Meeting of GSSD and Sweeden 18 Nov 2016នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បាន​ទទួលជួបប្រជុំការងារជាមួយលោកជំទាវ Ulrika Modéer រដ្ឋលេខាធិការនៃក្រសួងការបរទេស ស៊ុយអែត ដើម្បី​ពិភាក្សា​​អំពីកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​ប្រែប្រួល​អាកាសធាតុ។ លោកជំទាវបានគូស​បព្ជាក់​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​ស៊ុយអែតក្នុងការគាំទ្រប្រទេស​កំពុងអភិវឌ្ឍឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុ ហើយ​បានសម្តែងការពេញចិត្ត​ចំពោះលទ្ធផល​នៃការអនុវត្ត​គម្រោង​នានា ​ដែលផ្តល់​ហិរញ្ញ​ប្បទាន​ដោយ​អង្គការ​​ស៊ីដា ជាពិសេស​កម្មវិធី​សម្ព័ន្ធ​ភាព​ប្រែប្រួល​​អាកាសធាតុ​កម្ពុជា ដែលបាន​គាំទ្រ​ការរៀបចំ និង​អនុវត្តផែនការយុទ្ធសាស្រ្ត​ឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុកម្ពុជា​២០១៤-២០២៣

ការរៀបចំ​ក្របខ័ណ្ឌអង្កេតតាមដានការអនុវត្តវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការពង្រឹងក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ប្រែប្រួលអាកាសធាតុកម្ពុជា ការពង្រឹងសមត្ថភាពស្ថាប័ន ការ​បញ្ជ្រាប​បញ្ហាប្រែ​ប្រួល​អាកាស​ធាតុទៅក្នុងផែនការអភិវឌ្ឍន៍​ថ្នាក់ក្រោម​ជាតិ ការអនុវត្តគម្រោងសាកល្បងនៅថ្នាក់សហគមន៍។ល។។

ឯក​ឧត្តម ទិន ពន្លក អគ្គលេខាធិការបានសម្តែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលស៊ុយអែតកន្លងមក ដែល​បាន​រួមចំណែក​ក្នុងការពង្រឹងសមត្ថភាពឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ហើយបានគូសបញ្ជាក់អំ​ពីតម្រូវការរបស់កម្ពុជា ក្នុងការ​ពង្រីក​សកម្មភាព​ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ​ឱ្យកាន់តែទូលំ​ទូលាយ​ ​ការពង្រឹងសមត្ថភាព​ជំនាញរបស់មន្ត្រីរាជការ​នៅតាមបណ្តា​ក្រសួង​-ស្ថាប័នពាក់ព័ន្ធ ការកៀរគរ​ធនធាន ជាពិសេសពីមូលនិធិអាកាសធាតុបៃតង សម្រាប់អនុវត្តផែនការ “ការចូលរួម​ចំណែក​របស់ជាតិ”(Nationally Determined Contribution)។

ឯកឧត្តមក៏មានសំណូមពរសុំឱ្យភាគីស៊ុយអែតពិចារណា​ផ្តល់ការគាំទ្រលើការងាររៀបចំគោលនយោបាយ និងលិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង Feed-in tariff សម្រាប់ប្រព័ន្ធបន្ទះសូឡាតម្លើងតាមលំនៅដ្ឋាន និងអគារ ការរៀបចំយន្តការ​គាំទ្រតម្លៃ​ឥណទាន​កាបូន សម្រាប់គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការសម្រួលបន្ធូរបន្ថយលក្ខខណ្ឌតម្រូវរបស់ មូលនិធិ​អាកាសធាតុ​បៃតងសំដៅបង្កភាពងាយស្រួលដល់បណ្តាប្រទេសអភិវឌ្ឍតិចតួចក្នុងការទទួលបានថវិកាដោយផ្ទាល់ពីមូលនិធិនេះ។លោកជំទាវ Ulrika Modéer បានសន្យាថានឹងពិនិត្យ​សំណូមពរ​ទាំងនេះ ហើយសុំឱ្យភាគី​កម្ពុជារៀបចំសំណើលម្អិត​សម្រាប់​ដាក់ជូនភាគីស៊ុយអែត។

  • Share on Social Media