កិច្ចប្រជុំលើកទី១ អនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ

នៅព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នាយកដ្ឋានប្រែប្រួលអាកាសធាតុ ដោយមានការគាំទ្រពីអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (FAO) បានរៀបចំកិច្ចប្រជុំលើកទី១ នៃអនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីសេចក្តីសម្រេចរបស់ក្រសួងបរិស្ថានស្តីពីការបង្កើតអនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ និងការរំពឹងទុកនៃអនុក្រុមការងារនេះ ដើម្បីបំពេញនូវកាតព្វកិច្ចនានានៅក្រោមអនុសញ្ញា ពិធីសារ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកានៃអនុក្រុមការងារនេះ និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៣៥ រូប។


ក្នុងពិធីបើកកិច្ចប្រជុំនេះ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួល និងជាប្រធានអនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់នេះ បានលើកឡើងពីបញ្ហាប្រឈមនានាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដោយបានសង្កត់ធ្ងន់ពីផលប៉ះពាល់ និងសមត្ថភាពបន្ស៊ាំរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍ និងបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបណ្ឌិត បានបញ្ជាក់ថា កម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នតិច និងជាប្រទេសដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ ហើយដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ កម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងរបាយការណ៍ជាតិជាច្រើនដូចជា៖ CCCSP 2014-2023, INDC and Updated NDC, BUR, LTS4CN។ល។

លោកបណ្ឌិតបានបញ្ជាក់ថាដោយសារតម្រូវការក្នុងការរៀបចំរបាយការណ៍កាន់តែច្រើននិងញឹកញាប់ជាងមុន ការរៀបចំអនុក្រុមការងារនេះមានសារសំខាន់ដើម្បីគាំទ្រដល់ដំណើរការរៀបចំ និងក៏ជាឱកាសដើម្បីកសាងសមត្ថភាពស្ថាប័នបន្ថែមផងដែរ។​ កិច្ចប្រជុំនេះ មានដំណើរការ និងទទួលលទ្ធផលដូចខាងក្រោម៖
-  បានធ្វើបទបង្ហាញពីកាតព្វកិច្ចរបស់ប្រទេសកម្ពុជា នៅក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលចូលជាសមាជិកនៅឆ្នាំ១៩៩៦ ពិធីសារក្យូតូ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបទពិសោធន៍របស់ប្រទេសកម្ពុជាក្នុងការរៀបចំសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់។
-  បានលើកឡើងពីក្របខ័ណ្ឌមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាពិសេសការជៀសសវាងការរាប់ស្ទួនគ្នានៃការលក់កាបូន និងការបង្ហាញពីផែនទីបង្ហាញផ្លូវនៃរបាយការណ៍តម្លាភាពពីរឆ្នាំម្តង។







  • Share on Social Media