សេចក្តីប្រកាសព័ត៌មាន

របាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ(NDCUpdate) ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ (UNFCCC)              

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (អ.ក.អ.ច.)មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ក្រសួងស្ថាប័នជាតិ ស្ថានទូត និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដាក់ឯកសាររបាយការណ៍បច្ចុប្បន្នភាពនៃការរួមចំណែករបស់ជាតិ (NDC​ Update) ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រ​ជា​ជាតិស្ដីពី​ការប្រែប្រួលអាកាសធាតុ ទៅកាន់លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអា​កាសធាតុ (UNFCCC) កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

ឯកសាររបាយការណ៍បច្ចុប្បន្នភាពនេះ បង្ហាញអំពីការបេ្តជ្ញាចិត្ត និងជំហររបស់ប្រទេសកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់ ដើម្បីសម្រេចឱ្យបានតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ ដែលកិច្ចព្រមព្រៀងនេះត្រូវបានអនុម័តនៅសន្និសីទកំពូលលើកទី២១ នៅទីក្រុងប៉ារីស ដោយភាគីជាសមាជិកនៃអនុសញ្ញាចំនួន១៩៦ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ និងចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិបានឯកភាពរក្សាឱ្យបានកំណើនកម្តៅផែនដីឱ្យនៅកម្រិតទាបជាង២ អង្សាសេ និងបន្តឱ្យនៅត្រឹម ១,៥ អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម ដើម្បីកាត់បន្ថយនូវហានិភ័យ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ ទោះបីកម្ពុជាជាប្រទេសចូលរួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្តី តែតាមរយៈឯកសាររបាយការណ៍បច្ចុប្បន្នភាពនេះកម្ពុជាបានបង្ហាញឆន្ទៈអំពីជំហររបស់ខ្លួនក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈធនធានរបស់ខ្លួន និងបង្កើនសកម្មភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យកម្ពុជាអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅរកភាពធន់នឹងអាកាសធាតុ បញ្ចេញកាបូនតិច និងប្រកប​ដោយ​ចីរភាព។​ របាយការណ៍បច្ចុប្បន្នភាពនេះ បង្ហាញថាកម្ពុជាអាចកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បានចំនួនប្រមាណ៦៤,៦លានតោន (៤១.៧%) នៃសមមូលកាបូនឌីអុកស៊ីតក្នុងមួយឆ្នាំត្រឹមឆ្នាំ២០៣០។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងរៀបចំសន្និសីទសារព័ត៌មាន និងការប្រកាសដាក់ឱ្យប្រើនូវរបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ (NDC Update) ជាផ្លូវការក្នុងកំឡុងសប្តាហ៍ទី១ នៃខែកុម្ភៈ ឆ្នំា២០២១។ សម្រាប់ពេលវេលាជាក់លាក់ នៃការរៀបចំ​សន្និសីទ​សារព័ត៌មាន និងការប្រកាសដាក់ឱ្យប្រើនូវបាយការណ៍បច្ចុប្បន្នភាពជាផ្លូវការនេះនឹងជូនដំណឹងនាពេលខាងមុខ។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សូមថ្លែងអំណរគុណ ចំពោះក្រសួង ស្ថាប័ន​​ និងដៃគូនានាដែលបាន​ចូលរួមក្នុងការរៀបចំរបាយការណ៍ដ៏មានតម្លៃនេះឱ្យលេចជារូបរាងទ្បើងហើយស្ថាប័នទាំងនោះរួមមាន៖ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (ដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប ប្រទេសស៊ុយអ៊ែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ធនាគារពិភពលោក និងដៃគូនានាដែលបានជួយគាំទ្រ និងសហការក្នុងដំណើរការរៀបចំឯកសាររបាយការណ៍នេះ។

ព័ត៌មានលម្អិតអំពីឯកសាររបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ(NDC​​​​ Updat​e) ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុអាចទាញយកបានក្នុងគេហទំព័ររបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព៖

https://ncsd.moe.gov.kh/resources/document/Cambodia_NDC_Updated

 

  • Share on Social Media