នាព្រឹកថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (CCCA) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ  របាយការណ៍នៃការសិក្សាលើកទី៣ ស្តីពី «ការស្វែងយល់ពីទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា៖ ចំណេះដឹង ឥរិយាបថ និងការអនុវត្ត (KAP3)» តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ សិក្ខាសាលានេះចូលរួមជាអធិបតីដោយ ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន សមាជិក ក.ជ.អ.ច. សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានសិក្សា និងអ្នកពាក់ព័ន្ធផ្សេងៗចំនួនប្រមាណ ២៤៣រូប។ 
លោកស្រី Sonali Dayaratne អនុប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា បានអបអរសាទរចំពោះក.ជ.អ.ច. តាមរយៈនាយកដ្ឋានប្រែប្រួលអាកាសធាតុ ដែលបានរៀបចំរបាយការណ៍សិក្សាលើកទី៣ នេះឱ្យលេចជារូបរាងឡើង។ លោកស្រីសង្ឃឹមថា របាយការណ៍ KAP3 នេះនឹងផ្តល់ព័ត៌មានចាំបាច់សម្រាប់ភាគីពាក់ព័ន្ធដើម្បីរៀបចំកម្មវិធីអន្តរាគមន៍រួមគ្នា ក្នុងការលើកកម្ពស់សមត្ថភាពបន្ស៊ាំរបស់ប្រជាជន ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវការបេ្តជ្ញាចិត្ត និងជំហររបស់ប្រទេសកម្ពុជា ក្នុងការចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីអាកាសធាតុ។  
ឯកឧត្តម ទិន ពន្លក បានលើកឡើងថាការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន និងអនាគត ដែលពិភពលោកទាំងមូលបានសម្ដែងនូវក្ដីព្រួយបារម្ភ អំពីបញ្ហាជាសកលនេះ ព្រោះវាបានក្លាយជាមូលហេតុមួយនៃភាពក្រីក្រ ក៏ដូចជាកត្តាគំរាមកំហែងដល់បរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះនៅលើពិភពលោកផងដែរ។ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុហើយកន្លងមក ប្រជាជនកម្ពុជាបានទទួលរងនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះធ្ងន់ធ្ងរ កំណើនកម្ពស់ទឹកសមុទ្រជាដើម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ព្រឹត្តការណ៍អាកាសធាតុក្នុងរយៈពេលចុងក្រោយនេះ មានលក្ខណៈធ្ងន់ធ្ងរ និងជាក់ស្តែង ដូចជាការកើនឡើងកម្តៅនៅប្រទេសកាណាដារហូតដល់ជាង៤០អង្សាសេ ទឹកជំនន់ធ្ងន់ធ្ងរនៅប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប គ្រោះរាំងស្ងួតនៅមជ្ឈឹមបូព៌ា ការរលាយផ្ទាំងទឹកកកសមុទ្រអាក់ទិកកាន់តែខ្លាំង ដែលបង្កជាកាលានុវត្តភាព និងបញ្ហាប្រឈមថ្មីដល់សេដ្ឋកិច្ច-សង្គម បរិស្ថាន និងភូមិសាស្រ្តនយោបាយក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ទិន ពន្លក បានបន្ថែមទៀតថាដោយសារប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ធ្វើឱ្យរាជរដ្ឋាភិបាលមានឱកាសគិតគូរ ដល់ការងារប្រែប្រួលអាកាសធាតុ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ ជាក់ស្តែង ការងារប្រែប្រួលអាកាសធាតុត្រូវបានបញ្ជ្រាបទៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍សហវត្សរ៍កម្ពុជានិងផែនការតាមវិស័យ ក៏ដូចជាផែនការអភិវឌ្ឍន៍ និងថវិកាថ្នាក់ក្រោមជាតិ។ ក្រសួងបរិស្ថានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងសកម្មភាពអាទិភាពជាច្រើនដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ  ជាអាទិ៍ ការរៀបចំនិងដាក់ជូនរបាយការណ៍បច្ចុប្បន្នភាពស្តីពីការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)  ហើយ ក្រសួងបរិស្ថានកំពុងរៀបចំយុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីដាក់ជូនលេខាធិការដ្ឋាន UNFCCC មុនសន្និសីទបណ្តាភាគីលើក២៦ (COP26) នៃបណ្តាភាគីអនុសញ្ញា UNFCCC  នៅចក្រភពអង់គ្លេស ខណៈពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅចូលរួមសន្និសីទនេះជាលើកដំបូង ជាមួយបណ្តាប្រទេសភាគី អនុសញ្ញា UNFCCC។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវ KAP3 នឹងក្លាយជាធាតុចូលមួយយ៉ាងសំខាន់ក្នុងការដាក់ចេញនូវគោលនយោបាយ កិច្ចអន្តរាគមន៍ និងផែនការសកម្មភាពនានា ដើម្បីចូលរួមដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ជាពិសេសចូលរួមលើកកម្ពស់ ចំណេះដឹង  ឥរិយាបថ និងការអនុវត្តចំណេះដឹង  និងការស់នៅប្រកបដោយចីរភាពរបស់ប្រជាជនកម្ពុជា។ គោលនយោបាយនិងសកម្មភាពទាំងនោះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដំណើរការឆ្ពោះទៅរកការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតម្រង់ទិសប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍបញ្ចេញកាបូន តិច ការអភិវឌ្ឍជីវភាពប្រជាជន និងសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ ឯកឧត្តមបានថ្លែងអំណរគុណដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រទេសស៊ុយអ៊ែត និងសហភាពអឺរ៉ុប ដែលបានគាំទ្រទាំងថវិកា និងបច្ចេកទេស តាមរយៈកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុក្នុងការរៀបចំរបាយការណ៍ដ៏មានសារសំខាន់នេះឡើង។
គូសបព្ជាក់ថា ការសិក្សាអំពីចំណេះដឹង ឥរិយាបថ និងការអនុវត្ត ទាក់ទងនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ត្រូវបានធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង ក្នុងគោលបំណងស្វែងយល់ និងផ្តល់ព័ត៌មានសម្រាប់ការលើកកម្ពស់ចំណេះដឹង ការៀបចំយន្តការ និងកម្មវិធីអន្តរាគមន៍នានា ឱ្យកាន់តែប្រសើរឡើងសម្រាប់ពេលអនាគត ដើម្បីជួយគាំទ្រដល់ក្រុមប្រជាជនដែលស្ថិតក្នុងស្ថានភាពផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា ឱ្យក្លាយជាប្រជាជនដែលមានសមត្ថភាព ភាពជឿជាក់ក្នុងការឆ្លើយតបទៅនឹងឧបសគ្គនៃការប្រែប្រួលអាកាសធាតុកាន់តែមានប្រសិទ្ធភាព។    ការសិក្សាលើកទី១ ស្តីពីចំណេះដឹង ឥរិយាបថ និងការអនុវត្ត ហៅកាត់ថា KAP1 បានរៀបចំឡើងក្នុងឆ្នាំ២០១០  KAP2 ឆ្នាំ២០១៥ និង KAP3 ឆ្នាំ២០២០។

ស្វែងរករបាយការណ៍ KAP3: https://ncsd.moe.gov.kh/resources/document/KAP3_EN














  • Share on Social Media