GSSD meeting 4Oct2016នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ក.ជ.អ.ច.) និងក្រុមការងារ បានទទួលជួបប្រជុំជាមួយ​ក្រុម​បេសកកម្មនៃ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ UNDP ដឹកនាំ​ដោយលោក Jo Scheuer ដើម្បី​ពិនិត្យ និងពិភាក្សា​លើវឌ្ឍន​ភាព​នៃការធ្វើ​មូលដ្ឋា​នីយកម្ម​គោលដៅ​​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សាកល ចំណុចដៅ និងបណ្តាសូចនាករ​ដែល​ពាក់ព័ន្ធ​នឹងតួនាទីភារកិច្ចរបស់ ក.ជ.អ.ច. និងក្រសួង​បរិស្ថាន។

តំណាង UNDP បានជម្រាបជូនថា ការវាយតម្លៃថ្មីៗនេះបានបង្ហាញថា ប្រមាណ៨០% នៃចំណុចដៅ​ទាំង១៦៩ មានឆ្លុះបញ្ចាំង​រួចហើយ​នៅក្នុង​បណ្តាគោលនយោបាយ និងផែនការ​របស់រាជរដ្ឋាភិបាល ដែល​ប្រការនេះបញ្ជាក់​ពីកិច្ចខិតខំ​ប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅ​សម្រេច​​បានការអភិវឌ្ឍ​ដោយ​ចីរភាព។ ភាគីទាំងពីរក៏បានពិភាក្សា​ផងដែរអំពីតម្រូវការ​កសាងសមត្ថភាព​របស់ ក.ជ.អ.ច. ក៏ដូចជា​ក្រសួង​បរិស្ថាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការប្រមូល វិភាគ និងគ្រប់គ្រង​ទិន្នន័យ ដែល​ជាកត្តា​ចាំបាច់​សម្រាប់វាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគោលដៅ​អភិវឌ្ឍន៍ដោយចីរភាព​នៅកម្ពុជានាពេល​អនាគត៕

  • Share on Social Media