នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសហការជាមួយ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន បានរៀបចំយុទ្ធនាការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមនិងទូរទស្សន៍ ដើម្បីអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ ២០២០ ក្រោមប្រធានបទ“ធម្មជាតិគឺជាដំណោះស្រាយនៃបញ្ហារបស់យើង”។
ប្លែកពីការប្រារព្ធកម្មវិធីនៅទីវាលដូចបណ្ដាឆ្នាំកន្លងមក ក្នុងន័យដើម្បីទប់ស្កាត់ការចម្លងជំងឺCOVID-19 ដែលកំពុងតែបន្តរីករាលដាលនៅទូទាំងពិភពលោកទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២០ នេះ ត្រូវបានរៀបចំជាលក្ខណៈវេទិកាជជែកពិភាក្សានិងផ្សព្វផ្សាយតាមបណ្តាញសង្គម និងទូរទស្សន៍ដោយបានលើកយកចំណុចសំខាន់ៗចំនួន៣ មកពិភាក្សារួមមាន៖ ១)កិច្ចសហប្រតិបត្តិការនិងការរៀបចំគោលនយោបាយ និងច្បាប់ជាតិពាក់ព័ន្ធនឹងជីវៈចម្រុះ ២)ហិរញ្ញប្បទាននវានុវត្តិដើម្បីអភិរក្សជីវៈចម្រុះ (PES) និង ៣)សារៈសំខាន់នៃការចូលរួមរបស់សហគមន៍តំបន់ការពារធម្មជាតិលើកិច្ចការអភិរក្សជីវៈចម្រុះ និងដោយមាន ការចូលរួមពីវាគ្មិនមកពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននិងអគ្គនាយកដ្ឋាន ចំណេះដឹងនិងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន។
សូមជម្រាបផងដែរថា ការប្រារព្ធទិវានេះ គឺបានបង្ហាញពីឆន្ទៈ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក្នុងការចូលរួមចំណែកយ៉ាងសកម្មលើការគ្រប់គ្រងធនធានជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី និងក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិ ស្តីពីជីវៈចម្រុះ (UN-CBD) ក្នុងនាមជាប្រទេសហត្ថលេខី ។ វេទិកាជជែកពិភាក្សាសម្រាប់អបអរសាទរទិវានេះ ក៏បានរួមចំណែកបង្កើនចំណេះដឹងដល់សាធារណជន និងលើកទឹកចិត្តឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធទាំង អស់ឱ្យរួមចំណែកក្នុងការអភិរក្សធនធានជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន។
សម្រាប់ឆ្នាំ២០២០នេះ គឺជាឆ្នាំទី៧ នៃការប្រារព្ធទិវាជីវៈចម្រុះ អន្តរជាតិ២២ ឧសភា ហើយក៏មានការចូលរួមពីបណ្តាមន្ទីរបរិស្ថាន រាជធានី/ខេត្ត ចំនួន៧រួមមាន ៖ រាជធានីភ្នំពេញ ខេត្តសៀមរាប កណ្តាល មណ្ឌលគិរី ពោធិ៍សាត់ កោះកុង និង ខេត្តកែបផងដែរ ដើម្បីរួមគ្នាអបអរសាទរទិវាជីវ:ចម្រុះអន្តរជាតិនេះ ក្នុងពេលតែមួយ ដោយបានរៀបចំនិងចងបដាពាក្យស្លោកសម្រាប់ផ្សព្វផ្សាយនៅតាមទីប្រជុំជន និងទីសាធារណៈនានា។
សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម ដើម្បីទស្សនាយុទ្ធនាការ៖
1/. https://youtu.be/aMAM2lBilq4