នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និងក្រុមការងារ បានទទួលជួបប្រជុំជាមួយក្រុមបេសកកម្មនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ដឹកនាំដោយលោក Jo Scheuer ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសាកល ចំណុចដៅ និងបណ្តាសូចនាករដែលពាក់ព័ន្ធនឹងតួនាទីភារកិច្ចរបស់ ក.ជ.អ.ច. និងក្រសួងបរិស្ថាន។
តំណាង UNDP បានជម្រាបជូនថា ការវាយតម្លៃថ្មីៗនេះបានបង្ហាញថា ប្រមាណ៨០% នៃចំណុចដៅទាំង១៦៩ មានឆ្លុះបញ្ចាំងរួចហើយនៅក្នុងបណ្តាគោលនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាល ដែលប្រការនេះបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅសម្រេចបានការអភិវឌ្ឍដោយចីរភាព។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីតម្រូវការកសាងសមត្ថភាពរបស់ ក.ជ.អ.ច. ក៏ដូចជាក្រសួងបរិស្ថាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការប្រមូល វិភាគ និងគ្រប់គ្រងទិន្នន័យ ដែលជាកត្តាចាំបាច់សម្រាប់វាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជានាពេលអនាគត៕