នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងឯកសារផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ក្រោមអធិបតីភាព ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងលោកស្រី Alisa Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន សមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដៃគូអភិវឌ្ឍន៍ ជនមានពិការភាព តំណាងគ្រឹះស្ថានសិក្សា និងវិស័យឯកជន ចំនួន២៥០រូប។
ថ្លែងក្នុងកម្មវិធីបើក ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានបានលើកឡើងថា ក្រសួងបរិស្ថានក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដឹកនាំរៀបចំឯកសារ NDC 3.0 ដោយមានការអញ្ជើញចូលរួមយ៉ាងផុសផុលពីគ្រប់ក្រសួង-ស្ថាប័នជាតិ វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីដាក់ចេញនូវសកម្មភាពប្រកបដោយមហិច្ឆតាដែលអាចអនុវត្តបានប្រកបដោយបរិយាបន្ន។ ឯកឧត្តម បានសង្កត់ធ្ងន់ថា NDC 3.0 ជាផែនការរបស់ជាតិដែលបម្រើឱ្យជាតិ មិនមែនជាកម្មសិទ្ធិរបស់ក្រសួងបរិស្ថាន ឬក្រសួងស្ថាប័នណាមួយផ្តាច់មុខនោះទេ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមឆ័ត្រនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបានកោតសរសើរ និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ (CC-TWG) ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដែលបានសម្របសម្រួលនិងផ្តល់ធាតុចូលក្នុងការរៀបចំសេចក្តីព្រាងឯកសារ NDC 3.0 ឱ្យលេចជារូបរាងឡើងនាពេលនេះ។ ឯកឧត្តមបានបន្ថែមទៀតថាសម្រាប់ក្រសួង ស្ថាប័នដែលមិនទាន់បានដាក់បញ្ចូលនូវសេចក្តីព្រាងវិធានឆ្លើយតបរបស់ខ្លួន ក្រុមការងារក្រុមការងារក្រសួងបរិស្ថាននឹងបន្តទទួល ដើម្បីដាក់បញ្ចូលក្នុង NDC 3.0 រហូតដល់ដំណាច់ខែឧសភានេះមុននឹង សិក្ខាសាលាផ្តល់សុពលភាព លើ NDC 3.0 ដែលគ្រោងនឹងរៀបចំនៅខែមិថុនា ឆ្នាំ២០២៥។
គូសបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់នេះមានរយៈពេលពីរថ្ងៃ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងបង្ហាញពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងវិធានការឆ្លើយតបតាមវិស័យរបស់ក្រសួង-ស្ថាប័ន ដែលបានដាក់នៅក្នុងឯកសារសេចក្តីព្រាង NDC 3.0 របស់កម្ពុជា។ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់បានស្នើសេចក្តីព្រាងវិធានការឆ្លើយតបចំនួន ១៦៨ សកម្មភាព សម្រាប់សេចក្តីព្រាង NDC 3.0 រួមមាន ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ចំនួន ៥៣សកម្មភាព ការបន្ស៊ាំនឹងការប្រែប្រួលអាកាស ចំនួន ៩៩សកម្មភាព និងវិស័យជំរុញ ចំនួន ១៦សកម្មភាព។ រាល់វិស័យដែលបានស្នើឡើង គឺមានការដាក់បញ្ចូលបរិយាប័ន្នសង្គម យេនឌ័រ សិទ្ធិមនុស្ស ក្រុមជនជាតិដើមភាគតិច ក្រុមងាយរងគ្រោះផ្សេងទៀត មានកុមារ យុវជន មនុស្សចាស់ និងការគិតគូរអំពីប្រភពធនធានហិរញ្ញវត្ថុដើម្បីអនុវត្ត។ ក្រសួងបរិស្ថានគ្រោងនឹងការដាក់ជូន NDC 3.0 ទៅលេខាធិការដ្ឋាន UNFCCC នាខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។