នៅថ្ងៃអង្គារ ១៣កើត ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការគ្រប់គ្រងគម្រោង «ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច នៅតំបន់លំនៅឋានតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា» នៅសណ្ឋាគារវ៉ាការ៉ា ខេត្តកែប ក្រោមអធិបតី ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន   និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោង ឯកឧត្តម ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោង លោកស្រី ទិត សុខា អភិបាលរង នៃគណៈអភិបាលខេត្តកែប និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោង និងដោយមានការចូលរួមពីសំណាក់សមាជិកគណៈកម្មាធិការគ្រប់គ្រងគម្រោង  ពីក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ២០រូប។ កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖ ១) ណែនាំសមាសភាពគណៈកម្មាធិការគ្រប់គ្រងគម្រោងតំណាងមកពីស្ថាប័នពាក់ព័ន្ធ ២) ពិនិត្យមើលពីវឌ្ឍនភាពគម្រោង និងបញ្ហាប្រឈម ៣) អនុម័តលើផែនការសកម្មភាពអនុវត្ដគម្រោងសម្រាប់ឆ្នាំ២០២៣-២០២៤ និង ៤) អនុម័ត និងផ្ដល់សុពលភាពដល់ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោង។ នៅក្នុងសន្ទរកថាបើក ឯកឧត្តម ទិន ពន្លក បានវាយតម្លៃខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយអង្គការUN Habitat ក្នុងការផ្តួចផ្តើមបង្កើត និងអនុវត្តគម្រោងនេះ។ ឯកឧត្តមបានគូសបញ្ជាក់អំពីបញ្ហាប្រឈម និងផលប៉ះពាល់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងកម្រិតសកល និងប្រទេសកម្ពុជា ដែលជាប្រទេសដែលងាយរងគ្រោះបំផុត ហើយសកម្មភាពបន្ស៊ាំជាយន្តការមួយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់នេះ។ ប្រទេសកម្ពុជាបានចាត់ទុកការប្រែប្រួលអាកាសធាតុជាបញ្ហាចាំបាច់ និងបន្ទាន់ ដោយបានដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ នៅមុំទី៥។ កិច្ចប្រជុំបានសម្រេចទៅលើចំណុចដូចខាងក្រោម៖ ១)បានណែនាំអំពីសមាសភាពគណៈកម្មាធិការគ្រប់គ្រងគម្រោងតំណាងមកពីស្ថាប័នពាក់ព័ន្ធ ២)បានពិនិត្យមើលអំពីវឌ្ឍនភាព និងបញ្ហាប្រឈម ក្នុងការអនុវត្តគម្រោងកន្លងមក ៣)បានឯកភាពអនុម័តលើផែនការសកម្មភាពអនុវត្ដគម្រោងសម្រាប់ឆ្នាំ២០២៣-២០២៤ ៤) អនុម័ត និងផ្ដល់សុពលភាពដល់ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសដើម្បីអនុវត្តសកម្មភាពកសាងហេដ្ឋារចនាសម្ព័ន្ធ ៥)ឯកភាពក្នុងការពិនិត្យលទ្ធភាពប្រើប្រាស់កញ្ចប់ថវិកាឱ្យអស់ពីលទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ពាក់ព័ន្ធនឹងការស្តារទំនប់រនេស ដែលបច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម បានកសាងរួចរាល់ ដើម្បីពង្រីកវិសាលភាពទៅផ្នែកផ្សេងទៀត ៦)ឯកភាពក្នុងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសនៅថ្នាក់ក្រោមជាតិដើម្បីកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធនានានៅក្នុងគម្រោងឱ្យទទួលបានជោគជ័យ។ គម្រោងនឹងមានទស្សនកិច្ចសិក្សានៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើលទីតាំងដែលត្រូវកសាងទំនប់ការពារទឹកប្រៃ ឃុំអង្កោល ស្រុកដំណាក់ចង្អេីរដើម្បីស្វែងយល់ និងពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់ដែលបណ្តាលមកពីការជ្រាបចូលនៃទឹកប្រៃ និងអត្ថប្រយោជន៍ក្នុងការកសាងទំនប់នេះ។









 

  • Share on Social Media