នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ ស្តីពីវឌ្ឍនភាពការអនុវត្តគោលនយោបាយការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាព  ឯកឧត្ដម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ដ្រីបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ដ្រីរាជការក្រសួងបរិស្ថាន ឯកឧត្ដម  លោកជំទាវ លោក លោកស្រី ជាអនុប្រធាន  សមាជិក  និងសមាជិកាក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធសរុប ៦០ រូប។ កិច្ចប្រជុំមានគោលបំណង  ផ្សព្វផ្សាយលើសេចក្ដីសម្រេចកិច្ចប្រជុំ COP27 និងពិនិត្យវឌ្ឍនភាព  នៃការអនុវត្ដរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ  (Updated NDC) និង យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN)។

ឯកឧត្ដម ទិន ពន្លកមានប្រសាសន៍ថា ទោះបីកម្ពុជាជាប្រទេសដែលមានទំនួលខុសត្រូវតិចតួចជាប្រវត្តិសាស្រ្តបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ តែកម្ពុជាបានឆ្លើយតបនឹងបញ្ហាសកលនេះដោយដាក់ចេញនូវសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន។ 

ឯកឧត្ដម បានថ្លែងអំណរនិងកោតសរសើរដល់តំណាងអន្ដរក្រសួង ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងតែបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្ដការងារប្រែប្រួលអាកាសធាតុ ជាពិសេសលើការងារបញ្ចូលសកម្មភាពអនុវត្ដន៍ NDC/LTS4CN ក្នុងប្រព័ន្ធវាស់វែង រាយការណ៍ និងផ្ទៀងផ្ទាត់ដែលក្រសួងបរិស្ថានបានបង្កើតឡើងក្នុងឆ្នាំ២០២១ ហើយវឌ្ឍនភាពនៃការអនុវត្តសកម្មភាពប្រចាំឆ្នាំ២០២១ បានធ្វើបច្ចុប្បន្នភាពយ៉ាងជោគជ័យ ដោយពឹងផ្អែកលើទិន្នន័យដែលប្រមូលបានពីក្រសួងស្ថាប័នពាក់ព័ន្ធ។ ដោយឡែក វឌ្ឍនភាពការងារក្នុងឆ្នាំ២០២២ នឹងត្រូវបញ្ចប់កំឡុងពេលត្រីមាសទី២ ក្នុងឆ្នាំ២០២៣នេះ។  យ៉ាងណាមិញ ការធ្វើបច្ចុប្បន្នភាព NDC ទាមទារការដាក់បញ្ចូលរាល់ទិន្នន័យចាំបាច់ពីក្រសួងពាក់ព័ន្ធ ទៅក្នុងប្រព័ន្ធតាមដានដែលត្រូវបានបង្កើតឡើង។ 

ឯកឧត្ដមរដ្ឋលេខាធិការក៏បានបន្ថែមថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំសេចក្ដីព្រាងផែនការបញ្ចកោណ ឆ្នាំ២០២៣-២០២៨ ដោយបញ្ចូលនូវការធានានិរន្ដរភាពបរិស្ថាន ការត្រៀមខ្លួនការបន្ស៊ាំខ្លួននឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតង។ ការចូលរួមពីវិស័យឯកជនក៏មានសារៈសំខាន់ផងក្នុងការអនុវត្ដការងារប្រែប្រួលអាកាសធាតុ។ 

ជាលទ្ធផល កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការធ្វើបទអន្ដរាគមន៍ពាក់ព័ន្ធនឹង (១) វឌ្ឍនភាពនៃការអនុវត្តរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Updated NDC) ឆ្នាំ២០២២ (២) វឌ្ឍនភាពនៃការអនុវត្ត NDC តាមវិស័យឆ្នាំ  ២០២២ (៣) ទស្សនៈរបស់ដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្ត និងគាំទ្រ NDC (៤) បទបង្ហាញអំពីលទ្ធផលសំខាន់ៗនៃសន្និសីទលើកទី២៧(COP27)។






  • Share on Social Media