នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានក្រុមការងារបច្ចេកទេស បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសពិគ្រោះយោបល់លើការរៀបចំប្លង់ និងផែនការមេរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន លើកទី២ នៅបន្ទប់ប្រជុំត្រដក់ធំ ទីស្ដីការក្រសួងបរិស្ថាន។
កិច្ចប្រជុំនេះរៀបចំឡើងដោយនាយកដ្ឋានជីវៈចម្រុះនៃ អ.ក.អ.ច. ដោយមានការចូលរួមពីសមាជិកក្រុមការងារបច្ចេកទេសដែលមានសមាសភាពមកពីអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ តំណាងរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបន្ទាយស្រី អាជ្ញាធរជាតិអប្សរា មន្ទីរបរិស្ថានខេត្តសៀមរាប និងអ្នកពាក់ព័ន្ធដែលមានសមាជិកចូលរួមសរុបចំនួន២០រូប។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី ៖ ១) ពិនិត្យ និងផ្តល់យោបល់លើព្រំប្រទល់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ២) កំណត់យន្តការរៀបចំព្រំប្រទល់ជុំវិញមជ្ឈមណ្ឌល និង ៣) កំណត់យន្តការដោះស្រាយការតាំងលំនៅដ្ឋាន និងអាស្រ័យផលរបស់ប្រជាជននៅក្នុងមជ្ឈមណ្ឌល។
តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេសបានពិនិត្យលើវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌល និងបានពិភាក្សានិងឯកភាពលើចំណុចសំខាន់ៗរួមមាន៖ ១) ឯកភាពលើផែនទីរបស់មជ្ឈមណ្ឌលទំហំ២០២០ហិកតា ដែលបានកំណត់ ២) ឯកភាពលើគម្រោងរៀបចំព្រំប្រទល់ជុំវិញមជ្ឈមណ្ឌល ដោយនឹងសហការជាមួយអ្នកពាក់ព័ន្ធក្នុងការកំណត់យន្តការនិងបោះបង្គោលព្រំប្រទល់មជ្ឈមណ្ឌល ៣) ឯកភាពធ្វើការចុះស្រង់ស្ថិតិចំនួនប្រជាពលរដ្ឋតាំងលំនៅដ្ឋាននិងអាស្រ័យផលជាក់ស្តែងក្នុងទីតាំង មជ្ឈមណ្ឌល ដើម្បីរៀបចំយន្តការដោះស្រាយ និង៤) បានធ្វើបច្ចុប្បន្នភាពបញ្ជីផែនការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលផងដែរ៕