នាព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (CCCA) បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ «ការផ្តល់សុពលភាពលើរបាយការណ៍ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងដោយមានការចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជាសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងទូត ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ស្ថាប័នសិក្សា និងអ្នកពាក់ព័ន្ធផ្សេងៗចំនួនប្រមាណ ៧៩នាក់ (ស្រី ២២នាក់)។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ ១) បង្ហាញពីរបាយការណ៍ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុរបស់កម្ពុជា (Nationally Determined Contribution-NDC Update) ២) ស្វែងរកការបញ្ជាក់អះអាង ការផ្ទៀងផ្ទាត់ និងការឯកភាពលើលទ្ធផលនៃការធ្វើសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ និងការស្នើឡើងនូវសកម្មភាពកាត់បន្ថយព្រមទាំងវិធានការបន្ស៊ាំនានា និង៣)ផ្តល់សុពលភាពសេចក្តីព្រាងរបាយការណ៍ការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។
ឯកឧត្តម ទិន ពន្លក បានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមមួយសម្រាប់ពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ដែលមានការអភិវឌ្ឍតិចតួច ដូចជាប្រទេសកម្ពុជា ដោយសមត្ថភាពបន្ស៊ាំ និងបច្ចេកទេសនៅមានកម្រិតដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបានបន្ថែមទៀតថា ផ្អែកលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី អាកាសធាតុឆ្នាំ២០១៥ ប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិ បានឯកភាពរក្សាឱ្យបានការកើនឡើងសីតុណ្ហភាពមធ្យមសកលនៅក្រោម ២0C លើកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម និងបន្តកិច្ចប្រឹងប្រែងដើម្បីកម្រិតការកើនឡើងសីតុណ្ហភាពមធ្យមសកលនៅក្រោម ១,៥0C ដោយផ្តោតលើការកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច។ ហេតុដូចនេះ ប្រទេសនីមួយៗ ត្រូវរៀបចំរបាយការណ៍បច្ចុប្បន្នភាព NDC ដាក់ជូនទៅលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ រៀងរាល់៥ឆ្នាំម្តង។ តាមរយៈរបាយការណ៍NDCលើកទី២នេះ គិតត្រឹមឆ្នាំ២០៣០ ប្រទេសកម្ពុជា នឹងចូលរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចាក់ចំនួនប្រមាណ៣៧% (កើនឡើងចំនួន ៣៩% បើប្រៀធៀបជាមួយរបាយការណ៍NDCលើកទី១ ដែលបានដាក់ជូនទៅលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០១៥)។ របាយការណ៍ NDCលើកទី២នេះ មិនគ្រាន់តែបង្ហាញអំពីជំហររបស់ប្រទេសកម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងបង្កើនសកម្មភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវគោលនយោបាយ និងសកម្មភាពទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈកម្មវិធី/គម្រោងដូចជា គម្រោង REDD+ និងថាមពលកកើតឡើងវិញជាដើម។ ឯកឧត្តម បានកោតសរសើរ និងអរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ដូចជា (UNDP, World Bank, FAO, UNICEF, GGGI, UN Women ។ល។) ដែលចូលរួមរៀបចំរបាយការណ៍ក្នុងការផ្តល់សុពលភាពដ៏មានសារៈសំខាន់នេះឱ្យលេចជារូបរាងឡើង និងពិនិត្យផ្តល់យោបល់លើសកម្មភាពអាទិភាពនៃផ្នែកនិងវិស័យនីមួយៗ ដើម្បីឱ្យសម្រេចបានផែនការមុនពេលសន្និសីទកំពូលលើកទី២៦នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ឆ្នាំ២០២១ នៅប្រទេសអង់គ្លេស។
កម្រងរូបថត៖ http://ncsd.moe.gov.kh/kh/resources/album/meeting-cctwg-dps-validation-ndc