្និទ្ធដើម្បីបញ្ចៀសការធ្វើការជាន់គ្នាក្នុងវិស័យមួយនេះ។ បន្ទាប់មក ឯកឧត្តម បានបន្តលើកឡើងអំពីសារសំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធសាកអាគុយ និងការកែច្នៃសំណល់អាគុយឡើងវិញដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន។ សិក្ខាសាលានេះ មានការចូលរួមពីសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ ជាមួយនឹងការចូលរួមពិភាក្សាយ៉ាងផុសផុល។

សិក្ខាសាលានេះផងដែរ បានបង្ហាញពីលទ្ធផលបឋមនៃការវាយតម្លៃលើអ្នកពាក់ព័ន្ធសំខាន់ៗក្នុងដំណើរការអភិវឌ្ឍន៍ និងអនុវត្តផែនទីបង្ហាញផ្លូវនាពេលអនាគត ការវិភាគពីស្ថានភាពយានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា និងវិធីសាស្រ្តនៃការវិភាគសេណារីយ៉ូ៕  

 

 

















 

  • Share on Social Media