នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំកិច្ចប្រជុំស្តីពី ការរៀបចំជំហររបស់កម្ពុជាសម្រាប់សន្និសីទកំពូលលើកទី២៧ (COP27) នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។  កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព និងការសម្របសម្រួលដោយ ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន/ក្រសួងស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ វិស័យឯកជន តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៥៨រូប។  

ឯកឧត្តម ទិន ពន្លក  បានលើកឡើងថាកិច្ចប្រជុំនេះមានគោលបំណងដើម្បីចែករំលែកអំពីទិដ្ឋភាពរួម និងឯកភាពលើខ្លឹមសារសេចក្តីព្រាងជំហរកម្ពុជាសម្រាប់ COP27 ក៏ដូចជាប្រមូលធាតុចូលបន្ថែមពីអ្នកពាក់ព័ន្ធក្នុងការចរចានៅ COP27 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអេហ្ស៊ីប នាដើមខែវិច្ឆិកាខាងមុខនេះ  ហើយសកម្មភាពបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនឹងក្លាយជាប្រធានបទសំខាន់សម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះ។ ឯកឧត្តម បានសង្កត់ធ្ងន់ថាឆ្នាំនេះ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាក៏បានដឹកនាំក្នុងការរៀបចំជំហរអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់ COP27 ផងដែរ ដូចនេះឯកឧត្តម ស្នើសុំអង្គប្រជុំផ្តល់ធាតុចូល និងមតិយោបល់បន្ថែមមុននឹងស្នើសុំការអនុម័តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីដាក់ជូននៅ COP27

ឯកឧត្តមបានផ្តល់ចំណុចសំខាន់ចំនួន ២ សម្រាប់ជាធាតុចូលក្នុងកិច្ចប្រជុំ ៖ ១) ហិរញ្ញវត្ថុអាកាសធាតុ៖ ទោះបីកម្ពុជាបានបង្កើនហិរញ្ញប្បទានសម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាំងពីប្រភព ថវិកាជាតិ និងដៃគូអភិវឌ្ឍន៍ដូចជាមូលនិធិអាកាសធាតុ តែនីតិវិធីនិងលទ្ធភាពទទួលបានហិរញ្ញវត្ថុអាកាសធាតុហាក់នៅតែឆ្ងាយនិងស្មុគស្មាញ ជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)ដូចនេះ កម្ពុជាក្នុងនាមជាប្រទេស LDCs ត្រូវតែតស៊ូមតិដើម្បីទទួលបានភាពប្រសើរក្នុងការទទួលបានហិរញ្ញវត្ថុអាកាសធាតុ ការផ្ទេរបច្ចេកវិទ្យាសមស្រប  និងហិរញ្ញប្បទានបន្ស៊ាំបន្ថែមទៀតពីប្រទេសអភិវឌ្ឍន៍ដែលបានសន្យាក្នុងការផ្តល់ហិរញ្ញវត្ថុប្រែប្រួលអាកាសធាតុចំនួន ១០០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំដល់ LDCs។ ​២) មហិច្ឆតារបស់ប្រទេសអភិវឌ្ឍន៍ និងប្រទេសបញ្ចេញឧស្ម័នច្រើន នេះជាការសំណូមពរនៅក្នុងកិច្ចប្រជុំ COP26 កាលពីឆ្នំាមុន នៅ​ទី​ក្រុង​ក្លាសហ្កូ ហេតុនេះប្រទេសដែលបញ្ចេញឧស្ម័នច្រើនមិនត្រូវមើលរំលងនូវការគំរាមកំហែងពីវិបត្តិអាកាសធាតុនោះទេ ហើយគួរតែបង្កើនមហិច្ឆតារបស់ខ្លួនដើម្បីតាមដាន និងសម្រេចឱ្យបាននូវគោលដៅរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។​

ជាលទ្ធផល កិច្ចប្រជុំបានសម្តែងនូវការសារទរ និងការគាំទ្រលើសេចក្តីព្រាងជំហររបស់កម្ពុជាសម្រាប់ COP27 ដោយគ្រាន់តែមានការបន្ថែមខ្លឹមសារ និងកែសម្រួលពាក្យពេចន៍មួយចំនួនពីវិស័យពាក់ព័ន្ធ។ កិច្ចប្រជុំបានពិភាក្សាយ៉ាងផុលផុស និងប្រមូលបានធាតុចូលបន្ថែមទៀតលើសេចក្តីព្រាងនេះ និងបានកែលំអសេចក្តីព្រាងនេះកាន់តែមានសុក្រិតភាព និងសង្គតភាពស្របទៅតាមបរិបទពិភពលោកនិងដំណើរវិវត្តនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តជាតិ សំដៅលើកកម្ពស់សេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍប្រកបដោយចរីភាព។










  • Share on Social Media