នៅថ្ងៃព្រហស្បតិ៍ ១២កើត ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តក្រសួងបរិស្ថានក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិបច្ចេកវិទ្យាបៃតងបានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគម្រោង «ផែនទីបង្ហាញផ្លូវនៃការប្រើប្រាស់បច្ចេកវិទ្យាអាកាសធាតុសម្រាប់យានយន្តអគ្គិសនី» ក្រោមអធិបតីភាព លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងជាប្រធានអនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ និងលោកបណ្ឌិត Sang Hyup Lee ប្រធានវិទ្យាស្ថានជាតិបច្ចេកវិទ្យាបៃតងដោយមានការចូលរួមពីអនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ តំណាងវិទ្យាស្ថានជាតិបច្ចេកវិទ្យាបៃតង និងតំណាងស្ថាប័នធ្វើការលើយានយន្តអគ្គិសនីចំនួន ៣៨នាក់។ សិក្ខាសាលាពង្រឹងសមត្ថភាពនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់ស្ថាប័នពាក់ព័ន្ធស្តីពីច្បាប់ គោលនយោបាយ បច្ចេកវិទ្យា និងឧត្តមានុវត្តពាក់ព័ន្ធនឹងយានយន្តអគ្គិសនី។

ក្នុងសុន្ទរកថាបើក លោកបណ្ឌិត ហាក់ ម៉ៅ បានលើកឡើងពីហានិភ័យធ្ងន់ធ្ងរដល់ភពផែនដី ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុដែលទាមទារឱ្យមានការចាត់វិធានការបន្ទាន់ និងជាក់ស្តែង។ អង្គការឧតុនិយមពិភពលោក បានព្យាករថាកំណើនសីតុណ្ហភាពនឹងប្រែប្រួលពីចន្លោះ ១,១ ទៅ ១,៧ អង្សាសែលស៊ុសត្រឹមឆ្នាំ ២០២៦ ហើយគោលដៅរបស់ពិភពលោកគឺព្យាយាមកម្រិតសីតុណ្ហភាពមកនៅត្រឹម ២ អង្សាសែលស៊ុស ឬ១,៥អង្សាសែលស៊ុសផ្អែកលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុជាមួយនឹងការចូលរួមពីគ្រប់ប្រទេសទាំងអស់តាមរយៈការរៀបចំរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិត បានបន្តលើកឡើងថា កម្ពុជាបានដាក់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ ៤១,៧% ត្រឹមឆ្នាំ ២០៣០ ជាមួយនឹងការផ្តោតការយកចិត្តទុកដាក់ខ្លាំងផងដែរលើការបន្សុំាដោយសារកម្ពុជាជាប្រទេសងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ។ លោកបណ្ឌិត បានគូសបញ្ជាក់ផងដែរថា គោលដៅដែលមានស្រាប់នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពរបស់ប្រទេសទាំងអស់នៅក្នុងពិភពលោកមិនអាចឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុបានទេ ដោយតម្រូវឱ្យមានការរៀបចំយុទ្ធសាស្រ្តបញ្ចេញកាបូនតិច ហើយនេះជាអ្វីដែលកម្ពុជាបានដាក់ចេញរួចមកហើយតាមរយៈយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនក្នុងឆ្នាំ ២០២១ ជាមួយនឹងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នកម្រិតសូន្យនៅឆ្នាំ ២០៥០ តាមរយៈវិស័យសំខាន់ៗដូចជា វិស័យព្រៃឈើ ថាមពល កសិកម្ម សំណល់ និងឧស្សាហកម្ម។ ជាក់ស្តែង វិស័យដឹកជញ្ជូនបានដាក់ចេញគោលដៅប្រើប្រាស់ម៉ូតូអគ្គិសនីប្រមាណ ៧០% និងយានយន្ត និងឡានក្រុងអគ្គិសនីប្រមាណ ៤០% ត្រឹមឆ្នាំ ២០៥០។

កម្ពុជា ក៏បានលើកទឹកចិត្តការវិនិយោគបៃតងផងដែរតាមរយៈច្បាប់វិនិយោគថ្មី ហើយថ្មីៗនេះ សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិត្រូវបានព្រឹទ្ធសភាអនុម័តផងដែរ។ សម្រាប់ការសិក្សាពាក់ព័ន្ធនឹងយានយន្តជជុះ ក្រសួងបរិស្ថានបានដឹកនាំ និងសម្របសម្រួលលើការសិក្សាការហាមឃាត់ការនាំចូលយានយន្តជជុះដែលមានអាយុកាលច្រើនជាង ១០ឆ្នាំ។ បន្ថែមពីនេះ ក្រសួងបរិស្ថាន ក៏បានដឹកនាំ និងសម្របសម្រួលផងដែរលើការសិក្សាស្តីពីការកាត់បន្ថយពន្ធនាំចូលលើម៉ូតូអគ្គិសនី និងផលប៉ះពាល់លើចំណូលសារពើពន្ធ។ 




 

  • Share on Social Media