គិតចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី៧  ខែមិថុនា ២០២៤ លោកស្រី ជាតិ មារតី អនុប្រធានការិយាល័យសារពើភណ្ឌនិងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការចរចាប្រកបដោយប្រសិទ្ធភាព (English for Effective Negotiation) រយៈពេល០២សប្តាហ៍ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (Cambodia-Singapore Cooperation Centre) រាជធានីភ្នំពេញ។ 

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមមកពីតំណាង ព្រឹទ្ធសភា រដ្ឋសភា ក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមុខងារសាធារណៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបចំនួន ២៧រូប។

លទ្ធផលទទួលបានពីវគ្គបណ្តុះបណ្តាលមានដូចខាងក្រោម ៖

  • កិច្ចស្វាគមន៍លក្ខណៈការទូតចំពោះជនបរទេស ឬកិច្ចប្រជុំអន្តរជាតិ ពេលជួបលើកដំបូង
  • ភាសាកាយវិការ និងភាសាទំនាក់ទំនងផ្លូវការក្នុងកិច្ចចរចារជាមួយភាគីម្ខាងទៀត
  • អត្ថន័យនៃភាសាកាយវិការក្នុងអំឡុងពេលជជែកពិភាក្សា ឬកិច្ចចរចាផ្លូវការ ដែលគួរចៀសវាង
  • បង្កើនសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេស និងពាក្យគន្លឹះសម្រាប់ការចរចាប្រកបដោយប្រសិទ្ធភាព (ភាសាកាយវិការ គន្លឹះពាក្យអាជីវកម្ម វាក្យសព្ទអាជីវកម្មអាស៊ាន...)
  • មូលដ្ឋានគ្រឹះនៃជំនាញនិយាយជាសាធារណៈ (Public Speaking) និងការជជែកពិភាក្សាតស៊ូមតិ (Debate) គឺជាសសរគ្រឹះដ៏រឹងមាំមួយនៃកិច្ចចរចារប្រកបដោយប្រសិទ្ធភាព
  • កិច្ចចរចារសម្រេចបានជោគជ័យ មិនមែនអាចសម្រេចបានទាំងអស់នៅពេលជួបលើកទី១ គឺអាស្រ័យលើបរិបទនៃទំហំកិច្ចចរចា ហើយភាគីតំណាងត្រូវចរចាកុំនិយាយច្រើនពេកនាំឱ្យចាកប្រធាន ប៉ុន្តែត្រូវនិយាយចំណុចខ្លឹមសំខាន់ៗ ដឹងពីតម្រូវការចង់បានពីតំណាងស្ថាប័នរបស់យើង និងមានជំហររឹងមាំការពារលើអ្វីដែលយើងចង់បាន 
  • កិច្ចចរចាមិនសំដៅលើការប្រើភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញទេ តែជាមនុស្សមានចំណេះដឹងទូទៅទូលំទូលាយ ហ្មត់ចត់ ជឿជាក់ គំនិតច្នៃប្រឌិត ពូកែដោះស្រាយបញ្ហាបត់បែនតាមស្ថានភាពជាក់ស្តែង និងមានសមត្ថភាពជំនាញលើកិច្ចចរចា
  • ជំហាន តិចនិក វិធីសាស្ត្រ នៃកិច្ចចរចា ដើម្បីឈានទៅរកការដោះស្រាយបញ្ហា ភាពច្នៃប្រឌិត ទស្សនៈថ្មី និងការអភិវឌ្ឍទំនុកចិត្តរបស់យើងតាមរយៈការសន្ទនា ផ្អែកលើការជំរុញការអនុវត្តសេណារីយ៉ូសម្រាប់កិច្ចចរចា ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍សមត្ថភាពប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ និងសង្គម
  • ការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការចរចាប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះមន្ត្រីរាជការត្រូវស្វែងយល់ឱ្យបានច្បាស់អំពីវប្បធម៌បរទេស ឬភាសាកាយវិការឆ្គាំឆ្គងផ្សេងៗដែលអាចកើតឡើងអំឡុងពេលចរចាដែលនាំឱ្យបាត់បង់ផលប្រយោជន៍ជាតិ ប៉ុន្តែគួរដឹងពីតម្រូវការភាគីម្ចាងទៀត ហើយព្យាយាមដោះស្រាយដោយប្រើយុទ្ធសាស្ត្រឈ្នះ-ឈ្នះ។








  • Share on Social Media