នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានទទួលជួបប្រជុំការងារជាមួយលោកជំទាវ Ulrika Modéer រដ្ឋលេខាធិការនៃក្រសួងការបរទេស ស៊ុយអែត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រែប្រួលអាកាសធាតុ។ លោកជំទាវបានគូសបព្ជាក់អំពីការប្តេជ្ញាចិត្តរបស់ស៊ុយអែតក្នុងការគាំទ្រប្រទេសកំពុងអភិវឌ្ឍឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហើយបានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃការអនុវត្តគម្រោងនានា ដែលផ្តល់ហិរញ្ញប្បទានដោយអង្គការស៊ីដា ជាពិសេសកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដែលបានគាំទ្រការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា២០១៤-២០២៣
ការរៀបចំក្របខ័ណ្ឌអង្កេតតាមដានការអនុវត្តវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការពង្រឹងក្របខ័ណ្ឌហិរញ្ញប្បទានប្រែប្រួលអាកាសធាតុកម្ពុជា ការពង្រឹងសមត្ថភាពស្ថាប័ន ការបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ការអនុវត្តគម្រោងសាកល្បងនៅថ្នាក់សហគមន៍។ល។។
ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការបានសម្តែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលស៊ុយអែតកន្លងមក ដែលបានរួមចំណែកក្នុងការពង្រឹងសមត្ថភាពឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ហើយបានគូសបញ្ជាក់អំពីតម្រូវការរបស់កម្ពុជា ក្នុងការពង្រីកសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែទូលំទូលាយ ការពង្រឹងសមត្ថភាពជំនាញរបស់មន្ត្រីរាជការនៅតាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ការកៀរគរធនធាន ជាពិសេសពីមូលនិធិអាកាសធាតុបៃតង សម្រាប់អនុវត្តផែនការ “ការចូលរួមចំណែករបស់ជាតិ”(Nationally Determined Contribution)។
ឯកឧត្តមក៏មានសំណូមពរសុំឱ្យភាគីស៊ុយអែតពិចារណាផ្តល់ការគាំទ្រលើការងាររៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង Feed-in tariff សម្រាប់ប្រព័ន្ធបន្ទះសូឡាតម្លើងតាមលំនៅដ្ឋាន និងអគារ ការរៀបចំយន្តការគាំទ្រតម្លៃឥណទានកាបូន សម្រាប់គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការសម្រួលបន្ធូរបន្ថយលក្ខខណ្ឌតម្រូវរបស់ មូលនិធិអាកាសធាតុបៃតងសំដៅបង្កភាពងាយស្រួលដល់បណ្តាប្រទេសអភិវឌ្ឍតិចតួចក្នុងការទទួលបានថវិកាដោយផ្ទាល់ពីមូលនិធិនេះ។លោកជំទាវ Ulrika Modéer បានសន្យាថានឹងពិនិត្យសំណូមពរទាំងនេះ ហើយសុំឱ្យភាគីកម្ពុជារៀបចំសំណើលម្អិតសម្រាប់ដាក់ជូនភាគីស៊ុយអែត។