អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (អ.ក.អ.ច.) មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃ អ.ក.អ.ច. បានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ តាមដានវឌ្ឍនភាព នៃរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ (Updated NDC) ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) តាមរយៈ​ប្រព័ន្ធអនឡាញ នៅលើគេហទំព័ររបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ដែលមានឈ្មោះថា NDC tracking: https://ncsd.moe.gov.kh/ndc-tracking

របាយការណ៍ Updated NDC ដែលបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញា UNFCCC នាខែធ្នូ ឆ្នាំ២០២០កន្លងទៅ បានបង្ហាញនូវគោលដៅថ្មីច្បាស់លាស់របស់កម្ពុជាពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានចំនួនប្រមាណ ៦៤,៦លានតោន នៃសមមូលឧស្ម័នកាបូនិកក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០ បើប្រៀបធៀបនឹងការព្យាករណ៍តាមទម្លាប់ធម្មតា (ស្មើនឹង៤១,៧% ដែលក្នុងនោះ៥៩,១% មកពីវិស័យព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត)។ របាយការណ៍បច្ចុប្បន្នភាពនេះ រួមមានសកម្មភាពកាត់បន្ថយអាទិភាពចំនួន៣៣ នៃវិស័យចំនួន៧ រួមមាន៖ ថាមពល សំណល់ ឧស្សាហកម្ម ដកជញ្ជូន កសិកម្ម សំណង់ និងព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត។ របាយការណ៍នេះក៏មានសកម្មភាពបន្ស៊ាំជាអាទិភាពចំនួន៥៨ នៃវិស័យចំនួន៩ រួមមាន៖ កសិកម្ម តំបន់ឆ្នេរ ថាមពល សុខភាពមនុស្ស ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ អគារ និងផែនការប្រើប្រាស់ដីទីក្រុង) ជីវភាពរស់នៅ ភាពក្រីក្រ និងជីវៈចម្រុះ ទេសចរណ៍ និងធនធានទឹក។ លើសពីនេះ សកម្មភាពចម្រុះចំនួន២៩ ក៏ត្រូវបានផ្តល់អាទិភាពរួមមាន៖ ការអប់រំ យេនឌ័រ អភិបាលកិច្ច ព័ត៌មាន ការចែករំលែក ចំណេះដឹង និងគោលនយោបាយ និងផែនការសកម្មភាពពាក់ព័ន្ធនានា

            ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស្តីពី ការប្រែប្រួលអាកាសធាតុ ដែលត្រូវបានអនុម័តដោយភាគីជាសមាជិកនៃអនុសញ្ញាចំនួន១៩៦ នៅសន្និសីទកំពូលលើកទី២១ នៅទីក្រុងប៉ារីស ប្រទេសទាំងអស់បានឯកភាពក្នុងការបង្កើតក្របខ័ណ្ឌតម្លាភាពមួយដែលមានលក្ខណៈល្អប្រសើរជាងមុនសម្រាប់តាមដានការអនុវត្ត NDC។​ ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព NDC ដែលត្រូវបានដាក់ឱ្យដំណើរការនៅពេលនេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃក្របខ័ណ្ឌតម្លាភាព ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ហើយវាដើរតួយ៉ាងសំខាន់សម្រាប់រាយការណ៍អំពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជាដែល​សម្រេច​បានអំពីការប្តេជ្ញាចិត្តក្នុងការអនុវត្ត NDC ក្នុងការចូលរួមចំណែកដល់កិច្ចប្រឹងប្រែងជាសកលដើម្បីរក្សាកំណើនកម្តៅផែនដីនៅកម្រិត ១,៥ អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម

ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនេះ មានការដាក់បង្ហាញទំព័រសង្ខេបជាសាធារណៈមួយអំពីរបាយការណ៍ Updated NDC និងប្រព័ន្ធគ្រប់គ្រង NDC មួយសម្រាប់ធ្វើការរាយការណ៍ពីវឌ្ឍនភាពនៃសកម្មភាព និងការប្តេជ្ញាចិត្តដោយក្រសួង​ ស្ថាប័នពាក់ព័ន្ធដែលត្រូវធ្វើបច្ចប្បន្នភាពជារៀងរាល់ឆ្នាំ។ រាល់ទិន្នន័យនៃប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនេះនឹងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ ហើយព័ត៌មានទាក់ទងអំពីវឌ្ឍនភាពសម្រាប់ឆ្នាំ២០២១នឹងត្រូវដាក់បង្ហាញជាសាធារណៈនៅលើគេហទំព័រ ក.ជ.អ.ច. នាដើមឆ្នាំក្រោយ។ ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនេះ ផ្តោតសំខាន់លើ៖ ១) ផ្នែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ រួមមានការ​តាម​ដានសកម្មភាពកាត់បន្ថយ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ២) ផ្នែកបន្ស៊ាំគ្របដណ្តប់លើសកម្មភាពបន្ស៊ាំនានា និងតំណភ្ជាប់ទៅកាន់សន្ទស្សន៍ភាពងាយរងគ្រោះដែលមានស្រាប់ និង៣) ផ្នែកសកម្មភាពចម្រុះ រួមមានការតាមដានហិរញ្ញវត្ថុ ចំណេះដឹង ឥរិយាប និងការអនុវត្តស្តីពីការប្រែប្រួលអាកាសធាតុ​ និងសូចនាករត្រៀមរបស់ក្រសួង ស្ថាប័នបន្ថែមលើសពីនេះ ឆ្លងកាត់ការប្រឹក្សាយោបល់ជាមួយក្រសួងពាក់ព័ន្ធ សូចនាករអន្តរវិស័យសំខាន់ៗមួយចំនួនទៀតនឹងត្រូវដាក់បញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនេះផងដែរ។

អ.ក.អ.ច. សូមថ្លែងអំណរគុណដល់ដៃគូ ភាគីពាក់ព័ន្ធនានាដែលបាន​ចូលរួមក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព NDC ដ៏មានតម្លៃនេះ ជាពិសេសកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (ដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប ប្រទេសស៊ុយអត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) និងធនាគារពិភពលោកដែលបានជួយគាំទ្រក្នុងដំណើរការរៀបចំនេះ

  • Share on Social Media