Law on Paris AgreementNo.020 2016 Kh Page 1 1ច្បាប់ស្តីពីការ​អនុម័តយល់ព្រម​លើកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ស្តីពីការ​ប្រែប្រួលអាកាសធាតុ ត្រូវ​បាន​អនុម័ត​ នាចុងខែធ្នូ ឆ្នាំ​២០១៦ ថ្មីៗនេះ ​ដែលប្រការ​នេះ​បង្ហាញ​ពីសុច្ឆន្ទៈ​​របស់​កម្ពុជាក្នុងការ​រួមចំណែកជាមួយ​សហគមន៍​អន្តរជាតិ ដើម្បីដោះស្រាយ​បញ្ហាប្រែប្រួល​អាកាសធាតុ ក៏ដូចជាចាប់យកកាលានុវត្តភាពសម្រាប់​ទទួលបាន​អត្ថប្រយោជន៍ដែលគាំទ្រដល់​ការអភិវឌ្ឍប្រកបដោយ​ចីរភាពនៅកម្ពុជា តាមរយៈការអនុវត្ត «ផែនការស្តីពីការ​ចូលរួម​ចំណែក​របស់រដ្ឋភាគីក្នុងការ​អនុវត្តអនុសញ្ញា (Nationally Determined Constribution: NDC)»។

រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាទទួល​យកកិច្ច​ព្រម​ព្រៀងទីក្រុងប៉ារីស ស្តីពីការ​ប្រែប្រួលអាកាសធាតុ នៅថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាល​អង្គការ​សហប្រជាជាតិទីក្រុង​ញូវយ៉ក​។ នាយកដ្ឋានប្រែប្រួល​អាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ដែលជាស្ថាប័នបង្គោល​នៃអនុសញ្ញាក្របខណ្ឌ​សហប្រជាជាតិស្តីពីការ​ប្រែប្រួលអាកាសធាតុ​បានសម្របសម្រួល​ដំណើរការអនុម័តច្បាប់នេះ ដែលរួមមានជំហានសំខាន់ៗដូចខាងក្រោម :

ការ​បកប្រែនិងកែសម្រួលនូវកិច្ចព្រមព្រៀង​ទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុជាភាសាខ្មែរ និងតាក់តែងសេចក្តីព្រាងច្បាប់​ស្តីពីការ​អនុម័តយល់ព្រម​លើកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ស្តីពីការ​ប្រែប្រួលអាកាសធាតុ

ការ​បញ្ជូនសេចក្តីព្រាង​ច្បាប់​នេះទៅកាន់ទីស្តីការ​គណៈរដ្ឋមន្រ្តី និង​ការបក​​ស្រាយបំភ្លឺ មុននឹងបញ្ជូនទៅកាន់រដ្ឋសភា

ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម សាយ​ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បាន​ដឹកនាំប្រតិភូ ចូលរួម​បំភ្លឺសេចក្តីព្រាងច្បាប់នៅក្នុងកិច្ច​ប្រជុំ​របស់​គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា។ គណៈកម្មការ​នេះ បានឯកភាពលើសេចក្តីព្រាងច្បាប់នេះ និង​បាន​បញ្ជូនទៅកាន់សម័យប្រជុំពេញអង្គ​នៃរដ្ឋសភា។

ថ្ងៃទី២២​ ខែវិច្ឆិកា ឆ្នាំ២០១៦​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងជាប្រធានក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយ​ចីរភាព បាន​ដឹកនាំប្រតិភូ ចូលការពារសេចក្តីព្រាងច្បាប់នៅ​ក្នុង​សម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី៥។ ជាលទ្ធផល អង្គសភាទាំងមូលបានបោះឆ្នោតអនុម័តជាឯកច្ឆ័ន (១០៦សម្លេង លើ១០៦)។

ថ្ងៃទី​៣០ ខែវិច្ឆិកា​ ឆ្នាំ​២០១៦ ឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយ​ចីរភាព បាន​ដឹកនាំប្រតិភូ ចូលរួម​បំភ្លឺសេចក្តីព្រាងច្បាប់នៅក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន នៃព្រឹទ្ធសភា។ គណៈកម្មការ​នៃព្រឹទ្ធសភា បានឯកភាពនិង​សម្រេចបញ្ជូនសេចក្តី​ព្រាង​ច្បាប់​នេះ ទៅក្នុង​កិច្ច​ប្រជុំ​ពេញអង្គនៃព្រឹទ្ធសភា។

ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បាន​ដឹកនាំប្រតិភូ ចូលការពារសេចក្តីព្រាងច្បាប់នៅក្នុងសម័យប្រជុំលើកទី៩ នៃព្រឹទ្ធសភានីតិកាលទី៣។ ជាលទ្ធផល អង្គព្រឹទ្ធសភាទាំងមូលបានបោះឆ្នោតអនុម័តជាឯកច្ឆន្ទចំនួន​៥១​សម្លេង

ការ​ឡាយព្រះហស្ថលេខាដោយ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាលើច្បាប់ស្តីពីការ​អនុម័តយល់ព្រម​លើកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ស្តីពីការ​ប្រែប្រួលអាកាសធាតុ។

បច្ចុប្បន្ន ក.ជ.អ.ច. កំពុងរៀបចំលិខិតស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីប្រគល់សិទ្ធិជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះហត្ថលេខាលើ លិខិតុប្បករណ៍ចុំចូលជាសមាជិក (instrument of accession) នៃកិច្ចព្រមព្រៀង​នេះ ដើម្បីយកទៅដំកល់ទុកនៅទីស្នាក់ការអង្គការសហប្រជាតិ ដែលជាជំហានចុងក្រោយ​អនុញ្ញាត​ឱ្យកម្ពុជាទៅ​ជាសមាជិកនៃកិច្ចព្រមព្រៀងអន្តរជាតិថ្មីនេះ។

អត្ថប្រយោជន៍សំខាន់ៗ ​ដែលកម្ពុជា​រំពឹង​ថានឹងទទួលបាន​ពី​ការ​ផ្តល់​សច្ចាប័ន​លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺ ការទទួលបានការ​គាំទ្រផ្នែកហិរញ្ញវត្ថុ ការចែករំលែកបច្ចេកវិទ្យា និងការកសាងសមត្ថភាព ដែល​អាចឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះ​មហន្តរាយ តាមរយៈការអនុវត្តសកម្មភាពបន្សុំា និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលរួមចំណែកគាំទ្រដល់ការ​អភិវឌ្ឍដោយចីរភាព។

ទោះបីជាប្រទេសកម្ពុជាត្រូវបំពេញកាតព្វកិច្ចជាក់លាក់ដែលកំណត់ក្នុងកិច្ចព្រមព្រៀងនេះ ប៉ុន្តែកិច្ចព្រមព្រៀងនេះបានផ្តល់​នូវភាព​បត់​បែន​សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដោយផ្អែកលើគោលការណ៍ការ​ទទួលខុសត្រូវ​រួមគ្នា​ តែ​ក្នុង​កម្រិតផ្សេង​គ្នា ក៏ដូចជាទៅតាមស្ថានភាពជាក់ស្តែងរបស់​ប្រទេស។

គួរបញ្ជាក់ផងដែរថា ការអនុម័តលើកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពីការ​ប្រែប្រួលអាកាសធាតុ​ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​មួយ ហើយដែល​មេដឹកនាំ​ពិភពលោកបានសម្រេចជាឯកច្ឆន្ទ នៅក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១២ ខៃធ្នូ​ ឆ្នាំ២០១៥ នៅក្នុងសន្និសីទបណ្តាភាគីលើកទី​២១ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (CoP21) ដើម្បីដោះស្រាយ​​បញ្ហា​ប្រែប្រួលអាកាសធាតុ ជាពិសេស​ដើម្បី​ជំរុញការវិនិយោគដែលបញ្ចេញ​កាបូន​ទាប​ប្រកបដោយ​ចីរភាព​នៅ​ពេលអនាគត។ កិច្ចព្រមព្រៀងនេះត្រូវបានរៀបចំឡើង ​ដោយ​ឈរលើមូលដ្ឋាននៃ​គោលការណ៍ចម្បងៗ​នៃអនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែល​ជំរុញឱ្យភាគីទាំងអស់ខិតខំប្រឹង​ប្រែងអនុវត្ត​កាតព្វកិច្ចរបស់ខ្លួនក្នុង​ការដោះស្រាយបញ្ហាប្រែប្រួល​អាកាសធាតុ​ និងបន្ស៊ាំទៅនឹងឥទ្ធិពលនៃការ​ប្រែប្រួលអាកាសធាតុ។ រហូតមកដល់បច្ចុប្បន្ន​ មាន​ប្រទេស​ចំនួន​១២២​ បានផ្តល់សច្ចាប័លើកិច្ច​ព្រមព្រៀងនេះ។

  • Share on Social Media