ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) បានរៀបចំសិក្ខាសាលាបើកគម្រោងមូលនិធិអាកាសធាតុបៃតង «ការធ្វើឱ្យប្រសើរឡើងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការគ្រប់គ្រងសំណល់ប្រកបដោយចីរភាពនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា» នាថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសង្គហមិត្ត ក្រុងកែប។

គម្រោងមូលនិធិអាកាសធាតុបៃតង «ការធ្វើឱ្យប្រសើរឡើងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការគ្រប់គ្រងសំណល់ប្រកបដោយចីរភាពនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា» អនុវត្តដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន ដោយមានកិច្ចសហការពីអង្គការ UN-Habitat ក្រោមការទទួលបានការគាំទ្រហិរញ្ញប្បទានអាកាសធាតុពីមូលនិធិអាកាសធាតុបៃតង (GCF) ក្នុងការប្រតិបត្តិគម្រោងរយៈពេល១៨ខែ (២០២២-២០២៣) ដែលអនុវត្តនៅខេត្តកែប និងខេត្តព្រះសីហនុ។ គម្រោងនេះ មានគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឆ្ពោះទៅរកការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីរក្សាបាននូវអនាម័យ និងសោភណ្ឌភាពទីក្រុង និងទីប្រជុំជននានានៃខេត្តគោលដៅទាំងពីរ តាមរយៈសកម្មភាពជាអាទិភាព ដែលនឹងរួមចំណែកដល់កិច្ចការពារបរិស្ថាន ធននឹងការប្រែប្រួលអាកាសធាតុ និងការបញ្ចេញកាបូនតិចនៅតំបន់ឆ្នេរ។​ សិក្ខាសាលាបើកគម្រោងនេះ រៀបចំឡើងដើម្បី បង្ហាញពីព័ត៌មានទូទៅនៃគម្រោង និងវឌ្ឍនភាពនៃការអនុវត្តគម្រោង ព្រមទាំងសំណើបង្កើតគោលយន្តការសម្របសម្រួលរវាងភាគីពាក់ព័ន្ធសំខាន់ៗ និងចាប់ផ្តើមអនុវត្តគម្រោងជាផ្លូវការ

ថ្លែងក្នុងសិក្ខាសាលាបើក លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ ក្នុងនាមអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន បានសម្តែងការអរគុណចំពោះ តំណាងក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនៅថ្នាក់ខេត្តទាំងអស់ដែលបានចូលរួម និងផ្តល់ធាតុចូលក្នុងសិក្ខាសាលាបើកគម្រោងនេះ។ លោកបណ្ឌិត បានលើកឡើងថាប្រទេសកម្ពុជាជាប្រទេសដែលងាយរងគ្រោះពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងសីតុណ្ហភាពសកល គ្រោះរាំងស្ងួត និងទឹកជំនន់ ខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ និងការកើនឡើងនូវនីវ៉ូទឹកសមុទ្រដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន ការរស់នៅរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍប្រទេស ជាពិសេស បង្កនូវបញ្ហាប្រឈមនានាក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់​គ្រងទឹក ការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់រាវ។ ក្នុងនោះ តំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅក្នុងប្រទេសដោយ​សារការកើនឡើងនូវនីវ៉ូទឹកសមុទ្រ និងគ្រោះមហន្តរាយដូចជា ទឹកជំនន់ ខ្យល់កន្ត្រាក់ ដែលកើតមានកាន់តែញឹកញាប់ និងខ្លាំងជាងមុន។ លោកបណ្ឌិត បានបញ្ជាក់ថា ទោះបីកម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចក្តី តែរាជរដ្ឋាភិបាលបានកំណត់អាទិភាពនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហានេះទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅឆ្នាំ១៩៩៦ ពិធិសារក្យូតូនៅឆ្នាំ២០០២ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០១៧ ជាពិសេសតាមរយៈការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងរបាយការណ៍ជាតិជាច្រើនដូចជា ផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា (២០១៤-២០២៣) ផែនការយុទ្ធសាស្រ្តតាមវិស័យ របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (Updated NDC) យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) និងការលើកកម្ពស់សមត្ថភាពនិងការផ្សព្វផ្សាយព័ត៌មានការប្រែប្រួលអាកាសធាតុ សំដៅកាត់បន្ថយនិងលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិត ហាក់ ម៉ៅ​ បានសង្កត់ធ្ងន់ថាតាមរយៈ  LTS4CN ការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាពនឹងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បានប្រមាណ ៥.៣ លានតោន ឧស្ម័នកាបូនិកសមមូល នៅត្រឹមឆ្នាំ២០៥០។ យ៉ាងណាមិញ ការគ្រប់គ្រងសំណល់រឹង និងសំណល់រាវនៅតាមតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា នៅតែជួបបញ្ហាប្រឈមមួយចំនួន ដូច្នេះគម្រោងផ្តួចផ្តើមនឹងចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ឆ្ពោះទៅរកការកែលម្អការគ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសំរាម សំណល់រឹង តាមរយៈ​​សកម្មភាពនានា ដែលនឹងចូលរួមចំណែកដល់ការកិច្ចពារបរិស្ថានតំបន់ឆ្នេរ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ប្រធានកម្មវិធីនៃUN-Habitat អ្នកជំនាញការជាតិ  តំណាងមកពី ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្រ្តីនៃរដ្ឋបាលខេត្តកែប និងខេត្តព្រះសីហនុ សរុបចំនួន២៥នាក់។  សិក្ខាសាលាបានបង្ហាញពីលទ្ធផលសិក្សាគោលនយោបាយ និងយុទ្ធសាស្រ្តដែលមានស្រាប់ស្ដីពីការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រឹងក្នុងទីក្រុងតាមតំបន់ឆ្នេរនៃប្រទេសកម្ពុជា ដើម្បីជាព័ត៌មានសម្រាប់អ្នករៀបចំគោលនយោបាយ ព្រមទាំងបានលើកសំណើបង្កើតយន្តការសម្របសម្រួលរវាងភាគីពាក់ព័ន្ធសំខាន់ៗ សំដៅអនុវត្តគម្រោងប្រកបដោយជោគជ័យ។

  • Share on Social Media