រាជធានីភ្នំពេញ៖​ ចាប់ពីថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយ មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ សម្រាប់ប្រទេសកម្ពុជា។ សិក្ខាសាលានេះក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត និងលោក  Anirban Chatterjee នាយករងតំណាង UNICEF ប្រចាំកម្ពុជា ដោយមានការចូលរួមពី មន្រ្តីនិងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ អង្គការសង្គមស៊ីវិល និង ដៃគូអភិវឌ្ឍន៍ ចំនួន៧៥រូប (ស្រ្តី២១រូប)។ សិក្ខាសាលានេះមានគោលបំណងដើម្បីពិភាក្សានិងប្រមូលធាតុចូលលើគំនិតផ្តួចផ្តើមក្នុងការបង្កើតទិន្នន័យហានិភ័យកុមារ និងការរៀបចំម៉ូដែលហានិភ័យអាកាសធាតុនិងគ្រោះមហន្តរាយលើកុមារ សម្រាប់បរិបទប្រទេសកម្ពុជា។
 
លោក  Anirban Chaterjee បានសម្តែងនូវក្តីសោមនស្សរីករាយ និងអរគុណក្រសួងបរិស្ថានដែលបានគាំទ្រកិច្ចសហការលើគំនិតផ្តួចផ្តើមរៀបចំសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ។ លោកបានបញ្ជាក់ថា កម្ពុជាមានសន្ទស្សន៍ហានិភ័យអាកាសធាតុកុមារខ្ពស់រហូតដល់ ៦,៥ លើ ១០ និងជាប់ចំណាត់ថ្នាក់ទី៤៦ ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតទូទាំងពិភពលោក។ លោកបានសង្កត់ធ្ងន់ថា តាមរយៈសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារនេះនឹងអាចកំណត់អំពីស្ថានភាពនៃភាពប្រឈម និងភាពងាយរងគ្រោះរបស់កុមារទៅនឹងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ហើយព័ត៌មានទាំងនេះនឹងជួយកំណត់សកម្មភាពអាទិភាពសំខាន់ៗសម្រាប់ជួយគាំទ្រកុមាររងគ្រោះ ការកសាងផែនការ និងគាំទ្រដល់ការសម្រេចចិត្តក្នុងការរៀបចំគោលនយោបាយពាក់ព័ន្ធ។
 
ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ បានលើកឡើងពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ និងភាពងាយរងគ្រោះដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានលើកឡើងអំពី គោលនយោបាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការជាតិ និងថ្នាក់ក្រោមជាតិ ការដាក់បញ្ចូលមេរៀននិងសម្ភារឧបទេសអប់រំស្តីការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សាជាតិ ការរៀបចំក្រមបរិស្ថាននិងធនធានធម្មជាតិ សៀវសម្រាប់វិស័យបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាព របាយការណ៍ Updated NDC យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) និងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាដើម។ ឯកឧត្តមស្នើឱ្យក្រសួងស្ថានប័នពាក់ព័ន្ធ និងអង្គការដៃនានា ចូលរួមសហការក្នុងដំណើរការរៀបចំ និងបញ្ជ្រាបម៉ូលដែលនេះទៅក្នុងបរិបទនៃប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹតកាបូននាពេលខាងមុខ។ ឯកឧត្តម បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសការិយាល័យកិច្ចការមនុស្សធម៌ (BHA) របស់ USAID និងអង្គការ UNICEF ដែលបានសហការជាមួយក្រសួងបរិស្ថាន ក្នុងការរៀបចំគំនិតផ្តួតផ្តើមដ៏មានសារសំខាន់សម្រាប់កុមារកម្ពុជា នាពេលនេះ។

  • Share on Social Media