នាព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៩ នេះឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោក Kenichi Bessho លេខាទី១នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចូលរួមជាកិត្តិយសបើកសិក្ខាសាលាស្ដីពី យន្តការឥណទានកាបូនរួមគ្នា "ការចូលរួមអនុវត្តNDC និងការអនុវត្តSDGs" នៅសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ ដែលបានរៀបចំឡើងដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងមានការគាំទ្រពីវិទ្យាស្ថានយុទ្ធសាស្រ្តបរិស្ថានសាកល IGES។ សិក្ខាសាលានេះមានការចូលរួមពីសិក្ខាកាមមកពីក្រសួង/ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនចំនួន៥០នាក់។ គោលបំណងសំខាន់ៗរបស់សិក្ខាសាលានេះ ដើម្បី៖ ១. ណែនាំពីបទពិសោធន៍ក្នុងការរៀបចំគម្រោងយន្តការឥណទានកាបូនរួមគ្នា ២. ចែករំលែកគំនិតយោបល់ពីវិធីដែលយន្តការឥណទានកាបូនរួមគ្នារួមចំណែកដល់NDCរបស់កម្ពុជា និង ៣. ចែករំលែកគំនិតពីរបៀបដែលយន្តការឥណទានកាបូនរួមគ្នារួមចំណែក ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព(SDGs)។ លោក Kenichi Bessho បានលើកឡើងពីការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថានជប៉ុន និងក្រសួងបរិស្ថានកម្ពុជាលើវិស័យសាធារណៈ និងឯកជនភាគីទាំងពីរក្នុងការចូលរួមគម្រោងយន្តការឥណទានកាបូនរួមគ្នា ដើម្បីលើកកម្ពស់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាននិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលបានបញ្ចូលការប្រែប្រួលអាកាសធាតុជាអាទិភាពរបស់ជាតិក្នុងការចាត់វិធានការឆ្លើយតបសមស្របនិងទាន់ពេលវេលា និងអំពាវនាវឱ្យមានការចូលរួមរបស់ក្រសួងស្ថាប័ននៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន/គ្រឹះស្ថានហិរញ្ញវត្ថុ អង្គការមិនមែនរដ្ឋាភិបាល និងគ្រឹះស្ថានឧត្តមសិក្សា នៅក្នុងការដោះស្រាយបញ្ហានេះ។ កម្ពុជាបានរៀបចំនិងកំពុងអនុវត្ត ផែនការយុទ្ធសាស្រ្តជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ២០១៤-២០២៣ (CCCSP)ផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមវិស័យ ២០១៤-២០១៨ (CCAP) របាយការណ៍ស្តីពីការចូលរួមចំណែកថ្នាក់ជាតិរបស់កម្ពុជា (INDC) ដែលបានដាក់ជូន UNFCCC នៅឆ្នាំ២០១៥ កន្លងទៅនិងកំពុងរៀបចំរបាយការណ៍ជាតិលើកទី៣ (TNC)របាយការណ៍បច្ចុប្បន្នកម្មពីរឆ្នាំម្តងលើកទី១ (fBUR)និងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តការចូលរួមចំណែកថ្នាក់ជាតិ NDC Roadmap។ ជាងនេះទៅទៀត ប្រទេសកម្ពុជាបាននិងកំពុងជំរុញយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់មានដូចជា យន្តការអភិវឌ្ឍន៍ស្អាត (CDM) សកម្មភាពកាត់បន្ថយសមស្របថ្នាក់ជាតិ(NAMA) និងយន្តការឥណទានកាបូនរួមគ្នា (JCM) ដែលមានគម្រោងគំរូចំនួន៦បាននិងកំពុងអនុវត្តសកម្មភាពរបស់ខ្លួននៅកម្ពុជា។
