នាព្រឹកថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ និងភាពស៊ីសង្វាក់គ្នារវាងអនុសញ្ញានានាពាក់ព័ន្ធនឹងជីវៈចម្រុះនៅក្នុងតំបន់អាស៊ាន តាមរយៈក្របខណ្ឌការងារស្តីពីជីវៈចម្រុះសាកលក្រោយឆ្នាំ២០២០» នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
សិក្ខាសាលានេះរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន ជាមួយកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន (ACB) ដោយមានការចូលរួមពីសមាជិកតំណាងប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ(CBD Secretariat) តំណាងអន្តរក្រសួងនៃប្រទេសកម្ពុជាចំនួន៧ក្រសួង និងអ្នកពាក់ព័ន្ធសរុបចំនួន៤០រូប ក្នុងគោលបំណងដើម្បី៖ ១)ពិភាក្សារៀបចំសេចក្ដីថ្លែងការណ៍អាស៊ានសម្រាប់កិច្ចប្រជុំ SBSTTA 23 និងប្រមូលធាតុចូលសម្រាប់សេចក្ដីថ្លែងការណ៍រួមរបស់អាស៊ាននាកិច្ចប្រជុំ COP-CBD លើកទី១៥ និង២) កសាងសមត្ថភាពរបស់ AMS ពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មអនុសញ្ញានានាដែលទាក់ទងនឹងជីវៈចម្រុះ ដោយផ្សារភ្ជាប់ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការបញ្រ្ជាបយេនឌ័រ និងការកំណត់នូវជម្រើសហិរញ្ញប្បទាន ដែលនឹងត្រូវយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំក្របខណ្ឌការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (Post-2020 GBF)។
ក្នុងឱកាសនោះផងដែរឯកឧត្ដមរដ្ឋលេខាធិការបានលើកឡើងអំពីបច្ចុប្បន្នភាពនៃការងារជីវៈចម្រុះកម្ពុជា ដោយកម្ពុជាយើងបានបង្កើតក្រុមការងារបច្ចេកទេសជីវៈចម្រុះសម្រាប់សម្របសម្រួលរៀបចំ និងជំរុញការអនុវត្តយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP)។ សូមបញ្ជាក់ផងដែរថា យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះរបស់កម្ពុជាត្រូវបានរៀបចំឡើងលើកទី១នៅឆ្នាំ២០០២ និងធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០១៦៕