កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តជាតិ

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តជាតិត្រូវបានគណៈកម្មការទី៣ ទី៥ និងទី៩ នៃរដ្ឋសភាជាតិពិនិត្យ និងអនុម័តយល់ព្រមដាក់សភាពេញអង្គពិនិត្យ និងអនុម័ត
............................
នៅរសៀលថ្ងៃទី ១១រោច ខែអស្សុច ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមប្រជុំជាមួយគណៈកម្មការទី៣ ទី៥ និងទី៩ នៃរដ្ឋសភាជាតិដែលដឹកនាំដោយឯកឧត្តមជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥ និងឯកឧត្តម សុខ សូកាន ប្រធានស្តីទីនៃគណៈកម្មការទី៩នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មការទាំង៣ នៃរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តជាតិ។ 
 

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអង្គប្រជុំថា ក្នុងនាមជាសមាជិកនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងបរិស្ថានជាសេនាធិការ បានរៀបចំឯកសារសម្រាប់ព្រះរាជាណាចក្រកម្ពុជាផ្តល់សច្ចាប័នកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ(ដល់ក្របខ័ណ្ឌនេះ)ដោយអនុលោមតាមនីតិវិធីច្បាប់ដែលមានជាធរមាន។ សម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ ជាវេទិការួមមួយសម្រាប់កិច្ចសហការរវាងប្រទេសដែលមានសក្ដានុពលថាមពលព្រះអាទិត្យខ្ពស់ ដែលអាចជួយដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈការផ្ដល់នូវថាមពលស្អាតនិងមានតម្លៃទាប។ បណ្ដាប្រទេស ដៃគូអភិវឌ្ឍ ពហុភាគី ក្រុមហ៊ុន រោងចក្រឧស្សាហកម្ម និងភាគីពាក់ព័ន្ធមានគោលបំណងក្នុងការកាត់បន្ថយចំណាយហិរញ្ញវត្ថុនិងតម្លៃនៃបច្ចេកវិទ្យាសម្រាប់ការផលិតស្ដុកទុកនូវថាមពលព្រះអាទិត្យដែលមានលក្ខណៈប្រកួតប្រជែងនិងបច្ចេកវិទ្យាដែល សមស្របទៅនឹងតម្រូវការរបស់ប្រទេសនីមួយៗ និងដើម្បីកៀរគរធនធានថវិកាសម្រាប់ថាមពលព្រះអាទិត្យ។
 

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ញន់ថា ការចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់កម្ពុជាក្នុងការទទួលបានជំនាញ បទពិសោធន៍ និងបច្ចេកវិទ្យាថាមពលព្រះអាទិត្យ ដែលអាចជាវិភាគទានដល់ការបង្កើនល្បឿនអគ្គិសនីភាវូបនីយកម្ម ពង្រឹងសន្តិសុខថាមពល ការពារបរិស្ថាន ក៏ដូចជាបង្ហាញពីគោលនយោបាយរបស់កម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍ អន្តរជាតិដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនិងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
 

ជាលទ្ធផលនៃអង្គប្រជុំ គណៈកម្មការទាំង៣នៃរដ្ឋសភាជាតិបានគាំទ្រយ៉ាងពេញទំហឹងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តជាតិ នឹងអនុញ្ញាតឱ្យបន្តនិតិវិធីដាក់ចូលជារបៀបវារៈនៃកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីសុំការពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់នេះ។

កម្រងរូបភាពកិច្ចប្រជុំនេះ

 

  • Share on Social Media