នៅថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២២ ឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ និងលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំរវាងអ្នកស្រី Sophie De Coninck ប្រធានផ្នែកមូលនិធិទ្រទ្រង់ការរស់នៅបន្សុំានឹងអាកាសធាតុក្នុងតំបន់ (ប្រតិភូថ្នាក់ក្រោមជាតិកម្ពុជា) នៃអង្គការមូលនិធិអភិវឌ្ឍន៍ទុនសហប្រជាជាតិ (UNCDF) និងប្រតិភូថ្នាក់ក្រោមជាតិកម្ពុជាដើម្បីស្វែងយល់ពីគម្រោងបន្សុំាថ្នាក់ក្រោមជាតិដែលគាំទ្រដោយមូលនិធិ LoCAL។ លោកស្រី Sophie De Coninck បានលើកឡើងពីសាវតារបស់អង្គការ UNCDF និងការអនុវត្តគម្រោងបន្សុំារបស់ LoCAL នៅក្នុងប្រទេសកម្ពុជា ដែលមានរហូតដល់៥៣៨គម្រោងបន្ស៊ាំក្នុងស្រុកចំនួន ៥០ស្រុក នៅទូទាំងប្រទេស។ លោកស្រីក៏បានសម្តែងការអរគុណនិងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការល្អក្នុងការអនុវត្តគម្រោងបន្សុំានៅថ្នាក់ក្រោមជាតិនាពេលកន្លងមក រហូតទទួលបានជោគជ័យជាបន្តបន្ទាប់ ជាពិសេសបានជួយគាំទ្រ NCDD ឱ្យក្លាយជាស្ថាប័នទទួលមូលនិធិផ្ទាល់ (Accredited Entities) សម្រាប់មូលនិធិ GCF ថែមទៀតផង។

ជាការឆ្លើយតប លោកបណ្ឌិត ហាក់ ម៉ៅ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ LoCAL/UNCDFដែលបានជួយកម្ពុជាក្នុងការអនុវត្តគម្រោងបន្សុំានៅថ្នាក់ក្រោមជាតិ និងបានជម្រាបជូនអំពីជំហរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ LoCAL នាពេលកន្លងមក។ ជាមួយគ្នានេះដែរ ប្រតិភូថ្នាក់ក្រោមជាតិកម្ពុជាលើកឡើងពីតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនពិសេសសកម្មភាពបន្សុំានឹងការប្រែប្រួលអាកាសធាតុដើម្បីឱ្យលោកស្រីពិចារណារៀបចំជាសំណើគម្រោងស្នើសុំទៅមូលនិធិអាកាសធាតុនានា រួមមាន៖ ការលើកកម្ពស់ជីវភាពសហគមន៍ ការដាំស្តារព្រៃឈើឡើងវិញ ការកសាងសមត្ថភាពមន្ត្រី ការកសាងហេដ្ឋារចនាសម្ព័នដែលធន់នឹងអាកាសធាតុ(ផ្លូវនិងទឹក) ការគ្រប់គ្រងសំណល់ប្លាស្ទីក ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅតាមសាលារៀននិងសហគមន៍ ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនិងសហគមន៍   ការលើកកម្ពស់វិស័យទេសចរធម្មជាតិ ជាដើម។ល។ ជាការឆ្លើយតបលោកស្រី សន្យាព្យាយាមជួយឱ្យកម្ពុជាទទួលបានមូលនិធិពីប្រភព និងប្រទេសនានា ដើម្បីជួយអភិវឌ្ឍន៍កម្ពុជា ជាពិសេសការអនុវត្តគម្រោងបន្សុំានៅថ្នាក់ក្រោមជាតិ។  
  • Share on Social Media