អេហ្ស៊ីប៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ និង លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងសហការី បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Anna Broadhurst និងលោកស្រី Sally Forrest តំណាងស្ថានទូត និងតំណាងបរិស្ថាន នៃប្រទេសនូវែលសេឡង់ ប្រចាំទីក្រុងបាងកក ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើកការប្រែប្រួលអាកាសធាតុ ជាពិសេសការវិនិយោគលើឥណទានកាបូនជាមួយកម្ពុជាក្រោមយន្តការមាត្រា៦។ ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត ហាក់ ម៉ៅ បានលើកឡើងពីគោលនយោបាយជាតិស្តីពីការប្រែប្រួលអាកាសធាតុ Updated NDC និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជា(LTS4CN) ដែលបានរួមបញ្ចូលទាំងផ្នែកកាត់បន្ថយការបញ្ចេញឧស្ម័ន និងការបន្សុំា ដែលជាការប្តេជ្ញាចិត្តក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ លោកបណ្ឌិតបានស្នើឱ្យភាគី New Zealand រៀបចំលិខិតផ្លូវការដោយបញ្ជាក់ពីគោលបំណង និងវិស័យដែលចង់ធ្វើវិនិយោគឥណទានកាបូន។

នៅព្រឹកថ្ងៃដដែល ឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ លោក អ៊ុយ កាម៉ាល អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងសហការី បានជួបប្រជុំទ្វេភាគីជាមួយ លោក Benedict Chia លោកស្រីFam Wee Wei លោក Puar Si Liang និងកញ្ញា Charissa Tang តំណាងប្រទេសសិង្ហបុរី ដើម្បីពិភាក្សាពីកិច្ចសហប្រតិបតិ្តការលើគម្រោងវិនិយោគឥណទានកាបូនជាមួយកម្ពុជាក្រោមយន្តការមាត្រា៦។ ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតហាក់ ម៉ៅ បានស្នើឱ្យពិចារណាលើគម្រោងដំណោះស្រាយផ្អែកលើធម្មជាតិ REDD+ និងថាមពល ជាពិសេសគម្រោងគាំទ្រការអភិរក្សនិងគ្រប់គ្រងធនធានធម្មជាំតិ គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្តល់ជម្រើសលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។ លោក អ៊ុយ កាម៉ាល និងលោកបណ្ឌិត ហាក់ ម៉ៅ បានស្នើឱ្យភាគីសិង្ហបុរី រៀបចំនិងផ្ញើជូននូវ ឯកសារទស្សនទាន និង MOU ដោយបញ្ជាក់នូវវិស័យដែលចង់អនុវត្តសាកល្បង។

ម្យ៉ាងវិញទៀត នៅរសៀលថ្ងៃដដែល លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមជាវាគ្មិនក្នុងវេទិកាស្តីអំពី «Development and Implementation of Long Term Strategies: The Role of Development Banks» ដែលរៀបចំដោយ AFD និង JICA។ វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកអំពីបទពិសោធន៍ក្នុងការរៀបចំ និងអនុវត្តន៍ផែនការយុទ្ធសាស្ត្ររយៈពេលវែង (LTS) និងការបង្កើនមធ្យោបាយនៃការអនុវត្តរួមទាំងការកសាងសមត្ថភាព និងការចូលរួមពីភាគីពាក់ព័ន្ធច្រើន (វិស័យឯកជន) សម្រាប់ការកៀរគរធនធាន។ ក្នុងវេទិកានេះ លោកបណ្ឌិត ហាក់ ម៉ៅ បានលើកឡើងពីការចូលរួមដែលមិនអាចខ្វះបានពីអ្នកធ្វើសេចក្តីសម្រេចចិត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែងនេះឱ្យមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ លោកបណ្ឌិត ក៏បានបញ្ជាក់ថាការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជា(LTS4CN) មិនត្រឹមជាការប្តេជ្ញាចិត្តក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ តែជាការបង្ហាញស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឯកភាពជាតិ សន្តិភាព សាមគ្គីភាព និងស្ថេរភាពជាតិផងដែរ។ ការរៀបចំនេះក៏បានវិភាគអំពីតុល្យភាពរវាងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ សេដ្ឋកិច្ច សង្គម យេនឌ័រ ឱកាសបង្កើតការងារ និរន្តរភាពបរិស្ថាន និងភាពធន់នឹងអាកាសធាតុ។ លោកបណ្ឌិតបានលើកឡើងពីតម្រូវការហិរញ្ញប្បទានក្នុងការអនុវត្ត ការកសាងសមត្ថភាព ការផ្ទេរបច្ចេកវិទ្យាអាកាសធាតុ និងបញ្ហាប្រឈមមួយចំនួនដូចជាកង្វះខាតទិន្នន័យជាដើម។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានបាននឹងកំពុងលើកទឹកចិត្ត និងជំរុញឱ្យមានការចូលរួមពីវិស័យឯកជន ជាពិសេសវិស័យធនាគារ ដើម្បីឱ្យទទួលបានជាស្ថាប័នទទួលមូលនិធិផ្ទាល់ (Accredited Entities)។

 

  • Share on Social Media