ដើម្បីចូលរួមចំណែកក្នុងការរក្សាធនធានព្រៃឈើនៅក្នុងប្រទេសកម្ពុជាឱ្យគង់វង្សនិងមាននិរន្តរភាព ការគ្រប់គ្រងព្រៃឈើផ្អែកលើសហគមន៍ ត្រូវបានទទួលស្គាល់ដោយច្បាប់នៃប្រទេសកម្ពុជាក្នុងគោលបំណងផ្តល់សិទ្ធិអំណាចដល់ប្រជាជនមូលដ្ឋានក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ។ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) តាមរយៈកម្មវិធី​សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣  (CCCA3) ដោយមានការគាំទ្រថវិកាពី សហភាពអឺរ៉ុប ប្រទេសស៊ុយអែត និង    កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានផ្តល់មូលនិធិគម្រោង «និរន្តរភាពថវិកាសម្រាប់សកម្មភាពអាកាសធាតុ តាមរយៈសហគមន៍ព្រៃឈើ» ដែលអនុវត្តដោយអង្គការ រីខូហ្វ (RECOFTC) ដើម្បីសាកល្បងអនុវត្តអភិក្រមដោយនវានុវត្តន៍ដែលហៅថា«យន្តការ​ផ្តល់ឥណទានដល់សហគមន៍ព្រៃឈើ»។ គម្រោងនេះបានផ្តល់ថវិកាសម្រាប់ប្រជាសហគមន៍ក្នុងការអនុវត្តសកម្មភាពរបស់ពួកគេដើម្បី ចូលរួមចំណែកកាត់បន្ថយ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈ ការដាំនិងស្តារព្រៃឡើងវិញ ការល្បាត និងការផ្តល់ហិរញ្ញប្បទានសម្រាប់សកម្មភាពលើកកម្ពស់ជីវភាពប្រកបដោយចីរភាពនៅក្នុងសហគមន៍ព្រៃឈើចំនួន១០ ក្នុងខេត្តកំពង់ធំ និងក្រចេះ។

សមាជិកប្រជាសហគមន៍ព្រៃឈើកំពុងប្រមូលផលទំពាំងសម្រាប់ធ្វើម្ហូបពីព្រៃសហគមន៍របស់ពួកគេ​​

លោកស្រី ម៉ន សារ៉ន (ខាងលើ)​ និងលោកស្រី ថន ថាន់នី (ខាងក្រោម) កំពុងតែប្រមូលទំពាំងឫស្សីសម្រាប់ធ្វើជាម្ហូបអាហារ ស្ថិតនៅក្នុងសហគមន៍ព្រៃឈើ អូតានឿង ខេត្តក្រចេះ។ លោកស្រីបានលើកឡើងថា «​កម្ចីឥណទានសហគមន៍មានសារៈសំខាន់សម្រាប់ពួកយើង ហើយពួកយើងអាចប្រើប្រាស់ថវិកាទាំងនោះក្នុងសកម្មភាពស្តារព្រៃឈើឡើងវិញ ការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដើរល្បាតព្រៃ»​។

សហគមន៍ចុះល្បាត ដោយមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរ ដើម្បីការពារធនធានព្រៃឈើរបស់ពួកគេ

សមាជិកប្រជាសហគមន៍ព្រៃឈើម្នាក់កំពុងប្រមូលទឹកឃ្មុំ​​  

  • Share on Social Media